ដោយៈ ប.ជ / ភ្នំពេញៈ គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឬគេស្គាល់ថា គយចល័តក្រសួងតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ ទម្លាយពីការចាប់រថយន្ត ស៊េរីទំនើប ជាច្រើនគ្រឿង ដែលអត់ពន្ធ និងអត់ឯកសារ។ ពោលគឺខណៈពេលថ្នាក់លើ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាឱ្យមន្ត្រីអធិការកិច្ចក្រសួង និងគយនៃអគ្គនាយកដ្ឋាន ចុះស្រាវជ្រាវ។ចំណែកក្រសួងការពារជាតិ បានចាត់តាំងឱ្យក្រុមអធិការកិច្ច ក្រសួងការពារជាតិ និងអគ្គនាយក សម្ភារៈបច្ចេកទេស ចុះទៅស៊ើបអង្កេត ស្រាវជ្រាវរកការពិត ក្នុងបេសកកម្ម ចាប់ពីរសៀលថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ពាក់ព័ន្ធនឹងករណី មន្ត្រីយោធាម្នាក់ នៃកងការពារព្រំដែន លេខ៥០៣ ចង ក សម្លាប់ខ្លួន ដែលគេដាក់ការសង្ស័យថា បានបាក់ទឹកចិត្តនឹងមន្ត្រីគយ និងលោក ឈួន សុភា ប្រធានមេគយចល័ត ក្រសួងតំបន់៥ ចាប់ឡាន កន្លងមក ។
មន្ត្រីគយ និងរដ្ឋាករ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ថាៈ ដោយមានការណែនាំ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការដាក់ផែនការ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីប្រមូលពន្ធ ជូនរដ្ឋនោះ ក្រុមស្រាវជ្រាវ បង្ក្រាបអំពើរត់ពន្ធ បានខិតខំយកចិត្តទុកដាក់ អនុវត្តការងារជំនាញ ប្រមូលពន្ធជូនរដ្ឋ ជាភារកិច្ចយ៉ាងសំខាន់ ត្រូវអនុវត្តអោយបាន ក្នុងនោះ ឃាត់ចាប់រថយន្ត គ្មានពន្ធ និងគ្មានឯកសារ យកមករក្សាទុក នៅស្នាក់ការ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រឿង ដើម្បីអនុវត្តតាមច្បាប់។
មន្ត្រីគយ និងរដ្ឋាករ បានបញ្ជាក់ថាៈ រថយន្តដែលត្រូវបានមន្ត្រីជំនាញ ឃាត់និងអនុវត្តន៍តាមច្បាប់នោះ គឺមានរថយន្តចង្កូតឆ្វេង និងរថយន្តបង្កូតស្តាំ ដែលជាប្រភេទរថយន្ត ស៊េរីទំនើប ដែលគ្មានពន្ធ និងឯកសារត្រឹមត្រូវ ហើយបានលួចពាក់ស្លាកលេខក្លែងបន្លំ។ ប្រភពបានបន្តថាៈ ភាគច្រើន ត្រូវបានបង្ក្រាបពីឈ្មួញ ដែលរកស៊ីលក់ដូរខុសច្បាប់ និងពីក្រុមមនុស្សផ្សេងទៀត ។
សូមរំលឹកថាៈ លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរង ទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ បានអោយដឹងថាៈ កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គេប្រទះឃើញបុរសម្នាក់ ឈ្មោះ នាង រិទ្ធឆ័យ អាយុ ៣៣ ឆ្នាំ នៅលីវ បានធ្វើអត្តឃាត ដោយចង ក នៅចំណុចប្រឡាយភ្លោះ ខាងកើតផ្លូវលំ ចូលឃុំសំរោង ស្ថិតនៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អត្តឃាតជន មានលំនៅ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមន្ត្រីយោធាកងការពារព្រំដែន លេខ៥០៣ ឈរជើងនៅបន្ទាយ នាភ្នំខ្លែងពណ៌ ឃុំស្លក្រាម ស្រុកស្វាយចេក ។
មូលហេតុនៃអត្តឃាតកម្ម មកពីបុរសម្នាក់នោះ មានវិបត្តិផ្លូវចិត្ត រឿងជំពាក់លុយបងប្អូនផង និងអ្នកដទៃផង គឺបន្ទាប់ពីឡាន បានខូច ដោយគ្រោះថ្នាក់ បុក លុះធ្វើរួច បើកចេញពីកន្លែងជួសជុលមកវិញ មិនទាន់ពាក់ស្លាកលេខ ក៏ត្រូវគយចល័តក្រសួង ចាប់និងដកហូតយក។ ដោយស្រឡាញ់រថយន្តនេះខ្លាំង ហើយមន្ត្រីយោធារូបនេះ និងថ្នាក់លើ សុំមិនបាន ទើបមន្ត្រីនេះ ខូចចិត្តខ្លាំង ហើយគិតខ្លី ហើយក៏ចង ក សម្លាប់ខ្លួន គួរឱ្យសោកស្តាយ។
លោកឧត្តមសេនីយ៍ សេង ធារិន មេបញ្ជាការរង យោធភូមិភាគ៥ និងជានាយសេធិការ បានសំដែងការសោកស្តាយ ចំពោះការបាត់បង់ជីវិត មន្ត្រីយោធា ការពារព្រំដែន ទិសខេត្តបន្ទាយមានជ័យ វ័យក្មេងម្នាក់នេះ ( នាង រិទ្ធឆ័យ) ករណីធ្វើអត្តឃាត ដែលគេដាក់ការសង្ស័យ ការស្លាប់នោះ ដោយសារតូចចិត្ត រឿងគយចល័ត កូនចៅរបស់លោក ឈួន សោភា មេគយចល័តក្រសួងតំបន់៥ ប្រចាំប្រចាំទិសខេត្តបន្ទាយមានជ័យ ចាប់រថយន្ត ធ្លាប់ជិះបំរើអង្គភាព ការពារព្រំដែន ថាជារថយន្តគេចពន្ធ ។
លោក សុធា វណ្ណារី អនុប្រធានគយចល័ត ក្រសួងតំបន់៥ បានអោយដឹងថាៈ រថយន្តនោះ មេបានអោយមន្ត្រី ស្ទាក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយរក្សាទុក នៅទីស្នាក់ការ នាផ្លូវជាតិលេខ៥ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៕/V