Home ព័ត៌មានអន្តរជាតិ លោក​ត្រាំ​ជំរ...

លោក​ត្រាំ​ជំរុញ​ឱ្យ​សមាជិក​បក្ស​សាធារណរដ្ឋ​បោះបង់ចោល​មេដឹកនាំ​ព្រឹទ្ធសភា លោក​ម៉ាក​ខុន​នែ​ល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​អង្គារ​បាន​ទទូច​ដល់​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​ឱ្យ​បោះបង់ចោល​លោក​មី​ក ម៉ាក​ខុន​នែ​ល​ជា​មេដឹកនាំ​របស់​ពួកគេ​នៅក្នុង​​ព្រឹទ្ធសភា​បន្ទាប់​ពី​ការរិះគន់​មិន​សំចៃ​របស់គាត់​ចំពោះ​អតីត​ប្រធានាធិបតី​អាម៉េរិក​រូបនេះ​ក្រោយ​ពី​ការកាត់ក្តី​អំពី​ពី​បទ​ចោទប្រកាន់​របស់​ត្រាំ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​ត្រាំ​បាន​និយាយថា “​គណបក្ស​សាធារណរដ្ឋ​មិន​អាច​ត្រូវបាន​គោរព​ឬ​រឹងមាំ​ជាមួយ​មេដឹកនាំ​នយោបាយ​ដូចជា​ព្រឹទ្ធ​សមាជិក មី​ត ម៉ាក​ខុន​នែ​ល​បានឡើយ​”​។​

“​លោក​មី​ត​គឺជា​អ្នកនយោបាយ​ស្រងេះស្រងោច ក្រញែក្រញូវ និង​មិន​ចេះ​ញញឹម ហើយ​ប្រសិនបើ​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​បន្ត​នៅ​ជាមួយ​គាត់ ពួកគេ​នឹង​មិន​ឈ្នះ​ម្តងទៀត​ឡើយ​”​។​

​ការវាយប្រហារ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​លោក​ម៉ាក​ខុន​នែ​ល​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា​ទោះបីជា​លោក​បាន​បោះឆ្នោត​ដើម្បី​សម្រេច​ឱ្យ​លោក​ត្រាំ​រួចខ្លួន​ពី​បទ​ចោទប្រកាន់​ក៏ដោយ​ក៏​អតីត​ប្រធានា​​ធិបតី​រូបនេះ​នៅតែ​មាន​ទំនួល​ខុស​ត្រូវ​ខាង​សីលធម៌​ចំពោះ​ការ​លុកលុយ​ចូល​វិមាន​កា​ពី​តូ​ល​អាម៉េរិក​នៅ​ថ្ងៃទី ៦ ខែ​មករា​។​

​នៅក្នុង​ការអត្ថាធិប្បាយ​ដ៏​យូរ​បំផុត​របស់​គាត់​ទាក់ទង​នឹង​នយោបាយ​ចាប់តាំងពី​ចាកចេញ​ពី​សេត​វិមាន​នៅ​ថ្ងៃទី ២០ ខែ​មករា​លោក​ត្រាំ​បាន​ស្តីបន្ទោស​លោក​ម៉ាក​ខុន​នែ​ល​ចំពោះ​ការបាត់បង់​ការ​គ្រប់​​គ្រង​ព្រឹទ្ធសភា​ដែល​គណបក្ស​សាធារណរដ្ឋ​ធ្លាប់​គ្រប់គ្រង ខណៈ​យក​ស្នាដៃ​សម្រាប់​ខ្លួន​គាត់​ចំពោះ​ការ​កើន​សំឡេង​របស់​គណបក្ស​នៅក្នុង​សភា​តំណាងរាស្ត្រ​។​

​លោក​ក៏​យក​ស្នាដៃ​ខ្លួន​គាត់​សម្រាប់​ជ័យជម្នះ​របស់​លោក​ម៉ាក​ខុន​នែ​ល​ផងដែរ ដែល​ឈ្នះ​អាណត្ដិ ៦ ឆ្នាំ​ទៀត​តំណាងឱ្យ​រដ្ឋ​កេន​ថា​ក់គី​ក្នុង​ព្រឹទ្ធសភា កន្លែង​ដែល​បុរស​វ័យ ៧៨​ឆ្នាំ​រូប​នេះ​បាន​បម្រើ​ការចាប់​​តាំងពី​ឆ្នាំ ១៩៨៤ និង​បាន​កាន់​អំណាច​ថ្នាក់ខ្ពស់​ក្នុងនាម​ជា​មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​រយៈពេល ៦ ឆ្នាំ​កន្លងមកនេះ​។​

