Home ព័ត៌មានសំខាន់ៗ ប្រធាន​ភ្នាក់...

ប្រធាន​ភ្នាក់ងារ​ចៃ​កា កោតសរសើរ​កម្ពុជា​ដែល​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី កា​មេ​អ៊ី ហា​រ៉ូ​កូ​(KAMEI Haruko) ប្រធាន​ភ្នាក់ងារ​ចៃ​កា​(JICA) ថ្មី​ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​ដ៏​ខ្លាំងក្លា និង​រឹងមាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់​គ្រប​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​បានល្អ​ប្រសើរ​។ ការ​ស្ញើ​ច​សរសើរ​នេះ​បាន​កើតឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

រូបថតៈលោកស្រី កា​មេ​អ៊ី ហា​រ៉ូ​កូ​ប្រធាន​ភ្នាក់ងារ​ចៃ​កា ថ្មី​ប្រចាំ​កម្ពុជា​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​

ក្នុងជំនួប​នេះ​លោកស្រី​ប្រធាន​ភ្នាក់ងារ​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ​ដែល​បាន​ជួយ​សម្របសម្រួល​ដល់​ដំណើរ​ចូល​ប្រទេស​របស់​បុគ្គលិក​ចៃ​កា​បានមក​បំពេញការងារ​នៅ​កម្ពុជា​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩​។​លោកស្រី​បន្តថា ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​នេះ ក៏​ជា​លទ្ធផល​មួយ​នៃ​ដំណើរការ​ល្អប្រសើរ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​នៅ​កម្ពុជា​ផងដែរ​។ ពីព្រោះថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ទេរ​ប្រគល់​សមត្ថកិច្ច​ដល់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ហើយ​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​។​

​ចំណែក សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​តប​ថា​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល ជប៉ុន​ដែល​កន្លងមក​បាន​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ក​ការស្វែងរក​សន្តិភាព ការស្តារ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ក្នុងនាម​ក្រសួងមហាផ្ទៃ​សូម​អរគុណ​ដែល​បាន​ជួយ​បណ្តុះបណ្តាល​លើកកម្ពស់​សមត្ថភាព​ទាំង​នៅក្នុង​វិស័យ​នគរបាលជាតិ ក៏ដូចជា​នៅក្នុង​ការបណ្តុះបណ្តាល​ម​ន្ត្រី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ការជួយ​បណ្តុះបណ្តាល​នេះ គឺជា​ការរួមចំណែក​មួ​យ​យ៉ាងសំខាន់​ដល់​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​នៅ​កម្ពុជា​។​

សម្តេច​ក្រឡាហោម​ជឿជាក់ថា នៅក្នុង​អាណត្តិ​បេសកកម្ម​របស់លោក​ស្រី KAMEI Haruko ប្រធាន​ចៃ​កា ថ្មី​ប្រចាំ​កម្ពុជា និង​បន្ត​លើកកម្ពស់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល នៃ​ប្រទេស​ទ​ទាំងពីរ ក៏ដូចជា​រវាង​ក្រសួងមហាផ្ទៃ​និង​ចៃ​កា ផងដែរ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular