ស្រាវជ្រាវប្រែសម្រួលៈ មេសា
រដ្ឋាភិបាល និង ប្រជាពលរដ្ឋ កូសូវ៉ូ ប្រារព្ធ ទិវាឯករាជ្យជាតិ របស់ពួកគេនៅថ្ងៃទី ១៧ ខែ កុម្ភៈ ដើម្បី រំឭកដល់ថ្ងៃដែលពួកគេប្រកាសឯករាជភាពពី យូហ្គោស្លាវី នៃ សហព័ន្ធ ស៊ែប ដោយជោគជ័យ កាលពីឆ្នាំ ២០០៨ បន្ទាប់ពីបានតស៊ូរើបម្រះដោយហិង្សានានាក៏ដូចជាសង្គ្រាមយ៉ាងបង្ហូរឈាម និង សន្តិវិធីមក ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋ កូសូវ៉ូ មានផ្ទៃដី ១០.៩០៨ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងទ្វីប អឺរ៉ុប ភាគអាគ្នេយ៍ នៃ តំបន់ឧបទ្វីបបាល់កង់ មានព្រំដែនជាប់នឹងប្រទេស អាល់បានី ម៉ាសេដូនី ម៉ុងតេណេហ្គ្រោ និង ស៊ែប ។ ឆ្នាំ ២០២១ មានប្រជាពលរដ្ឋជិត ពីរ លាននាក់ ភាគច្រើនជាអ្នកកាន់សាសនា អ៊ិស្លាម ។ ភាសាផ្លូវការគឺភាសា អាល់បានី និង ភាសា ស៊ែប៊ី រដ្ឋធានីគឺទីក្រុង ព្រីស្ទីណា ។
ប្រវត្តិសាស្ត្រ
ទឹកដីដែលជាប្រទេស កូសូវ៉ូ បច្ចុប្បន្ននេះ ធ្លាប់ជាផ្នែកមួយ នៃ មហាចក្រភព អូតូម៉ង់ ( ទួកគី ) ហើយក៏ធ្លាប់ជាផ្នែមួយ នៃ ចក្រភព Byzantines ( អាល្លឺម៉ង់ ) អស់រាប់រយឆ្នាំ ។
ចាប់ពីថ្ងៃទី ខែ តុលា ឆ្នាំ ១៩១២ ដល់ខែ ឧសភា ឆ្នាំ ១៩១៣ រដ្ឋទាំងបួននៅតំបន់ បាល់កង់ គឺ ប៊ុលហ្គារី ស៊ែប ក្រិក និង ម៉ុងតេណេហ្គ្រោ បានព្រួតគ្នាធ្វើសង្គ្រាមប្រឆាំងនឹងការកាន់កាប់របស់ចក្រភព អូតូម៉ង់ នៅតំបន់នោះ ហើយជាលទ្ធផលពួកគេបានបណ្តេញ ចក្រភព អូតូម៉ង់ ចេញពីតំបន់បាល់កង់ដោយជោគជ័យ ។
តាមរយៈសន្ធិសញ្ញា ទីក្រុង ឡុងដ៍ នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ១៩១៣ ទឹកដីភាគខាងលិច នៃ តំបន់ កូសូវ៉ូ ( ម៉េតូហ៊ីចា ) ត្រូវបានប្រគល់ទៅឱ្យ ម៉ុងតេណេហ្គ្រោ ចំណែកភាគខាងកើត ប្រគល់ទៅឱ្យ ស៊ែប៊ី ។
សង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨) កូសូវ៉ូ ត្រូវបាន កាន់ កាប់ដោយ ប៊ុលហ្គារី និង អូទ្រីស-ហុងគ្រី ។ លុះចប់សង្គ្រាម កូសូវ៉ូ ត្រូវ បាន ដាក់បញ្ចូលឱ្យទៅជា អាណាចក្រ ស៊ែប ក្រូអាត និង ស្លូវេនី នៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩១៨ ។
ការរៀបចំទឹកដី មានការប្រែប្រួលជាហូរហែ មួយអន្លើដោយជម្លោះ និង សង្គ្រាម មានសង្គ្រាមលោកលើកទី ២ ជាដើមនោះ នាំឱ្យវាសនា នៃ ដែនដី កូសូវ៉ូ ធ្លាក់ទៅក្នុងការត្រួតត្រារបស់ម្ចាស់ផ្សេងៗគ្នាជាបន្តបន្ទាប់ ។