​លោក​ត្រាំ​និយាយថា “​ការសោកស្តាយ​តែមួយគត់​របស់​ខ្ញុំ​គឺ​ថា​លោក​ម៉ាក​ខុន​នែ​ល​បាន​អង្វរ​សុំ​ការគាំទ្រ​និង​ការយល់ព្រម​ដ៏​រឹងមាំ​ពី​ខ្ញុំ មុន​ប្រជាជន​ដ៏​ឆ្នើម​នៃ​រដ្ឋ​កេន​ថា​ក់គី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២០ ហើយ​ខ្ញុំ​បានប្រគល់​វា​ឱ្យទៅ​គាត់​។ បើ​គ្មាន​ការយល់ព្រម​ពី​ខ្ញុំ​ទេ ម៉ាក​ខុន​នែ​ល​នឹង​ចាញ់ ហើយ​ចាញ់​យ៉ាងធ្ងន់ធ្ងរ​”​។​

​លោក​ត្រាំ​បាន​គំរាម​ប្រើ​ប្រជាប្រិយភាព​របស់​គាត់​នៅក្នុង​មូលដ្ឋាន​បក្ស​សាធារណរដ្ឋ​ដើម្បី​គាំទ្រ​បេក្ខជន​បក្ស​សាធារណរដ្ឋ​ណាមួយ នៅក្នុង​ការបោះឆ្នោត​ជាតិ​បន្ទាប់​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០២២​ដែល​គាំទ្រ​​របៀបវារៈ​របស់​គាត់​។​

​លោក​និយាយថា “​នៅពេល​ចាំបាច់​និង​សមស្រប ខ្ញុំ​នឹង​គាំទ្រ​គូប្រជែង​សំខាន់​ណា​ដែល​ប្រកាន់ខ្ជាប់​នឹង​ការ​ធ្វើ​ឱ្យ​អាម៉េរិក​អស្ចារ្យ​ម្តងទៀត​និង​គោលនយោបាយ​អាម៉េរិក​ជា​អាទិភាព​របស់​យើង​”៕

លោក​មី​ក ម៉ាក​ខុន​នែ​ល មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​បក្ស​សាធារណរ​ដ្ឋ​នៅ​ព្រឹទ្ធសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleយោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ បាន​បង្ក​ការរិះគន់​ពី​អន្តរជាតិ​ជាថ្មី ដោយសារតែ​បាន​ធ្វើ​ការចោទប្រកាន់​ថ្មី​បន្ថែម​លើ​មេដឹកនាំ​ស៊ីវិល អ៊ុង​សាន ស៊ូ​ជី នៅ​ពេល​ពួក​ឧត្តមសេនីយ៍កាត់​​ផ្តាច់​អ៊ីនធឺណិត​ដល់​យប់​ទី​៣​ជាប់​គ្នា ក្នុង​បំណង​ទប់​កំណើន​នៃ​ការតវ៉ា​ប្រឆាំង​ខ្លួន​។​ លោកស្រី​រង​ការចោទប្រកាន់​ទី​២ គឺ​រំលោភច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​ ដោយទំនងជាពាក់ព័ន្ធ​នឹង​ការជួបជុំ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​មួយ​ដែល​របប​យោធា​ចោទថា បាន​រំលោភ​វិធានការ​រឹតត្បិត​ដើម្បី​​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។​
Next articleលោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​អង្គារ​បាន​ទទូច​ដល់​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​ឱ្យ​បោះបង់ចោល​លោក​មី​ក ម៉ាក​ខុន​នែ​ល​ជា​មេដឹកនាំ​របស់​ពួកគេ​នៅក្នុង​​ព្រឹទ្ធសភា​បន្ទាប់​ពី​ការរិះគន់​មិន​សំចៃ​របស់គាត់​ចំពោះ​អតីត​ប្រធានាធិបតី​អាម៉េរិក​រូបនេះ​ក្រោយ​ពី​ការកាត់ក្តី​អំពី​ពី​បទ​ចោទប្រកាន់​របស់​ត្រាំ​។​
- Advertisment -

Most Popular