ដោយៈ សុផល / ភ្នំពេញៈ ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថាៈ ក្រសួងកំពុងរៀបចំ ប្រព័ន្ធអាយធី ( IT = ប្រព័ន្ធព័ត៌មានវិទ្យា) មួយថ្មីទៀត ក្នុងការចាប់យករូបភាព យានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ មានកម្មវិធីស្កែន ( Scan ) លើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុ ទៅតាមស្ថាននៃបទល្មើស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងថាៈ ក្រុមការងារបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជំរុញការងារ រៀបចំប្រព័ន្ធនេះ ឱ្យបានចប់នៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដើម្បីយកទៅធ្វើបទបង្ហាញ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រី បានពន្យល់ពីទិដ្ឋភាពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថាៈ ៥ ឆ្នាំក្រោយ ពីច្បាប់ចូលជាធរមាន គឺនឹងមានការកាត់ពិន្ទុ លើបណ្ណបើកបរ ចំពោះអ្នកបើកបរ យានយន្តខុសច្បាប់ ដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរល្មើសភ្លើងសញ្ញា បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ជាដើម ហើយបើកាលណា ដកពិន្ទុអស់ហើយ គឺអ្នកបើកបរនោះ មិនត្រូវបានអនុញ្ញាត ឱ្យបើកបរទៀតនោះទេ ដោយត្រូវព្យួរទុក រយៈពេល ៦ ខែ ឬអាចដល់ ១ ឆ្នាំ ទៅតាមច្បាប់កំណត់។
ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ឱ្យគ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុប ១២ ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយ ទៅតាមស្ថាននៃការប្រព្រឹត្ត បទល្មើសចរាចរណ៍ ចាប់ពី ១ ពិន្ទុ ដល់ ៦ ពិន្ទុ ក្នុងករណីប្រព្រឹត្តបទល្មើសម្តង។ ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរ ត្រូវទុកជាមោឃៈ ហើយបើអ្នកបើកបរ ចង់បានបណ្ណបើកបរថ្មី ត្រូវរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៦ ខែ គិតចាប់ពីថ្ងៃ ដែលបណ្ណបើកបរ ត្រូវទុកជាមោឃៈ។
សូមជម្រាបថាៈ នៅឆ្នាំ២០២០ នេះ ប័ណ្ណបើកបរ សម្រាប់រថយន្ត ចំនួន ២០១.០១៤ បានត្រូវផ្តល់ជូន អ្នកបើកបរ និងប័ណ្ណបើកបរ សម្រាប់ម៉ូតូ ចំនួន ៤១.២៨៨៕/V