Home ព័ត៌មានសំខាន់ៗ តុលាការ​បង្គា...

តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​អតីត​អធិការនគរបាល​ដែល​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ក្នុងពេល​កំពុង​បន្តឹង​បង្ការ​កូ​វីដ​១៩

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ រឿង​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក គឹម ពន្លក អតីត​អធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នេះ គឺ​ចេញ​ដោយ​លោក ឃី ឆៃ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​នៅក្នុង​ដីកា គឺ​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ពន្លក​ទៅ​ពន្ធនាគារ ខេត្តបាត់ដំបង ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ថា ទាក់ទង​ករណី​អធិការនគរបាល​ស្រុក​កំរៀង ដែល​បាន​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​គឺ​សមត្ថកិច្ច កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ​។ ការបញ្ជាក់​នេះ​នៅក្រៅ​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​ចំនួន ១៩​ខេត្ត នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​ជាមួយគ្នានេះ​សម្តេច​ក្រឡាហោម​សខេង​បាន​ប្រាប់​ទៅ​ស្នងការ​នគរបាល​រាជធានី​ខេត្ត​រួមទាំង​មន្ត្រីនគរបាល​ដែល​ពាក់ព័ន្ធ​ត្រូវ​មើល​គំរូ​អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្លង​ដែន​ខុសច្បាប់ ត្រូវបាន​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា បទពិសោធន៍​អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង គឺជា​បទពិសោធន៍​មួយ​ធ្វើការ​រំលោភ វិជ្ជាជីវៈ រំលោភ​លើ​ឋានានុក្រម ដោយ​មិន​ខ្ចី​រាយការណ៍​ឲ្យ​ថ្នាក់លើ​បានដឹង គឺ​ខុស នេះ​ជា​បទពិសោធន៍​ដែល​ត្រូវ​សិក្សា​រៀនសូត្រ ហើយក៏​ដូចជា​កញ្ចក់​ស​ម្រា​ប់​យើងទាំងអស់គ្នា​ផងដែរ​។ សម្តេច​ក្រឡាហោម​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​បទពិសោធន៍​អធិការ ស្រុក​កំរៀង ជា​បទពិសោធន៍​មួយ យើង​ឃើញថា គាត់​ធ្វើ​ការរំលោភ​វិជ្ជាជីវៈ រំលោភ​លើ​ឋានានុក្រម​ដោយ​គាត់​មិន​ខ្ចី​រាយការណ៍​ឲ្យ អ្នកណា​ទេ​។ គាត់​សប្បាយខ្លួន​គាត់​។ អាហ្នឹង​ខុស​។​ជា​បទពិសោធន៍​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវ​សិក្សា​រៀនសូត្រ ហើយក៏​ដូចជា​កញ្ចក់​ស​ម្រា​ប់​យើងទាំងអស់គ្នា​ទេ​”​។​

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ បានចេញ​អនុក្រឹត្យ ដក​ឋានន្តរស័ក្តិ និង​បណ្តេញចេញ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា ចំពោះ​វរសេនីយ៍ឯក​គឹម​ពន្លក​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី នគរបាលជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​។​

​ទាក់ទង​ករណី​ដដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ក្រៅពី​បក​ស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​បាន​បញ្ជា​ឲ្យ អភិបាលខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​បន្ត​ចាត់ការ​អនុវត្ត​តាមផ្លូវ​ច្បាប់​ទៀត ដើម្បី​ផ្តន្ទាទោស​ជន​ពុករលួយ​រូបនេះ ដាក់ពន្ធនាគារ​ឲ្យ​ខាន​តែ​បាន ដើម្បី​ជាការ​ព្រមាន​ដល់​ជន​ទាំងឡាយ​ផ្សេងទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ស្រាវជ្រាវ​ជាបន្ទាន់​រឿង​មន្ត្រីប៉ូលិស​នៅ​ច្រក​ឡែ​ម​ដែល​ចាប់បាន មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ដែល​មេខ្យល់​នោះ​ត្រូវបាន​ទាហាន​ចាប់ខ្លួន​បានប្រគល់​ឲ្យ​ខាង​ប៉ូលិស ហើយ​ខាង​ប៉ូលិស​ជា​អ្នក​ដោះលែង​មេខ្យល់​នោះ ដោយ​មិន​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត​ច្បាប់​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular