Home ព័ត៌មានអន្តរជាតិ ជប៉ុន​ចាប់ផ្ត...

ជប៉ុន​ចាប់ផ្តើម​ចាក់​វ៉ា​ក់សាំង​ការពារកូ​វីដ​១៩​ដល់​បុគ្គលិក​សុខាភិបាល​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖​ជប៉ុន​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ដល់​បុគ្គលិក​សុខាភិបាល​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ខ្លួន​ចាប់ផ្តើម​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​រោគ​ដ៏​ប្រយ័ត្នប្រយែង​មួយ​នៅ​​ពេល​៥​ខែ​មុន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​តូ​ក្យូ​ឆ្នាំ​២០២០​ចាប់ផ្តើម​។​

​តាំងពី​មុន​មក​ជប៉ុន​បានអនុម័ត​ប្រើតែ​វ៉ាក់សាំង​របស់​ក្រុមហ៊ុនហ្វាយ​ហ្សឺ​/​ប៊ីយ៉ូ​អ៊ិន​ទិច (Pfizer/BioNTech)​និង​ចាប់ផ្តើម​ចាក់​ម្ជុល​ទី​១​នៅ​មន្ទីរពេទ្យក្រុង​តូ​ក្យូ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៧​កុម្ភៈ​។​នាយក​​មជ្ឈមណ្ឌល​វេជ្ជ​សា​សស្ត្រ​តូ​ក្យូ លោក​កាហ្ស៊ុ​យ​ហ៊ី​រ៉ូ អា​រ៉ា​គី បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​មុនគេ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ពេល​ក្រោយ​ចាក់​វ៉ាក់សាំង​ថា «​វ៉ាក់សាំង​ដើរតួនាទី​សំខាន់​មួយ​នៅក្នុង​វិធានការ​ប្រឆាំង​វីរុស​កូរ៉ូណា​។​ដូច្នេះ​ខ្ញុំ​គិតថា ក្នុងនាម​ជា​នាយក​ម្នាក់​ខ្ញុំ​នាំមុខគេ​ក្នុង​ការប្រើ​​វា​។​ខ្ញុំ​មិន​ចូលចិត្ត​ចាក់​ថ្នាំ​ប៉ុន្មាន​ទេ តែ​ការចាក់​នេះ​មិន​ឈឺ​ទេ ដូច្នេះ​ជា​ការល្អ​។​វា​ធូរ​អារម្មណ៍​»​។​

​គិលានុបដ្ឋាយិកា រី​ណូ យ៉ូ​ស៊ីដា ដែល​ពាក់​ម៉ាស់​និង​ក្បាំងមុខ នៅ​ស្ងៀម​និង​ហាក់​ធូរ​អារម្មណ៍​នៅពេល​នាង​ក៏​ជា​មនុស្ស​ដំបូង​នៅ​ជប៉ុន​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩​។​នាង​បាន​និយាយថា​«​ខ្ញុំ​មាន​​អារម្មណ៍​ថា​វា​ចូល តែ​មិន​ឈឺ​ទេ​។​មិន​ឈឺ​និង​ហើម​ទេ​»​។​

​ជប៉ុន​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ដំបូង​ដល់​បុគ្គលិក​វេជ្ជសាស្ត្រ​ចំនួន​៤០.០០០​នាក់​នៅ​ទូទាំង​ប្រទេស ហើយ​នឹង​សិក្សា​ផលប៉ះពាល់​ក្រោយ​ការចាក់​២​ដូ​សលើ​ពួកគេ​២០.០០០​នាក់​។​ប្រទេស​នេះ​សង្ឃឹមថា​នឹង​​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ប្រមាណ​៣,៧​លាន​នាក់​ចាប់ពី​ខែ​មីនា​ទៅ និង​ប្រជាជន​៣៦​លាន​នាក់​ទៀត​ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើង​ចាប់ពី​ខែ​មេសា​ទៅ មុន​បន្ត​ទៅ​ដល់​ប្រជាជន​ទូទៅ​៕

​ជប៉ុន​អនុម័ត​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន ហ្វាយ​ហ្សឺ​/​ប៊ីយ៉ូ​អ៊ិន​ទិច និង​ចាប់ផ្តើម​ចាក់​ដល់​បុគ្គលិក​វេជ្ជសាស្ត្រ​៤០.០០០​នាក់​កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular