ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​ស្ថានីយ​ស្វ័យប្រវត្តិ ដល់​ទៅ​៨៦​កន្លែង​ហើយ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ ដែលជា​ជំនួយឥតសំណង​របស់​សាធារណៈរដ្ឋ​កូរ៉េ ចំនួន​២៧​ស្ថានីយ៍ បាន​តម្លើង​រួចរាល់​ធ្វើឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន ស្ថានីយ៍ឧតុនិយម​ស្វ័យ ប្រវត្តិ​កើន​ឡើងដល់​ចំនួន​៨៦ និង រ៉ា​ដា​តេ​ជោ​សែន​មួយ​។ ព្រម​ពេល​ជាមួយគ្នានេះ គម្រោង​សាងសង់​រ៉ា​ដា​តេ​ជោ​សែន​២ នៅក្នុង​ខេត្តកំពង់ធំ កំពុង​ត្រូវបាន​ដំណើការ​និតិ​វិធី​ថ្លៃ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​ថា ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ Automatic Weather Station (AWS) ចំនួន​២៧​ស្ថានីយ ដែលជា ជំនួយឥតសំណង​រប​ស់​សាធារណៈរដ្ឋ​កូរ៉េ បាន​តម្លើង​រួចរាល់​ជា​ស្ថាពរ​ហើយ នៅក្នុង​រាជធានី ខេត្ត​ចំនួន​១១​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយថា ការ​តម្លើង​ស្ថានីយ​ទាំង​២៧ នេះ​បានចាប់ផ្តើម​ដោយ​អ្នកជំនាញការ​កូរ៉េ តាំងពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ គឺ បន្ទាប់ពី​សម្ភារៈ​បរិក្ខា​របស់​ស្ថានីយ​បាន​ទៅដល់​។ នៅពេលនេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​មាន​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ កើន​ដល់​ចំនួន​៨៦​កន្លែង​ហើយ នៅ​គ្រប់​រាជធានី​ខេត្ត​ទាំង​២៥​។​

​លោក​ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា តាម​គម្រោង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គឺ​ចាំបាច់​ត្រូវមាន​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ​នៅ​គ្រប់ ស្រុក ក្រុង ទូទាំងប្រទេស ដើម្បី​ធ្វើការ​តាមដាន​ព័ត៌មាន​អាកាសធាតុ ឱ្យបាន​ទាន់ពេលវេលា​។

​ក្រៅពី​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ ដែល​បាន​តម្លើង​រួច ចំនួន​៨៦​គោលដៅ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កំពុង​ដំណើការ និតិ​វិធី​ថ្លៃ​សាងសង់​ស្ថានីយ៍​រ៉ា​ដា​តេ​ជោ​សែ​នទី ២​នៅក្នុង​ខេត្តកំពង់ធំ បន្ទាប់ពី​ស្ថានីយ៍​រ៉ា​ដា​តេ​ជោ​សែ​ទី​១ បាន​តម្លើង​រួច និង​កំពុង​ប្រើប្រាស់​នៅក្នុង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក្បាលថ្នល់​។​

​ស្ថានីយឧតុនិយម​ស្វ័យ​ប្រ​វ​តិ្ត ដែល​ទើបបាន​តម្លើង​រួច​នេះ គឺជា​សមិទ្ធិផល ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​ឧតុនិយម ដែល​ធ្វើឱ្យ​ការទទួល ទិន្នន័យ​ធាតុអាកាស​កាន់តែ​លម្អិត​ល្អប្រសើរ ដើម្បី​បម្រើ​ដល់​ការព្យាករណ៍ ក៏ដូចជា ការជូនដំណឹង​ធាតុអាកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​កាន់តែ​ច្បាស់លាស់ និង​ទាន់ពេលវេលា ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular