Home ព័ត៌មានអន្តរជាតិ អាម៉េរិក និង​...

អាម៉េរិក និង​អង់គ្លេស​ស្រែក​ថ្កោលទោស​នៅពេល​មី​យ៉ាន់​ម៉ា​ចោទប្រកាន់​អ៊ុង​សាន ស៊ូ ជី បន្ថែម​

​ប្រែ​សម្រួលៈ​វាសនា​៖​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ បាន​បង្ក​ការរិះគន់​ពី​អន្តរជាតិ​ជាថ្មី ដោយសារតែ​បាន​ធ្វើ​ការចោទប្រកាន់​ថ្មី​បន្ថែម​លើ​មេដឹកនាំ​ស៊ីវិល អ៊ុង​សាន ស៊ូ​ជី នៅ​ពេល​ពួក​ឧត្តមសេនីយ៍កាត់​​ផ្តាច់​អ៊ីនធឺណិត​ដល់​យប់​ទី​៣​ជាប់​គ្នា ក្នុង​បំណង​ទប់​កំណើន​នៃ​ការតវ៉ា​ប្រឆាំង​ខ្លួន​។​

​នៅ​២​សប្តាហ៍​ក្រោយពី​យោធា​បណ្តេញ​រដ្ឋាភិបាលរ​បស់​លោកស្រី​ស៊ូ​ជី​និង​ដាក់​លោកស្រី​អោយ​នៅ​តែ​ក្នុងផ្ទះ បណ្តា​ទីក្រុង​របស់​មី​យ៉ាន់​ម៉ា​និង​សូម្បី​នៅ​តាម​ភូមិ​ដាច់ស្រយាល​បាននិងកំពុង​ជួប​ការប្រឆាំង​​តវ៉ា​នឹង​អាជ្ញាធរ​ជា​ចំហ​ខណៈ​ក្រុម​យោធា​ព្យាយាម​បង្ហាញ​ភាពស្របច្បាប់​នៃ​ការដណ្តើម​អំណាច​របស់​ខ្លួន​និង​ធានា​ថា​នឹង​រៀបចំ​ការបោះឆ្នោត​មួយ​ហើយ​ប្រគល់​អំណាច​ទៅ​អោយ​គណបក្ស​ឈ្នះឆ្នោ​តក្តី​។​

​ក្រោយ​ការចាប់ខ្លួន​ចំ​ថ្ងៃ​រដ្ឋប្រហារ​០១​កុម្ភៈ លោកស្រី​ស៊ូ​ជី​ត្រូវបាន​ចោទប្រកាន់​នៅក្រោម​ច្បាប់​នាំចេញ​នាំ​ចូល​មួយ ដោយសារតែ​សមត្ថកិច្ច​រកឃើញ​វទ្យុទាក់ទង​(​អាយកូម​)​បួន​ប្រាំ​នៅក្នុង​ផ្ទះ​របស់​លោកស្រី​។​

​អ្នក​ប្រឆាំង​តវ៉ា​កាន់​បដា​មាន​រូប​លោក​ស្រី​ស៊ូ​ជី​និង​ទាមទារ​អោយ​យោធា​ដោះលែង​លោក​ស្រី​

ការប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាមានតាំងពីនៅទីក្រុងដល់ជនបទ ពីប្រជាជនសាមញ្ញដល់ សង្ឃ និងអ្នករដ្ឋការស៊ីវិល

​មេធាវី​របស់​ជ័យលាភី​រង្វាន់​ណូបែល​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​អង្គារ​ថា លោកស្រី​រង​ការចោទប្រកាន់​ទី​២ គឺ​រំលោភច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​។​

​ច្បាប់​នេះ​ក៏​ត្រូវបាន​ប្រើ​ប្រឆាំង​ប្រធានាធិបតី វីន មី​យីនត៍ ដែល​ក៏​កំពុង​ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការជួបជុំ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​មួយ​ដែល​របប​យោធា​ចោទថា បាន​រំលោភ​វិធានការ​រឹតត្បិត​ដើម្បី​​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។​

