វាល​រហាល​កែស អា​វៀន​៖ ទី​អភិរក្ស​ដែល​កើន​ទាំង​មច្ឆៈជាតិ ទាំង​សត្វ​ស្លាប់​រាប់ម៉ឺន​សែន​ក្បាល

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: វាល​រហាល​កែស អា​វៀន ដែល​ស្ថិត​ត្រង់​ទី​ប្រសព្វ​នៃ​ស្ទឹង​សិរីសោភ័ណ និង​ស្ទឹង​មង្គល​បូរី កៀក​ព្រំប្រទល់​ស្រុក​ព្រះនេត្រព្រះ ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ​បានក្លាយ​ជាទី​អភិរក្ស​ដែល​កើន​ទាំង​មច្ឆៈជាតិ​ទាំង​សត្វ​ស្លាប់​រាប់​មឺ​ុ​ន​សែន​ក្បាល និង​ជា​តំបន់​អេកូ ទេសចរណ៍​មួយ​ហើយ ។​ពោលគឺ លោកអ្នក​ទៅ​ពេលណា ក័​បានឃើញ​សត្វ​ទាំង​នោះដែរ​។ ក្នុងនោះ ភ្ញៀវទេសចរ​ជាតិ​ក្នុង​និង​ក្រៅ​ខេត្ត​បាន​ទៅ​ទស្សនា​រាប់រយ​ពាន់​នាក់​ក្នុង​១​ថ្ងៃៗ ពិសេស​គឺ​ចុង​សប្តាហ៍​និង​ថ្ងៃបុណ្យ​ឈប់សម្រាក ។​

​បើ​លោកអ្នក​ចង់ទៅ​ទស្សនា​ហ្វូង​សត្វ​ស្លាប និង​មច្ឆៈជាតិ នៅ​តំបន់​អភិរក្ស​រហាល​កែស អា​វៀន​នោះ នា​រដូវប្រាំង​ឆ្នាំ​២០២១​នេះ គឺ​កាន់តែ​ងាយស្រួល​ព្រោះ​ផ្លូវគោក​ធ្វើដំណើរ​ស្ទើរ​រាបស្មើ​។​

​ទី​១.​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦​ម​។ ទៅដល់​ត្រង់​មុខ​សាលាឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ ត្រូវ​បត់​ចុះទៅ​ត្បូង​កាត់​ភូមិ​រពាក់ ក្នុង​ចម្ងាយ​ប្រមាណ​ជា​៧​គ​.​ម​។ ទី​២.​ធ្វើដំណើរ​តាមផ្លូវ​ខេត្ត​លេខ​១៥៦​ដេ មង្គលបុរី​- ព្រះនេត្រព្រះ ដល់​ត្រង​ស្ពាន​និង​វត្ត​ស្រមោច​ភូមិ​ស្រមោច​ឃុំ /​ស្រុក​ព្រះនេត្រព្រះ ត្រូវ​ចុះទៅ​ជើង​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​២​គម នឹង​ទៅដល់​តំបន់​អភិរក្ស​មច្ឆៈជាតិ​រហាល​កែស សត្វ​ស្លាប​អា​វៀន​ដូចខាងលើ​។​

​ពោលគឺ​បើ​គិតពី​ក្រុង​សិរីសោភ័ណ​ដែលជា​ទីប្រជុំជន​ខេត្តបន្ទាយមានជ័យ វា​មាន​ចម្ងាយ​ប្រមាណ​២០​ប្លាយ​គម​ប៉ុណ្ណោះ​។ ហើយ​រដូវប្រាំង​ដូច្នេះ គឺ​ងាយ​ធ្វើដំណើរ​ដោយ​រថយន្ត​និង​យានយន្ត​ផ្សេងទៀត​។​

​ពេលទៅដល់​គឺ​លោក​អ្នកនឹង​បានឃើញ​ហ្វូង​មច្ឆៈជាតិ​ផុស​ហែប​ក្នុង​ជលសារ និង​ហ្វូង​សត្វ​ស្លាប់ ដែល​ទុំ​ដូច​ប្រក់​ដំបូលផ្ទះ​កកកុញ​លើ​ព្រៃ​លិច​ទឹកជា​ទីជម្រក​ពង​កូន និង​ជំរំ​ស្នាក់នៅ​របស់​ពួកវា ។​

