ដោយៈ បូកគោ / កំពតៈ មន្ត្រីសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត បាននិងកំពុងបង្កើនការរឹតបន្តឹង លើដំណើរឆ្លងកាត់ ព្រមទាំងត្រួតពិនិត្យ ការដោះដូរទំនិញ គ្រប់ប្រភេទ។ នេះជាកិច្ចឆ្លើយតប ទៅនឹងបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបណ្តាខេត្តជាប់ព្រំដែន ដែលត្រូវការពារ ឱ្យបាននូវការលួចឆ្លងដែន ខុសច្បាប់ ខណៈប្រទេសជិតខាង ពិសេសប្រទេសវៀតណាម កាន់តែមានការរីករាលដាល និងលេចឡើង នូវការបំប្លែងខ្លួនថ្មី នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
លោក ង៉ែត សាវឿន ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក បានប្រាប់ឱ្យដឹង កាលពីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ថាៈ ច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក មានច្រកធំមួយ និងច្រករបៀង ចំនួនបី។ បច្ចុប្បន្ន ច្រកទាំងនេះ កំពុងបើកដំណើរការ តែច្រកធំមួយប៉ុណ្ណោះ ដើម្បីផ្ទេរទំនិញ នៅត្រង់ចំណុចតំបន់ ស ដោយចាប់ផ្តើមបើកដំណើរការ ដោះដូរទំនិញ ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច។ ក្នុងនោះ ទំនិញនាំចូលពីវៀតណាម ច្រើនជាងទំនិញ នាំចេញពីកម្ពុជា ដែលក្នុងដំណាក់កាលកូវីដ១៩នេះ ទំនិញភាគច្រើន ជាផលិតផលកសិកម្ម និងអីវ៉ាន់ចាបហួយ។
លោកប្រធាន បានបញ្ជាក់ថាៈ យានយន្តដឹកទំនិញគ្រប់ប្រភេទ និងទំនិញសព្វសារពើ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ ពេលចូល និងចេញមកវិញ។ ដោយឡែក អ្នកបើកបររថយន្ត និងកម្មករ លើកដាក់អីវ៉ាន់ ក៏ត្រូវបានត្រួតពិនិត្យសុខភាព ព្រមទាំងស្កេនកម្ដៅ យ៉ាងប្រយ័ត្នប្រយែងបំផុត។
លោក ង៉ែត សាវឿន បានបន្តថាៈ ដើម្បីបង្ការករណីលួចឆ្លងដែនខុសច្បាប់ តាមច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក លោកបានដាក់ចេញនូវ សេចក្តីណែនាំដល់ មន្ត្រីឈរជើងប្រចាំការ ត្រូវអនុវត្តតាមបទបញ្ជា របស់សម្តេចតេជោ ឱ្យបានដាច់ខាត។ ក្នុងករណីមានការអនុញ្ញាត ឱ្យពលរដ្ឋទាំងសងខាង ចេញចូល ដោយខុសច្បាប់នោះ នឹងត្រូវទទួលទោស ឬការពិន័យរបស់ មន្ត្រីជំនាញចត្តាឡីស័ក មិនអាចលើកលែងឡើយ។
លោក បានបញ្ជាក់ទៀតថាៈ បញ្ហាទាំងនេះ ត្រូវបានលោកអភិបាលខេត្តកំពត ដាស់តឿនជាញឹកញយ និងដាក់ផែនការរឹតបន្តឹង ទាំងលើការអនុវត្តការងារ របស់មន្ត្រី ក៏ដូចជា ការងារត្រួតពិនិត្យទូទៅ តាមច្រកទ្វារ ដើម្បីធានាដល់ការបង្ការ ទប់ស្កាត់ រាល់បទល្មើសឆ្លងដែនផ្សេងៗ៕/V