ជាខេត្តរបស់យូហ្គោស្លាវី
គិតត្រឹឆ្នាំ ១៩៤៦ ខេត្ត កូសូវ៉ូ និង មេតូហ៊ីចា បានក្លាយជាខេត្តស្វយ័ត របស់សាធារណរដ្ឋ យូហ្គោស្លាវី នៃ សាធារណរដ្ឋ សហព័ន្ធ ស៊ែប ដែលបានសេចក្តីថា កូសូវ៉ូ ក៏ជាផ្នែកមួយ នៃ សហព័ន្ធ ស៊ែប ដែរ ។
នៅឆ្នាំ ១៩៧៤ ខេត្តស្វយ័ត កូសូវ៉ូ និង មេតូហ៊ីចា បានក្លាយជា ខេត្តសង្គមនិយម ស្វយ័ត កូសូវ៉ូ ផ្តល់លទ្ធភាពឱ្យខេត្តមួយនេះ អាចគ្រប់គ្រង និង បំពេញមុខងារ ការងាររដ្ឋបាលសាធារណៈរបស់ខ្លួនដោយឯករាជ្យក្នុងក្របខណ្ឌ យូហ្គោស្លាវី ហើយ កូសូវ៉ូ មានទាំង សភា របស់ខ្លួនទៀតផង ។
បញ្ហាជាតិសាសន៍អាល់បានី-ស៊ែប៊ី
មិនស្មើភាពគ្នា រវាងជាតិសាសន៍ ស៊ែប៊ី និង អាល់បានី នៅក្នុងទឹកដី កូសូវ៉ូ នាំឱ្យមានទំនាស់ជាបន្តបន្ទាប់ ។ ជនជាតិ អាល់បានី ជាជនភាគច្រើននៅលើខេត្ត កូសូវ៉ូ ប៉ុន្តែជនជាតិ ស៊ែប៊ី មានសិទ្ធិសេរីភាពជាង ព្រោះតែ ជាជាតិ ស៊ែប៊ី មានតួនាទីនៅក្នុង យូហ្គោស្លាវី ។
ជនជាតិ អាល់បានី ចាប់ផ្តើមមើលឃើញថា ពួកគេជាជនជាតិភាគតិច នៅក្នុងរដ្ឋ យូហ្គោស្លាវី ដែលបានធ្វើឱ្យពួកគេក្លាយជាជាតិសាសន៍កម្រិតទីពីរ បើធៀបទៅនឹងជាតិសាសន៍នានានៅក្នុងសាធារណរដ្ឋ យូហ្គោស្លាវី ។ ដោយហេតុនេះ ពួកគេបានទាមទារឱ្យដែនដី កូសូវ៉ូ ក្លាយជាសាធារណរដ្ឋ សភានិយម ស្របជាមួយនឹង យូហ្គោស្លាវី គឺមិនមែនជាអាណាខេត្តរបស់ យូហ្គោស្លាវី ទេ ។ភាពតានតឹងពាក់ព័ន្ធនឹងជាតិសាសន៍ នេះក៏បានផ្តល់ភាពងាយស្រួលដល់ប្រធានាធិបតី ស៊ែប៊ី លោក ស្លូបូដាន់ មីឡូសូវិច លប់បំបាត់ នូវសិទ្ធិស្វយភាព ពី កូសូវ៉ូ នៅឆ្នាំ ១៩៧៤ ដដែលនោះ ។ ការលុបបំបាត់នេះ ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំផ្សេងទៀត នៃ សាធារណរដ្ឋ យូហ្គោស្លាវី ។
ចាប់ផ្តើមពីខែ មីនា ឆ្នាំ ១៩៨១ និស្សិត អាល់បានី នៅក្នុងដែនដី កូសូវ៉ូ បានធ្វើបាតុកម្មទាមទារឱ្យ កូសូវ៉ូ ជាសាធារណរដ្ឋនៅក្នុងក្របខណ្ឌ យូហ្គោស្លាវី ។ ប៉ុន្តែបាតុកម្មទាំងនោះត្រូវបានបង្ក្រាបយ៉ាងឃោរឃៅដោយប៉ូលិស ។
អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ភាពតានតឹងខាងជាតិសាសន៍នៅតែបន្ត ដោយមាន អំពើហិហ្សាផ្ទុះឡើងជាញឹកញាប់ប្រឆាំងនឹងអាជ្ញាធររដ្ឋ យូហ្គោស្លាវី ដែលជាលទ្ធផល នាំ ឱ្យមានការភៀសខ្លួនដោយជនជាតិ ស៊ែប និង ក្រុមជាតសាសន៍ផ្សេងៗនៅក្នុងដែនដី កូសូវ៉ូ កើនឡើង ។