​ជាងនេះទៅទៀត បើ​លោកអ្នក ចងអោយ​កាន់តែ​ស្លុង​អារម្មណ៍ រំភើប​នឹង​ទេសភាព ក៏​ដូច​ទិដ្ឋភាព​ដូច​រស់នៅ​ជាមួយ​ធម្មជាតិ​ពិតៗ លោកអ្នក​ត្រូវ​រងចាំ​នៅ​ដល់ពេល​ថ្ងៃ​អស្តង្គត​។ នោះ​លោក​អ្នកនឹង​បានឃើញ​ព្រះអាទិត្យ​លិច ចុះ​នៅ​កណ្តាល​វាលស្រែ​ក្បែរ​ព្រៃ​លិច​ទឹក និង​ក៏បាន​ទស្សនា​ទស្សនីយភាព​កម្រ​ដ៏​ល្អ​ដ៏​វិចិត្រ នៃ​ហ្វូង​សត្វ​ស្លាប​ហោះហើរ ដូច​ក្បួនព្យុហយាត្រា​ច្រៀង​ច្រៃ​វិល​ពី​ទិស​រក​ចំណី​ឆ្ងាយៗ​ទាំង​៨​ទិស វិល​មក​ទ្រនំ​ជំរំរ​ស្នាក់នៅ​វិញ​។​

​លោក ខុង ប៊ុន ជំទប់​ទី​០១ ឃុំ​ឈ្នួ​រ​មានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២១​ថា​៖ ប្រវត្តិ​និង​ឋានលេខា​ភូមិសាស្ត្រ​” វាល​ហាល​កែស​អា​វៀន​” នោះ ជា​វាលទំនាប​ធម្មជាតិ​នៃ​ទី​ប្រសព្វ​នៃ​ស្ទឹង​មង្គល​បូរី​និង​ស្ទឹង​សិរីសោភ័ណ ។​វា​ជាទី​ចុងបញ្ចប់​នៃ​ស្ទឹង​សិរីសោភ័ណ ដោយ​ស្ទឹង​វា​ត្រូវ​រត់​រមូរ​រួម​ចូលគ្នា​នឹង​ស្ទឹង​មង្គល​បូរី​មុន​នាំ​ទឹក​ចុះទៅ​បឹង​ទន្លេសាប ។​

​តំបន់​នេះ​វា​ជាប់​នឹង​ព្រំប្រទល់​ស្រុក ក្រុង​ចំនួន​៣ គឺ​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ ឃុំ​គយ​ម៉ែង​ស្រុក​មង្គល​បូរី​និង​សង្កាត់​ភ្នៀ​ត​ក្រុង​សិរី​សោ ភ័ណ ។​

​លោក​បាន​បន្តថា ទីនោះ ក៏​ជា​ទំនប់​ស្ទាក់​បំបែក បង្វែរ​ទឹក​នៃ​ប្រព័ន្ធធារាសាស្ត្រ​ដែល​កសាងឡើង​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ​(​ឆ្នាំ​១៩៧៥-៧៩ ) ផងដែរ ។​

​ចំណែក​លោក​ហែម សារិន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ប្រាប់​កាសែត​រស្មី​កម្ពុ​ជានា​ល្ងាច​ដដែល​ថា ៖ តំបន់​អភិរក្ស​រហាល​កែស អា​វៀន​នេះ​មាន​ផ្ទៃដី​ទឹក​និង​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​២ ៨​ហិកតា ដែល​ស្ទើរ​ទាំងអស់​គឺ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ។​

​លោក​បាន​ពន្យល់ថា ៖ វាល​រហាល​នេះ (​រហាល មានន័យថា បឹង​នៅ​កណ្តាលវាល​ទឹក​ល្ហល្ហាច​) ។ កែស​គឺ​សំដៅ​ដើមឈើ​កែស ។​
​ហើយ​តំបន់​នេះ អាច​ចែកជា​២ ៖
​ទី​១ ជា​តំបន់​រហាល​កែស ជាទី​អភិរក្ស​មច្ឆៈជាតិ​ចម្រុះ​ដូចជា​ត្រី​រ៉ស ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង​….​។​វា​មាន​ទំហំ​ចំនួន​០៥​ហិកតា​គឺ​ហៅថា​រហាល​កែស​។​

​និង​ទី​២ ជា​ផ្ទៃ​ទឹក មានព្រៃ​លិច​ទឹក​ដែល​ហ្វូង​សត្វ​ស្លាប​ចម្រុះ​កំពុងស្នាក់នៅ ទុំ​ពង​កូន​និង​រក​ចំណី​ក្នុង​ចំនួន​រាប់​មឺ​ុ​ន​សែ​នន​ក្បាលមាន​ទំហំ​ចំនួន​២៣​ហិកតា ។​វា​មាន​រាង​ក្រវេច​ក្រវៀន ដែល​គេ​ហៅថា​អា​វៀន ។​
​ហើយ​ឈ្មោះ​រួម​នៃ​ទី​អភិរក្ស​នេះ​គេ​ហៅថា​រហាល​កែស អា​វៀន ។​

លោក​ហែម សារិន បាន​បន្តថា ៖ ជាង​៣​ឆ្នាំ​កន្លងមកនេះ គឺ​កាល​លោក​នៅ​ធ្វើ​ជ​មេឃុំ​ឈ្នួ​រ​មានជ័យ លោក​និង​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​និង​ប្រជា​សហគមន៍​បាន​ខិតខំ​អភិរក្ស​មច្ឆៈជាតិ​និង​សត្វ​ស្លាប​នៅរ​ហា​កកែស អា​វៀន​នេះ​។​
​ក្នុងនោះ​ក៏បាន​អភិវឌ្ឍន៍​ខ្លះ​ដែរ គឺ​បាន​កាយ​យក​ជម្រៅ​ស្តុក​ទឹក​និង​លើក​ទំនប់​ស្ទាក់​ទឹក​អោយមាន​ខួប​ប្រាំង វស្សា ។ ក៏បាន​ដាក់​ស្លាក​បម្រាម​ការពារ​សត្វ​ស្លាប​និង​មច្ឆៈជាតិ​, បានកំណត់​ព្រំ​តំបន់​ជាមួយ​ដីស្រែ​របស់​ពលរដ្ឋ ។ ហើយ​បង្ការ​ទប់ស្កាត់​នូវ​ការប្រើប្រាស​ទឹក​ធ្វើស្រែ​ប្រាំង​ច្រើន​ហួសហេតុ ក៏ដូចជា​បង្ការ ទប់ស្កាត់ បង្ក្រាប​នូវ​ការយាយី នេសាទ​ត្រី ប្រមាញ់ បំពុល​សត្វ​ស្លាប ។​

​ក្នុងនោះដែរ ក៏បាន​អនុញ្ញាតិ​អោយ​ពលរដ្ឋ​ចំណូលស្រុក​៣​គ្រួសារ​ធ្វើ​ជម្រក​បណ្តោះអាសន្ន​លើ​ខ្នង​ទំនប់​ស្នាក់នៅ​ដើម្បី​ជួយ​ការពារ​សត្វ​ស្លាប​។​
​ហើយ​អាច​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​នៅក្រៅ​ដែន​អភិរក្ស​ដើម្បី​ចិញ្ចឹមជីវិត​បាន ។​
​លោក​បាន​បន្តថា ៖ សម្រាប​សត្វ​ស្លា​បរាប់​មឺ​ុ​ន​សែន​ក្បាល​នោះ គឺមាន​ជិត​១០​ប្រភេទ​ដែលជា​សត្វ​ស្លាប​សំខាន់ៗ​ដូចជា​ក្រៀល​ខ្យង ក្អែកទឹក ស្មោញ ត្រ​យ៉ង ទាព្រៃ ទុង​ប្រផេះ ខ្វែក​ធំ ទោម តាឡុ​ម មាន់ទឹក មាន់​ទូ ជាដើម​។ ចំណែក​សត្វ​កុក​មាន​ច្រើន​លើសលុប ប្រមាណ​ជិត​១​សែន​ក្បាល ។​

​លោក​បាន​បន្តថា កន្លងមក​និង​ចំពោះមុខ រដ្ឋបាល​ឃុំ ស្រុក​និង​មន្ទីរ​បរិស្ថាន​បានស្នើ​បង្កើត​ឬ​ចុះបញ្ជី​ជា​តំបន់​អភិរក្ស​ធម្មជាតិ​មច្ឆៈជាតិ សត្វ​ស្លាប​រហាល​កែស អា​វៀន​នេះ​ទៅ​ក្រសួងបរិស្ថាន ។ និង​ក៏​សហការ​នឹង​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្នើ​បង្កើតជា​តំបន់​អេកូ ទេសចរណ៍​ផងដែរ ។​

​ហើយ​បច្ចុប្បន្ន ពិសេស​រដូវប្រាំង​នេះ មាន​ភ្ញៀវទេសចរ​ជាតិ​ិ​ក្នុង​និង​ក្រៅ​ខេត្ត​រាប់រយ​ពាន់​នាក់​ក្នុង​១​ថ្ងៃៗ ពិសេស​គឺ​ថ្ងៃ​ចុង​សប្តាហ៍​និង​ថ្ងៃបុណ្យ ថ្ងៃ​ឈប់សម្រាក​បាន​ទៅ​ទស្សនា កំសាន្ត​នៅ​ទី​អភិរក្ស​មច្ឆៈជាតិ សត្វ​ស្លាប​រហាល​កែស អា​វៀន​នេះ ។​

​ក្នុងនោះ សហគមន៍​បាន​កសាង​ជណ្តើរ​សើន​ខ្ពស់​មួយ​សម្រាប់​ភ្ញៀវ​ឡើង​ទស្សនា និង​ថតរូប ,​បានដាក់​ទូក​ចែវ​អត់​ម៉ាស៊ីន​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ស្លាប និង​ដាក​ទូក​ម៉ាស៊ីន​នៅ​រហាល​អភិរក្ស​មច្ឆៈជាតិ សម្រាប​ជូន​ភ្ញៀវ​ជិះ​កំសាន្ត​និង​ទស្សនា​។​

​ចំពោះ​សត្វ​ស្លាប​និង​មច្ឆៈជាតិ មើលទៅ​ពួកវា​បាន​ផ្សាំង មិន​ខ្លាច ឬ​ផ្អើល​នឹង​មនុស​ហស​ទៀត​ទេ ដោយ​គេ​អាច​ទៅជិតៗ​ពួកវា​ក្នុង​ចម្ងាយ​៥​ទៅ​១០​ម៉ែត្រ ក៏​មិន​ផ្អើល​ដែរ​។​

​ទោះយ៉ាងណា ការសង្កេត​និង​អ្នក​អភិរក្ស​ក៏​សម្តែង​ក្តីបារម្ភ​ដ៏​ជ្រាលជ្រៅ នឹង​ការបង្ក​ការរំខាន​និង​អាចអោយ​សត្វ​ភ័យខ្លាច​នឹង​យានយន្ត​, ស្នូរ​សម្លេង​កងរំពង​នៃ​ធុងបាស់ និង​សម្លេង​ស្រែក​របស់​ភ្ញៀវ ព្រមទាំង​ការ​ចោល​សំណល់​រឹង​រាវ​គ្មាន​សណ្តាប់ធ្នាប់​របស់​ភ្ញៀវទេសចរ​មួយចំនួន​។​

​ពោលគឺ​រូបភាព​បែបនេះ យូរ​ឬ​ឆាប់​វា​នឹង​ប៉​ពាល់​ដល់ទី​អភិរក្ស តំបន់​អេកូ ទេសចរណ៍​និង​សត្វ​ស្លាប ក៏ដូចជា​មច្ឆៈជាតិ​ដែល​កម្រ​នឹងមាន​ប្រមូលផ្តុំ​រស់នៅ​ដ៏​ត្រ​កុំ​ត្រកាល​ដូចជា​សម័យបុរាណ​បែបនេះ​ណាស់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular