ដោយ: បូកគោ/កំពត: ភាគច្រើននៃប្រជាកសិកររស់នៅស្រុកឈូក ខេត្តកំពតបានចាប់យកមុខរបរកសិកម្មលក្ខណៈគ្រួសារ ដូចជា ការដាំដំណាំបន្លែរួមផ្សំ និងចិញ្ចឹមសត្វ នាបរិវេណជុំវិញផ្ទះក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។
លោកជុំ ជា រស់នៅភូមិស្រងែ ឃុំបឹងនិមល ស្រុកឈូក បានរៀបរាប់ថាក្រៅពីមុខរបរធ្វើស្រែ ក្រុមគ្រួសារលោកបានចាប់យកការចិញ្ចឹមមាន់ ទា កង្កែប និងដំណាំបន្លែរួមផ្សំជាច្រើនប្រភេទស្របតាមរដូវកាល ដែលមានទីផ្សារល្អ ដូចជា តាសក់ ននោង ល្ពៅ ម្រះ ម្ទេសជាដើម ។ កសិករដដែលបានបន្តថា បច្ចុប្បន្ន លោកសម្រុកដាំម្រះច្រើនព្រោះបានថ្លៃជាងតាសក់ ហើយការប្រមូលផលក៏បានទាំងផ្លែ និងត្រួយទៀតផង។ ដូច្នេះ រាល់ពេលទំនេរ កសិករគ្រប់រូបគួរនាំគ្នាងាកមកដាំដំណាំបន្លែរួមផ្សំ ក៏ដូចជាការចិញ្ចឹមសត្វនៅផ្ទះប្រសើរជាងចេញទៅធ្វើការនៅខាងក្រៅ។
បញ្ជាក់ឱ្យដឹងស្រដៀងគ្នានេះដែរ អ្នកស្រី ងួន សុភ័ក្ត្រ បានរៀបរាប់ថា ពីមុនមក អ្នកស្រីធ្លាប់លក់ដូរប្រដាប់ប្រដាក្មេងលេង ព្រមទាំងគ្រឿងជ័រសម្រាប់ដាក់តាំងក្នុងពិធីមង្គលការ បុណ្យផ្សេងៗ ហើយក៏ធ្លាប់ធ្វើការជាកម្មករសំណង់ដែរ។ ដោយសារបញ្ហាកូវីដ-១៩ និងស្របពេលដែលមានអ្នកជំនាញខាងដាំដុះមកបង្រៀនផងធ្វើឱ្យគ្រួសារអ្នកស្រីបោះបង់របរចាស់ រួចងាកមកដាំបន្លែរួមផ្សំ ថែមទាំងចិញ្ចឹមសត្វនៅជុំវិញផ្ទះវិញ។ អ្នកស្រីបានបន្តថា របរកសិកម្មលក្ខណៈគ្រួសារអាចរកកម្រៃស្មើនឹងមុខរបរលក់ដូរកាលពីមុនដែរ តែការធ្វើការដាំដុះដំណាំមិនភ័យព្រួយរឿងខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃព្រោះអ្នកស្រីបានដាំបន្លែចម្រុះដែលធ្វើឱ្យការប្រមូលផលទទួលបានជាប្រចាំថ្ងៃ។ ជាទូទៅ អ្នកស្រីអាចរកម្រាក់ចំណូលបានពី៤ម៉ឺនរៀល ទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ អ្នកស្រីក៏បានចិញ្ចឹមមាន់ ទា កង្កែបដោយផលទាំងនោះបានជួយបង្កើនប្រាក់ចំណូលបន្ថែមទៀត។ របរនេះបានជួយឱ្យសមាជិកគ្រួសារបញ្ចៀសពីការចាកចេញឆ្ងាយពីផ្ទះ៕