ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាល បានបំបែកសំណុំរឿង ហើយបញ្ជូនទៅតុលាការ នូវខ្លួនស្ត្រីមេខ្យល់ម្នាក់ ដែលនាំមនុស្សឆ្លងដែន ខុសច្បាប់ ដោយគេចវេះ មិនព្រមនាំមកមណ្ឌលចត្តាឡីស័ក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាៈ មេខ្យល់នោះ មានឈ្មោះ ខន សុឃឿត ភេទស្រី អាយុ ៣៦ ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោក លេខ៩១១ ចុះល្បាតតាមបន្ទាត់ព្រំដែន ឃាត់ខ្លួន នៅវេលាម៉ោង ៤ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចភូមិសាស្ត្រ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺខណៈពេលដែលស្ត្រីនោះ កំពុងនាំមនុស្ស (ពលករខ្មែរ) ឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងខុសច្បាប់ ហើយគេចពីការធ្វើចត្តាឡីស័ក ។ នគរបាលព្រំដែន បានប្រគល់ស្ត្រីនោះ ឱ្យនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនបានលួចនាំមនុស្សចេញ ចូល ឆ្លងដែនចំនួន ៥ លើករួចមកហើយ ចាប់ពីខែមករា ឆ្នាំ២០២១ មក គឺខ្លួនបានជូនគេ ទៅធ្វើការងារ ដកដំឡូង និងកាប់អំពៅ ក្នុងរយៈពេល ១អាទិត្យ ទើបវិលមកខ្មែរវិញ ដោយយកថ្លៃឈ្នួល ពីពលករ ក្នុង ២នាក់ តម្លៃ ៣០០ បាតប៉ុណ្ណោះ។
នៅឯការិយាល័យ នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ យេនឌ័រ និងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថាៈ ដោយផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធី។/V