ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារ ជាមួយលោកស្រី កាមេអ៊ី ហារ៉ូកូ(KAMEI Haruko) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( JICA ) ថ្មីប្រចាំកម្ពុជា កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងជំនួបពិភាក្សា សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ដែលកន្លងមក បានជួយជ្រោមជ្រែង ដល់ដំណើរការស្វែងរកសន្តិភាព ការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ សូមអរគុណដែលបានជួយបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព ទាំងនៅក្នុងវិស័យនគរបាលជាតិ ក៏ដូចជា នៅក្នុងការបណ្តុះបណ្តាល មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលការជួយបណ្តុះបណ្តាលនេះ គឺជាការរួមចំណែកមួយ យ៉ាងសំខាន់ ដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ នៅកម្ពុជា។
សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយប្រធានJICA ថ្មីប្រចាំកម្ពុជា
សម្តេចក្រឡាហោម ជឿជាក់ថាៈ នៅក្នុងអាណត្តិបេសកកម្ម របស់លោកស្រី KAMEI Haruko ប្រធានអង្គការ JICA ថ្មីប្រចាំកម្ពុជា និងបន្តលើកកម្ពស់ ដល់ទំនាក់ទំនង រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជា រវាងក្រសួងមហាផ្ទៃ និង JICA ផងដែរ។
ជាការឆ្លើយតប លោកស្រី KAMEI Haruko ប្រធានអង្គការ JICA បានឯកភាព ចំពោះការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង គឺ JICA និងក្រសួងមហាផ្ទៃ ពិតជាមានកិច្ចសហប្រតិបត្តិការ ល្អជាមួយគ្នា ក្នុងនោះ JICA បានជួយគាំទ្រ ដល់ដំណើរការ កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ នៅកម្ពុជា តាមរយៈការជួយកសាងធនធានមនុស្ស។ បច្ចុប្បន្ននេះ ខាង JICA កំពុងសហការជាមួយ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល មន្ត្រីថ្នាក់ក្រោមជាតិ និងមន្ត្រីក្រសួងមហាផ្ទៃ៕/V/សរន
សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយប្រធានអង្គការ JICA ថ្មីប្រចាំកម្ពុជា
សម្តេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារ ជាមួយប្រធានអង្គការ JICA ថ្មីប្រចាំកម្ពុជា