Home ព័ត៌មានសំខាន់ៗ កម្ពុជា-អាម៉េ...

កម្ពុជា-អាម៉េរិក សង្ឃឹមថាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងល្អប្រសើរឡើងថែមទៀតនៅឆ្នាំនេះ

ដោយ: ពៅនិមល/ភ្នំពេញ: លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ បានទទួលជួបលោក W. Patrick Murphy អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។

នៅក្នុងជំនួបនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែល្អប្រសើរ។ លោករដ្ឋមន្រ្តីបានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះកម្ពុជាបានចូលនិងកំពុងសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។

នៅក្នុងឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សាផងដែរ អំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។

សូមជម្រាបថា រយពេល១១ខែ ឆ្នាំ២០២០ កន្លងទៅ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាម៉េរិកមានតម្លៃសរុប៦ ៣៦៩លានដុល្លារ កើនឡើង១៧,០៥ភាគរយ ពីចំនួន៥ ៤៤១,២លានដុល្លារ ធៀបរយះពេលដូចគ្នានឹងឆ្នាំ២០១៩។ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានតម្លៃ៦ ០៥៦,៩លានដុល្លារ កើនប្រមាណ២២,២០ភាគរយ បើធៀបនឹង៤ ៩៥៦,៥លានដុល្លារ ខណៈការនាំចូលពីអាម៉េរិកមានតម្លៃ៣១២,១លានដុល្លារ ធ្លាក់ចុះ៣៥,៦ភាគរយ ពីចំនួន៤៨៤,៧លានដុល្លារ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular