Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្តេជ្ញា​ប្រែ...

ប្តេជ្ញា​ប្រែក្លាយ​ទីប្រជុំជន ស្រុក​ស្ទឹងត្រង់ ជា​តំបន់​ក​សិ​-​ទេសចរណ៍​

​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧកញ៉ា ហេង ឡុង ប្រធាន​ក្រុមហ៊ុន ចម្ការកៅស៊ូ​បឹងកេត បាន​ប្តេជ្ញា​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ទីប្រជុំជន ស្រុក​ស្ទឹងត្រង់ ឱ្យ​ក្លាយជា​តំបន់​ក​សិ​-​ទេសចរណ៍ នាពេល​ឆាប់ៗ ខាងមុខនេះ​។​

​នេះ​ជាការ​ប្រកាស​ឱ្យដឹង ជា​សាធារណៈ របស់​អភិបាលខេត្ត​កំពង់ចាម​រូបនេះ និង​សហការី ព្រមទាំង​ម្ចាស់ជំនួយ​សមាគម​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ របស់​ពួក​បរិសុទ្ធ ថ្ងៃ​ចុងក្រោយ ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលរួម សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ សមិទ្ធផល​នានា ក្នុង​មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ដែលមាន​តម្លៃ​សរុប​ជាង ៣០ ម៉ឺន​ដុល្លារ​អាមេរិក នា​ព្រឹក​ថ្ងៃទី ១៦ ខែកុម្ភ​: ឆ្នាំ​២០២១​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បានលើកឡើង​ថាៈ ដោយ​យើង​មាន​កត្តា អំណោយផល​ច្រើន ទីតាំង​ភូមិសាស្ត្រ កត្តា​វិទ្យាសាស្ត្រ ភូមិសាស្ត្រ​។ ពិសេស សមិទ្ធផល ដ៏​ថ្មីស្រឡាង គឺ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ មានតម្លៃ​មហាសាល ដែលជា​ចំណងដៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ទីនេះ ជា​ប្រភេទ​ដី សម្បូរ​ជីជាតិ មាន​លក្ខណ​:​អំណោយផល ដល់​ដំណាំ​ហូប​ផ្លែ ទទួលបាន​ទិន្នផល​ខ្ពស់ មានគុណ​ភាព និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថាៈ ជាពិសេស​យើង​មាន​ប្រភពទឹក មិនចេះ​រីងស្ងួត គឺ​ទន្លេមេគង្គ សម្រាប់​ស្រោចស្រព​ដំណាំ បាន​គ្រប់​រដូវ​កាល​។ ម្យ៉ាងវិញទៀត ដោយ​គួបផ្សំ​តាម​កត្តា​វិទ្យាសាស្ត្រ ល្បី​ថា​ប្រជាពលរដ្ឋ​យើង នៅ​តំបន់​នេះ ជា​មនុស្ស​មាន​សក្តានុពល មាន​ធនធាន មាន​កម្លាំង ប្រកបដោយ​បញ្ញា​ឈ្លាសវៃ និង​មាន​ភាព​ឧស្សាហ៍ ព្យាយាម​។​

​លោក​បាន​បន្ថែមថាៈ ឥឡូវ​យើង​មាន​ដៃគូ​នៅទីនេះ​ស្រាប់ គឺ​លោក​ឧកញ៉ា ហេង ឡុង ជា​ប្រធាន​ក្រុមហ៊ុន ចម្ការកៅស៊ូ​បឹងកេត បានឱ្យ​លោក ( អ៊ុន ចាន់​ដា ) ប្រកាស​គម្រោង​សាងសង់ រង្វង់​មូល​ដ៏​ស្រស់ស្អាត សម្រាប់​ដាក់តាំង​ជា​ស្តង់​លក់​ផ្លែឈើ តាម​រដូវ​កាល បម្រើ​ដល់​អតិថិជន ជា​ភ្ញៀវទេសចរ និង​ធានា​ផលិត ដំណាំ​ហូប​ផ្លែ ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ចំពោះ​សុខភាព ដែល​បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ មាន​កម្មករ កម្មការិនី ជា​អ្នក​ផលិត​ដំណាំ​ហូប​ផ្លែ ប្រមាណ​ជិត ៧.០០០ នាក់​។​

​លោក​បាន​បន្តថាៈ ដូច្នេះ​សក្តានុពល ខាងលើ​របស់​យើង​ប៉ុន​នេះ គឺ​ល្មម​គ្រប់គ្រាន់ ដែល​អាចឱ្យ​ប្រែក្លាយ​តំបន់​របស់​យើង ស្រុក​ស្ទឹង​ត្រង់នេះ ទៅជា​តំបន់ ក​សិ​-​ទេសចរណ៍ តាមរយ​: ការលើកកម្ពស់ ពី​គ្រប់ភាគី​ដៃគូ​អភិវឌ្ឍន៍ ដែល​អាច​នឹង​លេចចេញ ជា​រូបរាង ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular