ដោយ: ដេប៉ូ / ភ្នំពេញ: បន្ទាប់ពីមើលឃើញពីសក្តានុពល និងសត្វស្លាបកម្រដ៏ច្រើន ហើយពិសេសដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន នោះសម្តេចតេជោ ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង ទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានទំហំ ៣,៥៥៧ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង។
បើយោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ នេះមានគោលបំណងដូចជា៖
-ធានាការថែរក្សា និងការការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌
– ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
-រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ
-បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់
-បង្កើន និងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ
– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍។
ជាមួយគ្នាក្នុងអនុក្រឹត្យខាងលើរបស់សម្តេចតេជោនេះបានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើន យ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង សហគមន៍មូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន៕