ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារទី១៦កុម្ភៈបាននិយាយថាខ្លួនគ្មានជំរើសណាក្រៅពីដណ្តើមអំណាចដោយសារតែពួកមេដឹកនាំស៊ីវិលមិនបានដោះស្រាយការចោទប្រកាន់ស្តីពីការលួចបន្លំសន្លឹកឆ្នោត ដូច្នេះវា«មិនមែនជារដ្ឋប្រហារ»ទេ និងបានធានាថា យោធានឹងរៀបចំការបោះឆ្នោតមួយហើយនឹងប្រគល់អំណាចទៅអោយអ្នកឈ្នះ។
តាមរយៈអ្នកនាំពាក្យ យោធាមីយ៉ាន់ម៉ាក៏បានថ្កោលទោសពួកអ្នកប្រឆាំងតវ៉ាចំពោះការញុះញង់អោយមានអំពើហិង្សានិងបំភិតបំភ័យអ្នករដ្ឋការស៊ីវិល។
យោធាមីយ៉ាន់ម៉ាបានព្យាយាមអះអាងថាវាជាការស្របច្បាប់ដែលខ្លួនដណ្តើមអំណាចនិងចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាល អ៊ុង សាន ស៊ូជី និងអ្នកដទៃទៀតនៅពេលអ្នកប្រឆាំងតវ៉ាជាថ្មីទៀតបាននាំគ្នាចេញមកតាមដងវិថី និងតំណាងអង្គការសហប្រជាជាតិបានព្រមានយោធាប្រទេសនេះអំពី«ផលវិបាកធ្ងន់ធ្ងរ» ចំពោះចម្លើយតបដ៏ខ្លាំងណាមួយលើបាតុករ។
អ្នកនាំពាក្យយោធាឧត្តមសេនីយ៍ ហ្សរ មីន ទុន បានប្រាប់សន្និសីទកាសែតថា « គោលដៅរបស់យើង គឺរៀបចំការបោះឆ្នោតមួយ និងប្រគល់អំណាចទៅអោយគណបក្សដែលឈ្នះឆ្នោត។យើងធានាថា…នឹងមានការបោះឆ្នោត»។
ទោះជាយ៉ាងណា យោធាមិនបានបញ្ជាក់ប្រាប់អំពីកាលបរិច្ឆេទនេះទេ គ្រាន់តែថា ខ្លួននឹងគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នមួយឆ្នាំ។
នៅពេលត្រូវបានសួរអំពីការឃុំខ្លួនលោកស្រី ស៊ូជី និងប្រធានាធិបតី អ្នកនាំពាក្យបាននិយាយថាយោធានឹងធ្វើតាមរដ្ឋធម្មនុញ្ញ។
ក្នុងពេលជាមួយគ្នា មានសេចក្តីរាយការណ៍ថា សេវារថភ្លើងរវាងក្រុងយ៉ាងហ្គោន និងទីក្រុងម៉រឡាំយីនត្រូវបានរារាំងរំខានដោយអ្នកប្រឆាំងតវ៉ា។អ្នកប្រឆាំងតវ៉ាក៏បានចេញមកនៅតាមទីក្រុងនិងទីប្រជុំជននៅទូទាំងប្រទេសដែលមានក្រុមជនជាតិចំរុះនេះ ហើយកូដកម្មក៏កំពុងធ្វើអោយគាំងដំណើរការរដ្ឋាភិបាល។
លោកសង្ឃប្រមាណ៣០អង្គបានចេញមកប្រឆាំងនឹងរដ្ឋប្រហារនៅក្រុងយ៉ាងហ្គោន នៅពេលអ្នកប្រឆាំងតវ៉ារាប់រយនាក់ដើរដង្ហែកាត់ទីប្រជុំជន ថាន់វ៉េ៕
អ្នកប្រឆាំងតវ៉ាបិទផ្លូវរថភ្លងរវាងក្រុងយ៉ាងហ្គោននិងទីក្រុង ម៉រឡាំយីន នៅពេលបុគ្គលិករថភ្លើងចូលរួមបាតុកម្ម