Home ព័ត៌មានសំខាន់ៗ រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេសលើ​មុខទំនិញ​រថយន្ត​មួយចំនួន

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​សម្រេច​កែសម្រួល​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​រថយន្ត​មួយ ចំនួន​។​នេះ​បើ​យោងតាម​អនុក្រឹត្យ​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២១​ដែល​ចុះហត្ថលេខា​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​បណ្តាញសារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​យោងតាម​អនុក្រឹត្យ គឺ​ការបញ្ចុះ​អត្រា​អាករ​ពិសេសទៅតាម​ប្រភេទ​រថយន្ត​ដូចខាងក្រោម​៖

* រថយន្ត​គ្រួសារ​៖ បញ្ចុះ​អត្រា​អាករ​ពិសេស ១០​ពិន្ទុ​ភាគរយ ចំពោះ​រថយន្ត​ទំហំ​ស៊ីឡាំង​មិន​លើសពី ៣០០០cc (​ពី​៣០% មក​២០% និង​ពី​៦០%​មក ៥០%) ព្រមទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស ១៥​ពិន្ទុ​ភាគរយ ចំ​ប្រភេទ​ទំហំ​ស៊ីឡាំង​លើសពី ៣០០០cc (​ពី​៦៥% មក ៥០% និង​ពី​៧០% មក ៥៥%)

* រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ (​រថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​អ្នកដំណើរ​)៖ បញ្ចុះ​អត្រា​អាករ​ពិសេស ២០​ពិន្ទុ​ភាគរយ (​ពី​៣០%​មក​១០%) ដើម្បី​កាត់បន្ថយ​ចំណាយ និង​ជួយ​ការពារ​បរិស្ថាន​ផងដែរ​។​

* រថយន្ត​ដឹកទំនិញ​៖ បញ្ចុះ​អត្រា​អាការ​ពិសេស​១៥​ពិន្ទុ​ភាគរយ (​ពី​៤០%​មក ២៥%) ចំពោះ​រថយន្ត​សណ្តោង​សឺ​មី​រ៉ឺម៉ក ព្រមទាំង​បញ្ចុះ​អត្រា​អាករ​ពិសេស​១០​ពិន្ទុ​ភាគរយ (​ពី​៤០%​មក​៣០%) ចំពោះ​រថយន្ត​ដឹកទំនិញ​ប្រភេទ​ដែលមាន​ទម្ងន់​សរុប (​ទម្រ​ង​រថយន្ត និង​ទម្ងន់​ផ្ទុក​) លើសពី​៥​តោន​។ ការបញ្ចុះ​តម្លៃ​អត្រា​អាករ​ពិសេស​លើ​រថយន្ត​ដឹកទំនិញ​នេះ នឹង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ចំណាយ​ឡូ​ជី​ស្ទីក​។​

* រថយន្ត​បែន រថយន្តស្ទូច និង​រថយន្ត​ឯកទេស​ផ្សេង​៖ បញ្ចុះ​អត្រា​អាករ​ពិសេស ១០​ពិន្ទុ​ភាគរយ (​ពី​៤០% មក​៣០%) ដើម្បី​ជួយ​ដល់​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ឡូ​ជី​ស្ទីក​។​

​គួរ​បញ្ជាក់ថា​យោងតាម​លិខិត​របស់លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើថា ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​នេះ ដើម្បី​បន្ធូរ​បន្ថយពន្ធ​លើក​រថយន្ត​ក្នុង​គោលដៅ​ស្តារ​ទីផ្សារ កាត់បន្ថយ​ថ្លៃ​ឡូ​ជី​ស្ទីក និង​ការការពារ​បរិស្ថាន​ផង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា យោងតាម​ទិន្នន័យ​ស្ថិតិ​នាំចូល​ឆ្នាំ​២០២០ និង​សន្មត​ថា​បរិមាណ​រថយន្ត​នាំចូល​មិន​ប្រែប្រួល ការបញ្ចុះ​តម្លៃ​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​រថយន្ត​នេះ ចំណូល​គយ​អាច​បាត់បង់​ប្រមាណ ៣០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច​រំពឹងថា ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​នេះ​អាច​នឹង​ទាក់ទាញ​តម្រូវការ​ប្រើប្រាស់​រថយន្ត កើនឡើង​លើស​ឆ្នាំ​២០២០ ដែល​នាំ​ឲ្យ​ចំណូល​ពន្ធអាករ​កើនឡើង​បំពេញ​នូវ​ការបាត់បង់​នេះ​វិញ​។​

​សូមបញ្ជាក់ថា ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមីនា​តទៅ​។​
​គួរ​កត់សម្គាល់ថា ឆ្នាំ​២០២០​កន្លងទៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ប្រមូល​ចំណូល​បាន ២៤១៩,៦​លាន​ដុល្លារ គឺ​ធ្លាក់ចុះ​៣៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​ក្នុងនោះ​មុខទំនិញ​រថយន្ត​ដែលជា​ប្រភព​ចំណូល​គយ​ដ៏​សំខាន់ បាន​ថយចុះ​ប្រមាណ​៤០​ភាគរយ​៕srn

ដោយសារការរីកចម្រើននៃជីវភាពគ្រួសារនិងប្រទេសមានការអភិវឌ្ឍ ប្រជាជនកម្ពុជាកាន់តែមានលទ្ធភាពក្នុងការទិញនិងប្រើប្រាស់មធ្យោបាយធ្វើដំណើរកាន់តែប្រណិត(រូបថតឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleយ៉ាងហោច​ណាស់​អ្នកដំណើរ​៣៧​នាក់​បាន​ស្លាប់ នៅ​ពេល​រថយន្ត​ក្រុង​មួយ​ធ្លាក់​ចូលក្នុង​ប្រឡាយ​ទឹក​មួយ​នៅ​រដ្ឋ​ម៉ា​តយ៉ា ប្រា​ដេស ​។​​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅពេល​រថយន្តក្រុង ដែល​ដឹក​អ្នកដំណើរ​ជាង​៥០​នាក់ បើ​កវេ​ចេញពី​ផ្លូវ​និង​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នៅ​ក្បែរ​ភូមិ សាត​ណា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​មនុស្ស​៧​នាក់​រួម​មាន​អ្នក​បើក​​រថយន្ត​បាន​ហែល​ទឹក​មក​កាន់​មាត់​ប្រឡាយ​និង​នៅ​មាន​ជីវិត​។​
Next articleរាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​សម្រេច​កែសម្រួល​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​រថយន្ត​មួយ ចំនួន​។​នេះ​បើ​យោងតាម​អនុក្រឹត្យ​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២១​ដែល​ចុះហត្ថលេខា​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕
- Advertisment -

Most Popular