ដោយ: មុនីរ័ត្ន / ភ្នំពេញ: មន្ត្រីប៉ូលិសម្នាក់ជាមេក្លោងជួញដូរគ្រឿង និងបក្ខពួកចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន នៅក្នុងផ្ទះសំណាក់ស្រែផល នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងដកហូតវត្ថុតាងគ្រឿងញៀន០៥កញ្ចប់តូចធំ។ ការបង្ក្រាបនេះ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននករបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនធ្វើឡើង ខណៈដែលជនសង្ស័យគ្រឿងញៀនទាំងនេះ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។ ជនសង្ស័យនៅពេលឃើញសមត្ថកិច្ចចូលទៅបង្ក្រាប ក៏បានក្រវាត់គ្រឿងញៀនចេញពីបន្ទប់ផ្ទះសំណាក់ ដើម្បីបំផ្លាញភស្ថុតាង ក្រោយពេលដែលកម្លាំងនគរបាលការិយាល័យជំនាញ បានស្រាវជ្រាវស៊ើបអង្កេតលើមុខសញ្ញាជនសង្ស័យគ្រឿងញៀនទាំងនោះជាយូរមកហើយ។
លោកបន្តថា ការបង្ក្រាបជនសង្ស័យគ្រឿងញៀនមុនដំបូងកម្លាំងសមត្ថកិច្ច ចុះបង្ក្រាប នៅចំណុចផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទេព ដារាស័ក្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់អនឡាញ ដកហូតវត្ថុតាង គ្រឿងញៀនក្រាមពណ៌សចំនួន០២កញ្ចប់តូចនិងធំ,និងម៉ូតូចំនួន០១គ្រឿង,រួមទូរស័ព្ទ០៣គ្រឿង។
ជាបន្តដោយមានចម្លើយសារភាពពីជនសង្ស័យឈ្មោះ ទេព ដារាស័ក្ត និងមានការសហការពីនគរបាលខណ្ឌសែនសុខ សមត្ថកិច្ចបន្តធ្វើការឆែកឆេរបន្ទប់លេខ១៣ ផ្ទះសំណាក់ស្រែផល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តាន់ ហុកសេង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ដកហូតវត្ថុតាងថ្នាំញៀនក្រាមពណ៌សចំនួន០៣កញ្ចប់ធំ ដែលជនសង្ស័យឈ្មោះ តាន់ ហុកសេង បានទម្លាក់គ្រឿងញៀនចេញមកក្រៅតាមបង្អួចដើម្បីបំផ្លាញវត្ថុតាងនិងក៏បានរកឃើញវត្ថុតាងជញ្ជីងថ្លឹងគ្រឿងញៀនអេឡិចត្រូនិចចំនួន០១គ្រឿង, ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ទូរស័ព្ទចំនួន០២គ្រឿងនិងបន្តធ្វើការឆែកឆេរបន្ទប់លេខ១៤ សមត្ថកិច្ចក៏បានរកឃើញឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ជាបន្តកម្លាំងការិយាល័យជំនាញមានការសហការពីនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឆែកឆេរផ្ទះលេខ៩០ ផ្លូវលេខ២៤ បូរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន០២នាក់៖ ១-ឈ្មោះ ទេព ផលរាជនី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ឡូញ ពិសី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងដកហូតវត្ថុតាងជាឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