ថ្នាក់ដឹកនាំ យូហ្គោស្លាវី បានព្យាយាមបង្ក្រាបពួកប្រឆាំងនឹងជនជាតិ ស៊ែប នៅដែនដី កូសូវ៉ូ ដោយស្វែងរកការការពារពីហិង្សាប្រឆាំងជាតិសាសន៍ ។ យូហ្គោស្លាវី បានដាក់កម្លាំងរក្សាសន្តិសុខនៅក្នុងដែនដី កូសូវ៉ូ ។ ជនជាតិ អាល់បានី ចាត់ទុកថា ការដាក់កម្លាំងនេះ គឺដើម្បីការពារជនជាតិ ស៊ែប៊ី និង បង្ក្រាបជនជាតិ អាល់បានី នៅទីនោះតែប៉ុណ្ណោះ ។
សង្គ្រាម កូសូវ៉ូ
ភាពតានតឹងអន្តរជាតិសាសន៍នៅក្នុងដែនដី កូសូវ៉ូ កាន់តែធ្ងន់ធ្ងរទៅៗ ។ នៅឆ្នាំ ១៩៨៩ ប្រធានាធិបតី ស៊ែប៊ី លោក ស្លូបូដាន់ មីឡូសូវិច បានប្រើឧបាយកលចម្រុះ ដូចជាបំភិតបំភ័យ និង ការប្រើឧបាយកលនយោបាយ និង បានកាត់បន្ថយលក្ខណៈស្វ័យភាពពិសេស នៅក្នុងសហព័ន្ធ ស៊ែប៊ី និង បានចាប់ផ្តើមសង្កត់សង្កិនវប្បធម៌ នៃ ជនជាតិ អាល់បានី នៅលើដែនដី កូសូវ៉ូ ។
ជនជាតិ អាល់បានី នៅដែនដី កូសូវ៉ូ បានឆ្លើយតប ដោយចលនា អ្នកផ្តាច់ខ្លួនអហិង្សា ដោយការពង្រីកនូវ “ ការបដិសេធគោរពច្បាប់រដ្ឋ “ ហើយបង្កើតនូវរចនាសម្ព័ន្ធស្មើភាពគ្នាក្នុងវិស័យអប់រំ សុខាភិបាល និង ពន្ធដារ ដើម្បី “ ឯករាជភាព កូសូវ៉ូ “ ។
លុះដល់ខែកក្កដា ឆ្នាំ ១៩៩០ ជនជាតិ អាល់បានី នៅក្នុងដែនដី កូសូវ៉ូ បានប្រកាសវត្តមាន នៃ សាធារណរដ្ឋ កូសូវ៉ូ ហើយប្រកាសថា កូសូវ៉ូ គឺជារដ្ឋអធិបតេយ្យ ។ កងទ័ពរដោះ កូសូវ៉ូ ( KLA ) ត្រូវបានបង្កើតនៅឆ្នាំ ១៩៩១ ដែលតាមពិតទៅពេលនេះពួកគេឋិតក្នុងសភាពជាកងទ័ពឧទ្ទាមនៅឡើយ គឺត្រៀមនឹងធ្វើសង្ក្រាមដើម្បីឯករាជ្យរបស់ដែនដី កូសូវ៉ូ ។
ខែ កញ្ញា ឆ្នាំ ១៩៩២ ពួកគេបានប្រកាសថា កូសូវ៉ូ គឺជារដ្ឋឯករាជ្យ ។ ខែ ឧសភា ឆ្នាំ ១៩៩២ លោក អ៊ីប្រាហ៊ីម រូហ្កូវ៉ា ត្រូវបានបោះឆ្នោតជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតដែលមានតែជនជាតិ អាល់បានី ប៉ុណ្ណោះ ទៅបោះឆ្នោតនោះ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សាធារណរដ្ឋ កូសូវ៉ូ ត្រូវបានទទួលស្គាល់ជាផ្លូវការត្រឹមតែពីសំណាក់ជនជាតិ អាល់បានី ប៉ុណ្ណោះ ។
គិតត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ប្រជាពលរដ្ឋ អាល់បាល់នី នៅក្នុងដែនដី កូសូវ៉ូ បានកើនឡើងឥតឈប់ឈរ ខណៈដែល ស្ថានភាព របស់ កូសូវ៉ូ នៅតែមិនទាន់ត្រូវបានដោះស្រាយបញ្ចប់ ។
