ដោយៈ ជាសីហៈ/ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង ១ ១៣១ម៉ែត្រ សម្រេច បាន ៩៦,៤៩% នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ។
ស្ពាននេះមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្តកំពង់ចាម គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គដ៏ធំ ដែលមាន ប្រវែង ១ ១៣១ ម៉ែត្រ និងទទឹង ១៣,៥ ម៉ែត្រ និងផ្លូវតភ្ជាប់តាមបច្ចេកវិទ្យាផ្លូវហាយវ៉េ Class II ដែលមានចែងនៅក្នុងស្តង់ដាបច្ចេកទេសវិស្វកម្មផ្លូវ ហាយវ៉េ ចេញដោយក្រសួងដឹកជញ្ជូនចិន។
គម្រោងចំណាយសម្រាប់ការសាងសង់ស្ពាននេះ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន អនុវត្តគម្រោងសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd។
ស្ពាននេះ មានទីតាំងស្ថិតនៅចន្លោះស្ពានឆ្លងកាត់ទន្លេចំនួន ២ ដែលមានស្រាប់ ដែលភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ នៅពេលសាងសង់រួច វាអាចភ្ជាប់បណ្តាញផ្លូវ នៃច្រាំងទន្លេទាំង ២ និងកាត់បន្ថយចម្ងាយធ្វើដំណើរពីតំបន់កណ្តាល និងតំបន់ភាគខាងជើង ទៅតំបន់ភាគខាងកើតនៃប្រទេស កម្ពុជា។
ស្ពាននេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