មហាសន្និបាត​កំណើត​ដំបូង និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល របស់​ក្រុម​អ្នក​ផលិត​អំបុក​នៅ​ខេត្តកំពង់ធំ​

​ដោយ​: ភ្នំ​ស្វាយ / កំពង់ធំ​: សន្និបាត កំណើត ដំបូង និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល របស់​ក្រុម​អ្នក​ផលិត​អំបុក​នៅ​ខេត្តកំពង់ធំ ត្រូវបាន​ធ្វើឡើង​នៅ​សាលាឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នោះ ដោយមាន​ការចូលរួម​ពី​ក្រុម​អជីវ​ករ​សហគម៍​ធំ​ផលិត​អំបុក​ជាង​២០០​នាក់​។​

​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា អំបុក​កំពង់ធំ​បង្កើត​ឲ្យ​មាន​មោទនភាព ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​ក៏ត្រូវ​ចូលរួម​ថែរក្សា​កេរ្តិ៍ដំណែល​វប្បធម៌ ប្រពៃណី អំបុក​កំពង់ធំ​។ កន្លងមក អំបុក​កំពង់ធំ​មានឈ្មោះ​បោះ​សំឡេង និង​ល្បីល្បាញ ជាពិសេស អំបុក​កំពង់ធំ ត្រូវបាន​អ្នក​កោះកុង ព្រៃវែង ភ្នំពេញ សៀមរាប និង​ខេត្ត​ដទៃទៀត​និយម​ពិសារ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​៖ ហេតុដូច្នេះ​បងប្អូន​ត្រូវ​ផលិត​អំបុក​ឲ្យ​មានគុណ​ភាព ជា​និរន្តរ៍ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ និង​សុវត្ថិភាព ក្នុងការ​បរិភោគ​ព្យាយាម​ទាក់ទង​រក​និង​រក្សា​ទីផ្សារ បង្កើត​កន្លែង​ដាក់តាំង​ផលិតផល​អំបុក សម្រាប់​តម្រូវការ​រប​ស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។

​លោក អ៊ុក ប្រជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពីស​ក្កា​នុព​ល សេដ្ឋកិច្ច និង​វប្បធម៌​ប្រពៃណី​របស់​អំបុក ទើប​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ផ្ដួច​ផ្ដើមគំនិត និង​គាំទ្រ​ក្នុងការ​កសាង​ម៉ាក​យីហោ អំបុក​កំពង់ធំ ម៉ាក​សមូហភាព និង​ចុះបញ្ជី​ត្រឹមត្រូវ នៅ​នាយកដ្ឋាន​កម្ម​សិ​ទ្ឌ​បញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​បាន​បន្តថា អំបុក​នៅក្នុង​ឃុំ​សា​នគរ​ខេត្តកំពង់ធំ​គឺមាន​លក្ខណៈពិសេស​ជាងគេ​ទើប​ក្រសួងពាណិជ្ជកម្ម​បានសម្រេច​យក​អំបុក​នៅ​ស្រុក​កំពង់ស្វាយ ជា​អំបុក​ដែលមាន​គុណភាព និង​មាន អនាម័យ​។​

​រួមទាំង​បាន​សំណូមពរ​ឲ្យ​បងប្អូន ដែល​ប្រកបមុខរបរ​បុក​អំបុក​ថែរក្សា​គុណភាព​អនាម័យ រួមទាំង​ការ​ការ​ស្លៀកពាក់ រួមទាំង​ការរក្សា​ទុក​និង​ការ​វេច​ខ្ចប់​ឲ្យ​បានល្អ​ដើម្បី​រក្សា​គុណភាព​មក​និង​រក្សា​កេរ្តិ៍ ឈ្មោះ​អំបុក​សាន​គរ​ខេត្ត​ដែលមាន​ការទទួលស្គាល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អតិថិជន​ទូទាំងប្រទេស​និង​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី យីហោ​”​អំបុក​សមូហភាព​” ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular