ដោយ: ភ្នំខៀវ / ប៉ៃលិន: អភិបាលស្ត្រីខេត្តប៉ៃលិន បាននាំអំណោយស្បៀងអាហាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលករចេញពីប្រទេសថៃដែលគេចវេសមិនព្រមធ្វើចត្តឡីស័ក។
នៅក្នុងពិធីចុះចែកស្បៀងអាហារដល់កងទ័ពលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត មន្ត្រីរាជការ ពិសេសប្រមុខរដ្ឋាភិបាលនៅឯសមភូមិក្រោយតែងគិតគូយកចិត្តទុកដាក់ជានិច្ចក្នុងការចង់ដឹងពីសុខទុក្ខរបស់វរកងទ័ពនៅសមភូមិជួរមុខ។ ការនាំគ្នាចុះមកដល់គោលដៅឈរជើងរបស់កងកម្លាំងនេះទាំងលោកស្រី និងស្វាមីលោក អ៊ី ឈាន ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តោតសំខាន់គឺការបញ្ជាក់ពីទឹកចិត្តដឹងគុណមិនអាចកាត់ថ្លៃបាន ចំពោះការលះបង់ខ្ពស់ ការការពារបូរណភាពដែនដីមិនខ្លាចពីការនឿយហត់ បន្ថែមពីនេះ កងទ័ពបានចូលរួមយ៉ាងសកម្មភាពជួយសង្គ្រោះដល់ប្រជាពលរដ្ឋជួបគ្រោះថ្នាក់ផ្សេងបានយ៉ាងល្អប្រសើរថែមទៀតផង។
លោកស្រី បានបន្តថា កន្លងមក និងចំពោះមុខនេះកងកម្លាំងទាំងអស់ត្រូវតែខិតខំប្រឹងប្រែងបន្ថែម ដើម្បីបុព្វជាតិ និងប្រជាពលរដ្ឋ ពិសេសការងារពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមបន្ទាត់ព្រំដែនអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
អភិបាលខេត្តស្ត្រីរូបនេះ ក៏បានណែនាំដល់កម្លាំងទាំង ៣ប្រភេទ រួមទាំងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រំដែនច្រករបៀងនានា ត្រូវធ្វើយ៉ាងណាតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករដោយត្រូវប្រចាំការ ២៤ម៉ោង លើ២៤ម៉ោងតាមគោលដៅ ដែលខ្លួនទទួលខុសត្រូវ ហើយពង្រឹងទប់ស្កាត់ឱ្យបានតឹងរឹងចំពោះការលួចឆ្លងដែនខុសច្បាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្រៅពីនេះ ត្រូវតែត្រួតពិនិត្យ និងឆែកឆេរជាដាច់ខាត លើរថយន្តដឹកទំនិញណាមួយដែលឆ្លងកាត់តាមច្រក ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដោយមិនបានធ្វើចត្តាឡីស័ក។
ការធ្វើចត្តាឡីស័កមិនមែនជាការឃុំឃាំង បំបិទសិទ្ធសេរីភាពនោះទេ គឺជាការធ្វើតេស្ត ឬតាមដានសុខភាពពីសំណាក់ក្រុមគ្រូពេទ្យជំនាញដើម្បីអោយប្រាកដថាពលករណាមួយវិជ្ជមាន ឬអវិជ្ជមាននូវវីរុសកូវីដ-១៩។
ស្បៀងអាហារដែលផ្តល់ដល់កងកម្លាំងប្រចាំគោលដៅជិត ២០គោលដៅរួមមាន: អង្ករ, មី, ត្រីខ, ទឹកសុទ្ធ, ម៉ាស់, ជែលលាងដៃ, ត្រីងៀត, សាច់ក្រក, ផ្អក, ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនទៀត៕