ឆ្នាំ ១៩៩៦ កងទ័ពរំដោះ កូសូវ៉ូ (KLA) ជាកងទ័ពឧទ្ទាមរបស់ជនជាតិ អាល់បានី ដែលស្វែងរកការផ្តាច់ខ្លួនរបស់ កូសូវ៉ូ ដើម្បីបង្កើតនូវមហា អាល់បានី នោះ បានឈ្នះលើក្រុមចលនា អហិង្សា របស់លោក រូហ្កូវ៉ា ហើយក៏បានចាប់ផ្តើមបើកការវាយលុកទៅលើ កងកម្លាំងសន្តិសុខ យូហ្គោស្លាវី នៅក្នុងដែនដី កូសូវ៉ូ ។
នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ កងទ័ព KLA បានបើកការវាយលុកលើកងទ័ព និង នគរបាល យូហ្គោស្លាវី ដែលមានវត្តមាននៅលើដែនដី កូសូវ៉ូ ក្នុងគោលបំណងបណ្តេញកងកម្លាំង របស់ យូហ្គោស្លាវី ចេញពីដែនដី កូសូវ៉ូ ។ កងទ័ពឆ័ត្រយោង និង កងកម្លាំងសន្តិសុខរបស់ ស៊ែប៊ី បែរជាត្រូវបានបន្ថែមចំនួននៅលើទឹកដីជម្លោះដ៏រ៉ាំរ៉ៃនេះទៅវិញ ។ ការកាប់សម្លាប់ និង ការធ្វើទុក្ខបុកម្នេញយ៉ាងឃោឃៅដោយរូបភាពជាច្រើនត្រូវបានស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រកឃើញថា ត្រូវបានធ្វើដោយកងកម្លាំង ស៊ែប៊ី ( ឬ យូហ្គោស្លាវី ) ប្រឆាំងនឹងជនជាតិ អាល់បានី នៅលើដែនដី កូសូវ៉ូ ។
អន្តរាគមន៍ពីសហគមន៍អន្តរជាតិ
អង្គការ ណាតូ បានចាត់ទុកទង្វើរបស់ ស៊ែប៊ី ថាជាការបំពានទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅដែនដី កូសូវ៉ូ ។ ឆ្នាំ ១៩៩៨ នោះ សហគមន៍អន្តរជាតិ បានបង្គាប់ ឱ្យ យូហ្គោស្លាវី ចុះហត្ថលេខាលើបទឈប់បាញ់គ្នា និង ដកកងកម្លាំងសន្តិសុខរបស់ខ្លួនចេញពី ដែនដី កូសូវ៉ូ ។ ប៉ុន្តែបទឈប់បាញ់នេះមិនត្រូវបានធ្វើឡើយ ហើយរហូតដល់ខែ ធ្នូ ឆ្នាំដដែល នោះ ការប្រយុទ្ធគ្នានៅតែបន្ត ក៏បានទាក់ទាញសហគមន៍អន្តរជាតិឱ្យចូលជាប់ពាក់ព័ន្ធក្នុងជម្លោះនេះកាន់តែខ្លាំង ។
ខែ មករា ឆ្នាំ ១៩៩៩ អង្គការ ណាតូ បានព្រមានថា នឹងធ្វើអន្តរាគមន៍យោធា ប្រឆាំងនឹង យូហ្គោស្លាវី ប្រសិនបើ យូហ្គោស្លាវី មិនយល់ព្រមទៅនឹងការណែនាំរបស់ កងកម្លាំងថែរក្សាសន្តិភាពអន្តរជាតិ និង ការបង្កើតរដ្ឋាភិបាលមូលដ្ឋាន នៅ កូសូវ៉ូ ។
ប៉ុន្មានសប្តាហ៍ក្រោយមកសន្និសីទពហុជាតិសាសន៍ មួយត្រូវបានប្រារព្ធឡើង ។ ខែ មីនា ឆ្នាំ ១៩៩៩ ពួកគេបាន ព្រាងនូវកិច្ចព្រមព្រៀងមួយឈ្មោះថា Rambouillet Accords ដោយបានអំពាវនាវឱ្យស្តារឡើងវិញនូវ ស្វ័យភាព របស់ កូសូវ៉ូ និង ដាក់ពង្រាយកងរក្សាសន្តិសុខរបស់អង្គការ ណាតូ នៅលើដែនដី កូសូវ៉ូ ។
ប៉ុន្តែគណៈប្រតិភូភាគី យូហ្គោស្លាវី មើលឃើញថា លក្ខន្តិកៈនៅក្នុងសេចក្តីព្រាងនោះ ជារឿងមិនអាចទទួលយកបាន ទើបពួកគេមិនបានចុះហត្ថលេខាលើសេចក្តីព្រាងនោះឡើយ ។ សង្គ្រាម និង អំពើព្រៃផ្សៃនៅតែបន្តកើតមានពីសំណាក់កងកម្លាំង យូហ្គោស្លាវី ចំពោះជនជាតិ អាល់បានី នៅលើដែនដី កូសូវ៉ូ ។
បន្ទាប់ការពិភាក្សាដើម្បីសន្តិភាព បានបរាជ័យមក ចាប់ពីថ្ងៃទី ២៤ ខែ មីនា ដល់ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៩៩៩ អង្គការ ណាតូ បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងកងកម្លាំង យូហ្គោស្លាវី ដោយរួមទាំងគោលដៅនានានៅក្នុង កូសូវ៉ូ ផង ។ ចំណែកកងទ័ព KLA បានធ្វើសង្គ្រាមប្រឆាំងនឹង យូហ្គោស្លាវី នៅលើដី ។
ទ្រាំនឹងការព្រួតគ្នានេះមិនបាន សង្គ្រាមក៏ត្រូវបានបញ្ចប់ទៅនៅថ្ងៃទី ១០ ( ១១ ?) ខែ មិថុនា ឆ្នាំ ១៩៩៩ ដោយលោក ស្លូបូដាន់ មីឡូសូវិច យល់ព្រមអនុញ្ញាត្តឱ្យកងកម្លាំងថែរក្សាសន្តិភាព ចូលទៅក្នុងដែនដី កូសូវ៉ូ ហើយដកកងកម្លាំងសន្តិសុខទាំងអស់របស់ យូហ្គោស្លាវី ចេញពី កូសូវ៉ូ ដោយប្រគល់កិច្ចការគ្រប់គ្រង កូសូវ៉ូ បណ្តោះអាសន្នទៅឱ្យ អង្គការសហប្រជាជាតិ ។ ស្ថិតនៅក្រោមកិច្ចគ្រប់គ្រង់របស់អង្គការសហប្រជាជាតិនេះ កងទ័ពរបស់ KLA ត្រូវបានដាក់ឱ្យការគ្រប់គ្រងរបស់អង្គការ ណាតូ ។
ប្រកាសឯករាជ្យភាព
នៅខែ វិច្ឆិកា ឆ្នាំ ២០០១ កូសូវ៉ូ បានបោះឆ្នោតជ្រើសតាំងសភារបស់ខ្លួន ក្រោមការឃ្លាំមើលរបស់ អង្គការដើម្បីសន្តិសុខ និង សហប្រតិបត្តិការ នៅក្នុង អឺរ៉ុប ។ គណបក្សនយោបាយទាំងឡាយដែលមាសំលេងបានរួបរួមគ្នា ហើយបោះឆ្នោតជ្រើសរើសលោក អ៊ីប្រាហ៊ី រូហ្កូវ៉ា ជាប្រធានាធិបតី (ជាលើកទី ២) ។
ការបោះឆ្នោតនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ជ័យជម្នះបានទៅលើគណបក្សប្រជាធិបតេយ្យ កូសូវ៉ូ ដឹកនាំដោយលោក Hashim Thaci ដែលបានប្រកាសថា គោលដៅរបស់គាត់ គឺនឹងប្រកាសឯករាជភាព កូសូវ៉ូ ។
ដោយហេតុនេះ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០០៨ កូសូវ៉ូ បានប្រកាសឯករាជភាព របស់ខ្លួន ។ ពេលនោះ អង្គការសហប្រជាជាតិ បានទទួល កូសូវ៉ូ ថាជារដ្ឋឯករាជ្យ ។ ចំណែក ស៊ែប៊ី ក៏ទទួលស្គាល់ដែរ ។ ដោយហេតុនេះ កូសូវ៉ូ ក្លាយជារដ្ឋឯករាជ្យដោយសុខសាន្តចាប់ពីពេលនោះមក ។
រដ្ឋាភិបាល និង ប្រជាពលរដ្ឋ កូសូវ៉ូ ប្រារព្ធទិវាឯករាជ្យ របស់ខ្លួនដើម្បីរំលឹកដល់ថ្ងៃនេះឯង ៕