ដោយ: ភ្នំស្វាយ/ព្រំដែនកម្ពុជា-ថៃ: កម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុង និងស្នាក់ការសន្តិសុខនៅខេត្តបន្ទាយមានជ័យ បានប្រតិបត្តិការល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន បង្ការទប់ស្កាត់ការជ្រៀតចូលពីប្រទេសថៃមកកម្ពុជានូវពលករខ្មែរឆ្លងកាត់ហើយគេចវេះពីធ្វើចត្តាឡីស័ក ។
លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងររាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បានអោយដឹងកាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ថា ដោយទទួលបានបទបញ្ជាពីសំណាក់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ កាលពីថ្ងឌទី១៦ ខែកុម្ភៈ លោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងពង្រឹង កម្លាំងឈរជើងតាមច្រករបៀង និងកម្លាំងធ្វើការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុត។
ប្រតិបត្តិការល្បាតនេះ គឺមានបំណងបង្ការ ទប់ស្កាត់ពលករខ្មែរឆ្លងដែនខុសច្បាប់ ឬជ្រៀតចូលមកពីប្រទេសថៃ វិលមកប្រទេសកម្ពុជាដោយគ្មានការត្រួតពិនិត្យ យកវត្ថុសំណាករកមេរោគកូវីដ- ១៩ និងធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការពារ រួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺនេះ ចូលក្នុងសហគមន៍ ក៏ដូចឆ្លងដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ៕