​មេធាវី​បាន​បន្ថែមថា ទាំង​ស៊ូ​ជី លោក​វីន មី​យីនត៍ ត្រូវ​រំពឹងថា​នឹង​ត្រូវ​នាំ​ឡើង​តុលាការ​តាមរយៈ​វីដេអូ​ខន់​ហ្វើ​រិន​ក្នុង​សវនាការ​ថ្ងៃ​០១​មីនា​។​

​ចំណែក​អ្នកនាំពាក្យ​យោធា​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា ទាំង​ស៊ូ​ជី និង មី​យីនត៍ ស្ថិតនៅក្នុង​«​កន្លែង​មាន​សុវត្ថិភាព​និង​មាន​សុខភាព​ល្អ​ទេ​។​ពួកគេ​នឹង​ត្រូវ​កាត់ទោស​ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​»​។​

​បន្ទាប់ពី​ឮ​ព័ត៌មាន​នេះ សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ខ្លួន​រំខាន​អារម្មណ៍​ណាស់​និង​ទាមទារ​អោយ​ដោះលែង​ស៊ូ​ជី ។​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​យើ​ងំ​ពា​វនាវ​​អោយ​យោធា​មី​យ៉ាន់​ម៉ា​ដោះលែង​មេដឹកនាំ​ស៊ីវិល​និង​មេដឹកនាំ​នយោបាយ អ្នកកាសែត​និង​សកម្មជន​សិទ្ធិមនុស្ស រួមទាំង​សមាជិក​សង្គម​ស៊ីវិល​ដទៃ​ទៀត​ជា​បន្ទាន់ ហើយ​ស្តារ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​​បែប​ប្រជាធិបតេយ្យ​»​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន ក៏​បាន​ថ្កោលទោស​ដោយ​ហៅ​ការចោទប្រកាន់​ប្រឆាំង​ស៊ូ​ជី ថា​«​ប្រឌិត​»​និង​«​រំលោភ​យ៉ាង​ច្បាស់​ទៅនឹង​សិទ្ធិមនុស្ស​របស់​លោកស្រី​។​យើង​ឈរ​នៅ​​ជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា និង​ធានា​ថា អ្នក​ដែល​ធ្វើ​រដ្ឋប្រហារ​នេះ​នឹង​ទទួលខុសត្រូវ​»​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា «​ដំណើរ​វិវត្តន៍​សភាព​ការណ៍​បច្ចុប្បន្ន​នៅ​មី​យ៉ាន់​ម៉ា​ជា​អ្វី​ដែល​ចិន​មិន​ចង់​ឃើញ​ដាច់ខាត​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ទំ​នាក់​​ទំនង​ល្អ​ជាមួយ​គណបក្ស​សម្ពន្ធ​ជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី​»​។​

​សូមបញ្ជាក់​ថា មនុស្ស​ជាង​៤២០​នាក់​ត្រូវបាន​ចាប់​ខ្លួន​ចាប់តាំងពី​យោធា​មី​យ៉ាន់​ម៉ា​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​០១​កុម្ភៈ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១
Next articleយោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ បាន​បង្ក​ការរិះគន់​ពី​អន្តរជាតិ​ជាថ្មី ដោយសារតែ​បាន​ធ្វើ​ការចោទប្រកាន់​ថ្មី​បន្ថែម​លើ​មេដឹកនាំ​ស៊ីវិល អ៊ុង​សាន ស៊ូ​ជី នៅ​ពេល​ពួក​ឧត្តមសេនីយ៍កាត់​​ផ្តាច់​អ៊ីនធឺណិត​ដល់​យប់​ទី​៣​ជាប់​គ្នា ក្នុង​បំណង​ទប់​កំណើន​នៃ​ការតវ៉ា​ប្រឆាំង​ខ្លួន​។​ លោកស្រី​រង​ការចោទប្រកាន់​ទី​២ គឺ​រំលោភច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​ ដោយទំនងជាពាក់ព័ន្ធ​នឹង​ការជួបជុំ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​មួយ​ដែល​របប​យោធា​ចោទថា បាន​រំលោភ​វិធានការ​រឹតត្បិត​ដើម្បី​​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។​
- Advertisment -

Most Popular