ដោយ: បូកគោ / កំពត: សមត្ថកិច្ចនៃវរៈសេនាតូចលេខ៦០១ការពារព្រំដែនគោក កាលពីវេលាទៀបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងបទនាំមនុស្សឆ្លងដែនខុសច្បាប់ចូលមកខេត្តកំពត។ ការឃាត់ខ្លួននេះ បានធ្វើឡើងក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាជនសង្ស័យទាំងពីរនាក់ រួមមាន ១. ឈ្មោះ ហុន ថន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ២. ឈ្មោះ ហុន វីក ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ ពេលកំពុងប្រចាំការ និងល្បាតក្នុងភូមិសាស្ត្រភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង កម្លាំងការពារព្រំដែនគោកបានប្រទះឃើញមនុស្សប្រុសស្រីប្រាំនាក់។ ក្នុងនោះបុរសពីរនាក់ជាជនជាតិខ្មែរ និងមនុស្សប្រុសស្រីបីនាក់ទៀតជាជនជាតិវៀតណាម។ តាមរយៈការសួរនាំទៅជនជាតិវៀតណាមទាំងបីនាក់ សមត្ថកិច្ចទទួលចម្លើយថាពួកគេត្រូវមេខ្យល់ទាំងពីរនាក់នោះនាំឆ្លងដែនចូលមកកម្ពុជា។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយសួរនាំ និងធ្វើកំណត់ហេតុរួចរាល់ កម្លាំងការពារព្រំដែនគោកវរៈសេនាតូច៦០១ ក៏បានប្រគល់ជនសង្ស័យទាំងពីរនាក់ឱ្យមន្ត្រីគរបាលនៃស្នងការដ្ឋានខេត្តកំពតដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនជាតិវៀតណាមទាំងបីនាក់ប្រគល់ជូនយោធាការពារព្រំដែនវៀតណាមដោយសំណូមពរសូមផ្ដល់ព័ត៌មានត្រឡប់មកវិញូវលទ្ធផលតេស្ដសម្រាប់អ្នកទាំងបីក្រោយធ្វើចត្តាឡីស័ករួចរាល់៕