ដោយៈ សរិទ្ធ / ភ្នំពេញៈ អតីតសមាជិក អតីតគណបក្សសង្គ្រោះជាតិ ២ នាក់ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបាននាំខ្លួន មកកាត់ទោស នៅសាលាដំបូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពាក់ព័ន្ធនឹងបទល្មើស ប្រមាថព្រះមហាក្សត្រ។ សវនាការមានលោក កុល កំពូល ជាចៅក្រមជំនុំជម្រះ និងលោក សម ឬទ្ធីវាសនា តំណាងអយ្យការ។
ជនជាប់ចោទទាំង ២ នាក់ ដែលតុលាការ កាត់ទោសមានឈ្មោះ គង់ ប៊ុនហ៊ាង ភេទប្រុស អាយុ ៦៧ ឆ្នាំ ជាអតីតយោធិនចូលនិវត្តន៍ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង និងឈ្មោះ ហង្ស សេង អាយុ ៧០ ឆ្នាំ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ។
តុលាការ បានចោទប្រកាន់បុរសវ័យចំណាស់ ទាំង២នាក់ ពីបទ « ប្រមាថព្រះមហាក្សត្រ» តាមបញ្ញតិមាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។
ក្នុងសវនាការ ជនជាប់ចោទទាំង ២នាក់ គឺ១.ឈ្មោះ គង់ ប៊ុនហ៊ាង និង២.ឈ្មោះ ហង្ស សេង បានសារភាពថាៈ ពួកគាត់ ពិតជាបានទូរស័ព្ទនិយាយគ្នា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ដោយមានខ្លឹមសារប្រមាថ ដល់អង្គព្រះមហាក្សត្រ ពិតមែន ពោលគឺ ការប្រមាថ ដោយពាក្យអសុរោះ អគតិ អាក្រក់ស្ដាប់ជាច្រើន ដែលមានរយៈពេល នៃការសន្ទនា ប្រមាណជា ១០ នាទីឯណោះ។ ឈ្មោះគង់ ប៊ុនហ៊ាង និងឈ្មោះ ហង្ស សេង បានទទួលស្គាល់ថា ពាក្យជេរប្រមាថអស់នោះ គឺចេញមកពីមាត់របស់ពួកគាត់ ពិតៗ ដោយសារតែផឹកគ្រឿងស្រវឹង ។
តំណាងអយ្យការ បានចាត់ទុកការប្រមាថនោះ មានភាពធ្ងន់ធ្ងរ មិនអាចអត់ឱនឱ្យបាន និងស្នើឱ្យចៅក្រមផ្ដន្ទាទោស តាមច្បាប់ ។
រឿងក្ដីនេះ តុលាការ បានកំណត់យកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២ រសៀល ដើម្បីប្រកាសសាលក្រម៕/V