ដោយៈ សរិទ្ធ / ភ្នំពេញៈ រឿងក្ដីឃាតកម្ម ឃោរឃៅ ដោយអារ ក សម្លាប់ម្ដាយបង្កើត កាត់ផ្ដាច់ក្បាលពីដងខ្លួន ត្រូវបានចៅក្រម សាលាដំបូងរាជធានីភ្នំពេញ លើកមកបើកសវនាការ ជំនុំជម្រះ កាលពីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំពោះមុខឃាតក ដែលមានអាការៈជំងឺវិប្បលាស ( សសៃប្រសាទ )។
ជនដៃដល់ ជាឃាតក ឈ្មោះ អ៊ាម សំណាង ភេទប្រុស អាយុ ៣៣ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន លក់ម៉ូតូហុងដា មានលំនៅស្ថាន ផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
លោក ជា សុវណ្ណ អធិការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ បានរាយការណ៍ ជូនតុលាការ ក្នុងសវនាការថាៈ នៅវេលាល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកបានទទួលព័តិមានថា មានអំពើឃាតកម្ម នៅក្នុងភូមិចោមចៅ ។ បន្ទាប់មក លោកបានដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ក៏បានឃើញសពស្ត្រីចំណាស់ម្នាក់ ត្រូវគេសម្លាប់ កាត់ក្បាលផ្ដាច់ចេញពីដងខ្លួន នៅមុខបន្ទប់ផ្ទះជួល និងកូនកាំបិតចុងស្រួចមួយ នៅក្បែរសាកសព ។ ភ្លាមនោះ សមត្ថកិច្ច បានប្រមូលព័តិមាន នៅជុំវិញកន្លែងកើតហេតុ ទើបដឹងថា ជនរងគ្រោះ ដែលស្លាប់ឈ្មោះ ហាក់ សីហា អាយុ ៦៥ ឆ្នាំ ជាអ្នករស់នៅខេត្តកំពង់ចាម ដែលទើបឡើង មកយកកូនប្រុស របស់គាត់ ទៅព្យាបាលជំងឺសសៃប្រសាទ។
លោក ជា សុវណ្ណ បានបន្តថាៈ ក្រោយទទួលបានព័តិមាន កម្លាំងសមត្ថកិច្ច ក៏ស្វែងរកជនដៃដល់ ហើយក្រោយមក ក៏ប្រទះឃើញឈ្មោះ អ៊ាម សំណាង ស្លៀកក្រមា ឈរក្រោមដើមឈើ មានប្រឡាក់ឈាម នៅដៃ ។ ពេលនោះ សមត្ថកិច្ច ក៏ចាប់ខ្លួនមកភ្លាម និងប្រមូលព័តិមានលំអិត នៅកន្លែងកើតហេតុ ទើបដឹងថា ជនដៃដល់ ជាកូនបង្កើតជនរងគ្រោះ មានជំងឺសសៃប្រសាទ ប្រចាំកាយ ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ នៅល្ងាចថ្ងៃកើតហេតុ ជនគ្រោះ បានរៀបចំអីវ៉ាន់ ដើម្បីនាំកូនទៅស្រុកកំណើតវិញ ហើយពេលនោះ ជនដៃដល់ ដូចជាឡប់សតិ ដើរស្រាតពេញផ្ទះ ជាហេតុធ្វើអោយគេគ្រប់គ្នា ខ្លាចមិនហ៊ាននៅក្បែរ ។ ចំណែកម្ដាយ ចេះតែចាប់រាំងកូន មិនអោយចេញក្រៅ ទាំងស្រាតននលគក ពេលនោះ ស្រាប់តែជនដៃដល់ បានទាត់ម្ដាយបង្កើត ៣ ជើង ចំដើមទ្រូង ដួលសន្លប់ស្កូក ។ បន្ទាប់មក ជនដៃដល់ បានយកកូនកាំបិត ចុងស្រួច មកអារ ក ម្ដាយ កាត់ក្បាលផ្ដាច់ពី ក ហើយក៏រត់ចេញពីភូមិ មកឈរលើទួលមួយ រហូតដល់ប៉ូលិស តាមរកឃើញ ។
នៅក្នុងសវនាការ ជនដៃដល់ បានសារភាពម្ដងខុស ម្ដងត្រូវថាៈ ខ្លួនមានជំងឺសសៃប្រសាទ យូរមកហើយ និងបានទទួលការព្យាបាល ពីមន្ទីរពេទ្យរុស្សី ហើយនៅថ្ងៃកើតហេតុនោះ ខ្លួនឃើញម្ដាយបង្កើត ដូចជាខ្មោច ហើយក៏សម្លាប់គាត់ទៅ ។
មេធាវីការពារផ្លូវច្បាប់ អោយជនដៃដល់ ស្នើអោយតុលាការ ពិនិត្យលើស្ថានភាពជំងឺផ្លូវចិត្ត របស់ឃាតក បើមានការបញ្ជាក់ ពីគ្រូពេទ្យជំនាញ ច្បាស់លាស់ គប្បីតុលាការ លើកលែងចោទ និងដោះលែងជនដៃដល់ អោយរួចពីការឃុំឃាំង ។
លោក កុល កំពូល ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានកំណត់យកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីប្រកាសសាលក្រមរឿងក្ដីនេះ៕/V