Home ព័ត៌មានសំខាន់ៗ រោងចក្រ សហគ្រ...

រោងចក្រ សហគ្រាស ៧៦ នៅ​រាជធានី​ភ្នំពេញ បាន​បង្ខំចិត្ត​បិទទ្វារ និង​រោងចក្រ​ចំនួន ២៣ បង្ខំចិត្ត​ព្យួរការងារ ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក្នុងដំណាក់កាល កូ​វីដ​-១៩​នេះ នៅក្នុង​ឆ្នាំ​២០២០ បានធ្វើឱ្យ​រោងចក្រ សហគ្រាស ចំនួន ៧៦ នៅក្នុង​រាជធានី​ភ្នំពេញ បាន​បង្ខំចិត្ត​បិទទ្វារ និង​បានធ្វើឱ្យ​បងប្អូន កម្មករ កម្មការិនី ប្រមាណ​ជាង ៣៥.០០០ នាក់ អត់​ការងារ​ធ្វើ ។ បន្ថែម​ពីលើ​នេះ​ទៀត រោងចក្រ ចំនួន ២៣ ក៏បាន​បង្ខំចិត្ត​ព្យួរការងារ របស់ខ្លួន​ផងដែរ ដែល​បានធ្វើ​ឲ្យ​កម្មករ ប្រមាណ​ជា​ជិត ៤ ម៉ឺន​នាក់​ទៀត ត្រូវ​ព្យួរការងារ​។​

​នេះ​បើតាម​ការបញ្ជាក់ ឲ្យ​ដឹង​ពី​លោក ជួន វុ​ឌ្ឍី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល​លោក អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា លើ​ការងារ​សុខាភិបាល សង្គមកិច្ច អតីត​យុវជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៅ​រសៀល ថ្ងៃទី​១៦ កុម្ភៈ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោកស្រី ឡោក ខេង សមាជិកសភា លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

 

​ក្នុងឱកាស​នោះ លោក ជួន វុ​ឌ្ឍី បាន​មានប្រសាសន៍ថាៈ រោងចក្រ សហគ្រាស នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ ២០២០ មាន​រោងចក្រ ចំនួន ៦៧៥ រោងចក្រ មាន​កម្មករ​ចំនួន ៣៦១៤៥២​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៩៤៤០១​នាក់ ។ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​រោងចក្រ ចំនួន ១២៣ បាន​បង្ខំចិត្ត​ព្យួរការងារ និង​បានធ្វើ​ឲ្យ​កម្មករ ចំនួន ៣៨.១៧៧ នាក់ ព្យួរការងារ ។ បន្ថែម​ពីលើ​នេះ​ទៀត ដោយសារ​ជំងឺ​កូ​វីដ​១៩ នេះដែរ ក៏បាន​ធ្វើឱ្យ​រោងចក្រ ចំនួន ៧៦ បាន​បិទទ្វារ នឹង​បានធ្វើ​ឲ្យ​កម្មករ ចំនួន ៣៥.៤៧១ នាក់ អត់​ការងារ​ធ្វើ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ នៅក្នុង​រាជធានី​ភ្នំពេញ ក៏បាន​បង្កើត រោងចក្រ​ថ្មី ចំនួន ៤៦ រោងចក្រ ដែល​បានអោយ​កម្មករ ចំនួន ៨.៥៤២ នាក់ មានការ​ងារ​ធ្វើ​។​

​ពាក់ព័ន្ធ​នឹង​កម្មករ ដែល​អត់​ការងារ​ធ្វើ បើតាម​ការបញ្ជាក់ ពី​គណៈប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា បាន​ឲ្យ​ដឹងថាៈ កម្មករ​ដែល​អត់​ការងារ​ធ្វើ ដោយសារតែ​ការបិទ រោងចក្រ បណ្ដាលមកពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​នោះ គឺ​កម្មករ​ទាំងនោះ ទទួលបាន​ផលប្រយោជន៍ ចំនួន ៣ ពី​ខាង​រោងចក្រ ក្នុងនោះ​ទទួលបាន​នូវ ប្រាក់​បំណាច់ អតីតភាព​ការងារ ទទួលបាន​ប្រាក់បៀវត្ស ចុងក្រោយ និង​ទទួលបាន​ប្រាក់​ថ្លៃ​ឈប់សម្រាក ដែល​នៅ​សេសសល់​។​

​ជាមួយគ្នា​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថាៈ ចំពោះ​គណៈប្រតិភូ គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​ចុះមក​ជួបពិភាក្សា ការងារ​នេះ គឺ​ដើម្បី​ពិនិត្យ​ទៅលើ​ការងារ មួយចំនួន​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​ការងារ ដែល​រាជរដ្ឋាភិបាល ប្រតិភូកម្ម​ពី​ថ្នាក់ជាតិ មកឱ្យ​ថ្នាក់ក្រោម​ជាតិ អនុវត្ត​។ ចង់ដឹង​ពី​វឌ្ឍនភាព​ការងារ ចង់ដឹង​ពី​បញ្ហា​ប្រឈម និង​តម្រូវការ​មួយចំនួន របស់​ថ្នាក់ក្រោម​ជាតិ សំដៅ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ អាច​ទទួលយកបាន នូវ​សេវា​ដែល​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ប្រគល់​ទៅ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular