ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ស្គាល់អត្តសញ្ញាណហើយ មន្ត្រីប៉ូលិសដែលវ៉ៃស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង គឺឈ្មោះ ហាក់ លី ហៅ ពៅ នាយករងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការផ្ទុះហិង្សានេះ គឺដោយសារតែស្ត្រីបម្រើនៅក្នុងហាងមិនព្រមទៅដេកជាមួយខ្លួន។
ករណីនេះកើតឡើងនៅក្នុងហាង ជំនោរមករា កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្តីរាយការណ៍បានឲ្យដឹងថា ភាគីខាងមន្ត្រីប៉ូលិសបានរត់ការសម្របសម្រួលជាមួយជនរងគ្រោះដើម្បីបញ្ចប់រឿង និងមានការជួយសម្របសម្រួលពីមន្ត្រីមួយចំនួនផងដែរនៅក្នុងខេត្តព្រៃវែង។
ចំណែកលោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះថា ចំពោះករណីខាងលើនេះ ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងជាមួយខាងបុគ្គលិក កំពុងតែធ្វើការស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់ និងកំពុងតែអនុវត្តតាមនីតិវិធីជាក់ស្តែង។
រីឯលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងមិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
ចំណែកកូនស្ត្រីរងគ្រោះសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយរកយុត្តិធម៌។
ខាងក្រោមនេះជាខ្លឹមសារកូនស្ត្រីរងគ្រោះបង្ហោះក្នុងហ្វេសប៊ុកសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តុធម៌។
“ខ្ញុំបាទ ម៉េង ឆានន់ គោរពជូន សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ខ្ពង់ខ្ពស់។បានមានករណីអំពើហឹង្សា នៅថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា ម៉ោង ១២:៥០ យប់ ឈានចូលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានកើតឡើងនៅ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ មានអំពើហឹង្សាមកលើម្តាយរបស់ខ្ញុំបាទ ឈ្មោះ ឡោ សារុំ អ្នកបង្កហឹង្សា ឈ្មោះ ហាក់ លី ហៅ ពៅ នៅក្នុងហ្វេសប៊ុក ហាក់ លីមានស្រុកកំណើតនៅភូមិ កំពង់ឬស្សី ស្រុកពោរៀង ខេត្ត ព្រៃវែង។ មានគ្នា ៥នាក់ តែបង្កហឹង្សាតែមួយនាក់ទេ ឈ្មោះ ហាក់ លី ហៅ ពៅ ។ បានវ៉ៃ ម្តាយរបស់ខ្ញុំ ហើយអួតថាខ្លួនជាប៉ូលីសក្រសួងមហាផ្ទៃ។ ហើយបានបើកទ្វារឡានដកកាំភ្លើងមកគំរាមរកបាញ់ម្តាយរបស់ខ្ញុំ មូលហេតុដោយសារខឹងស្រីៗនៅក្នុងហាងជំនោរមករា មិនព្រមទៅដេកជាមួយ។ សូមគោរពជូនសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទ”។
ចំពោះករណីនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃម្នាក់នោះ ដែលអាងអំណាចដើរគំរាហកំហែងលើប្រជាពលរដ្ឋស្លូតត្រង់។
វីដេអូមន្ត្រីប៉ូលិសដែលបានប្រើហិង្សាលើស្ត្រីក្នុងហាងជំនោរមករា ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ តាមរយៈវីដេអូនេះ គឺមន្ត្រីប៉ូលិសរូបនោះ មានសភាពស្រឹងទប់ខ្លួនមិននឹងបានឈ្លោះជាមួយបុគ្គលិកនៅក្នុងហាង និងបានវ៉ៃទៅលើស្ត្រីម្នាក់…៕