ប្រែសម្រួល : កញ្ញាដាលីស ៖ លោកប៉េប ហ្គាឌីអូឡាបារម្ភថាការឈប់សម្រាករដូវបាល់ទាត់អន្ដរជាតិនៅខែក្រោយអាចនាំឱ្យមានការកើនឡើងនៃករណីវីរុសកូរ៉ូណានៅក្នុងបាល់ទាត់ដែលអាចបំផ្លាញអស់នូវការងារខំប្រឹងធ្វើជាច្រើនខែដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។
លោកហ្គាឌីអូឡានឹងដឹកនាំក្រុមរបស់លោកទៅកាន់ទឹកដីរបស់ក្រុមស្ករគ្រាប់ Everton នៅថ្ងៃពុធនេះ ដើម្បីបំពេញការប្រកួតនៅ Premier League ដែលត្រូវបានពន្យារពេលកាលពីថ្ងៃទី ២៨ ខែធ្នូដោយសារផ្ទុះករណីវិជ្ជមានជាច្រើននៅក្នុងជំរំរបស់ City ។
អំឡុងពេលដែលការប្រកួតនេះត្រូវបានផ្អាក មានការព្រួយបារម្ភថាលីកកំពូលអង់គ្លេសអាចប្រឈមនឹងការផ្អាក ខណៈក្លិបមួយចំនួនត្រូវបង្ខំចិត្តបិទទីលានហ្វឹកហាត់ប៉ុន្តែអ្វីដែលលោកហ្គាឌីអូឡាហៅថា “ការងារពិសេស” ពីក្របខ័ណ្ឌ Premier League ក្នុងការរឹតបន្តឹងពិធីសារនានា បាននាំទៅដល់ការធ្លាក់ចុះករណីឆ្លងគួរឱ្យកត់សម្គាល់ក្នុងខែមករា។
កាលពីសប្តាហ៍មុន ការធ្វើតេស្តិ៍លើកីឡាករនិងបុគ្គលិកចំនួន ២.៩៧០ នាក់នៅទូទាំងលីកកំពូលអង់គ្លេសបានរកឃើញករណីវិជ្ជមានចំនួន ២ ធៀបនឹង ៣៦ ករណីពីការធ្វើតេស្តិ៍ពីមនុស្ស ២.៥៩៣ នាក់រវាងថ្ងៃទី ៤-១០ ខែមករា និង ២៨ ករណីពីការធ្វើតេស្តិ៍មនុស្ស ១.៣១១ នាក់រវាងថ្ងៃទី ២៨-៣១ ខែធ្នូ។
ប៉ុន្តែខណៈក្រុមជម្រើសជាតិត្រៀមជួបប្រកួតគ្នានៅសប្តាហ៍ចុងក្រោយនៃខែមីនាខាងមុខ លោកហ្គាឌីអូឡាព្រួយបារម្ភថា បញ្ហាជាច្រើនអាចនឹងកើតឡើងនៅពេលខាងមុខ។
លោកហ្គាឌីអូឡានិយាយថា “សង្ឃឹមថាមិនអ៊ីចឹងទៅចុះ ប៉ុន្តែវិធីតែមួយគត់ដើម្បីការពារពីវីរុសនេះគឺត្រូវនៅផ្ទះនិងកុំធ្វើបំលាស់ទៅ រក្សាគម្លាតសង្គម និង មិនប៉ះពាល់មនុស្ស ពោលគឺកុំធ្វើដំណើរ”។
លោកបន្តថា “ឥឡូវនេះ មនុស្សនឹងធ្វើដំណើរហើយកីឡាករនឹងចូលទៅក្រុមជម្រើសជាតិរបស់ពួកគេ។ វាពិបាកគ្រប់គ្រាន់ហើយក្នុងការគ្រប់គ្រងមេរោគ ហើយខ្ញុំគិតថាអ្វីមួយនឹងបន្តកើនឡើងជាអកុសល។ ខ្ញុំចង់ទាយថារឿងអ៊ីចឹងនឹងមិនកើតឡើងទៅចុះ ប៉ុន្តែបទពិសោធនិយាយថាវាបានកើតឡើងនៅក្នុងរលកពីរឬបីរួចទៅហើយនៅលើពិភពលោក ដូច្នេះប្រសិនបើអ្នកធ្វើបំលាស់ទី អ្នកនឹងប្រឈមមុខនឹងការឆ្លងមេរោគម្តងទៀត”៕
លោកប៉េប ហ្គាឌីអូឡាបារម្ភថា ការឈប់សម្រាករដូវបាល់ទាត់អន្តរជាតិនឹងនាំឱ្យកើនឡើងករណីកូវីដសាជាថ្មី