Home ព័ត៌មានអន្តរជាតិ តារាវិទូ​និយា...

តារាវិទូ​និយាយថា អ្នក​សម្លាប់​ដាយ​ណូ​ស័រគឺ​ផ្កាយដុះកន្ទុយម​ក​ពី​ចុង​ប្រព័ន្ធ​សុរិយ​គតិ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ហុកសិប​ប្រាំមួយ​លាន​ឆ្នាំមុន វត្ថុ​អវកាស​ដ៏​ធំ​មួយ​បាន​វាយប្រហារ​នៅ​ឯនាយ​ឆ្នេរ​មួយ​ដែល​ឥឡូវ​ជា​ប្រទេស​ម៉ិក​ស៊ិក ដោយ​បង្ក​ជា “​រដូវរងា​ដ៏​មហន្តរាយ​”​ដែល​ទីបំផុត​បាន​​បំផ្លាញ​ជីវិត ៣ ភាគ ៤ នៅ​លើ​ផែនដី​រួម​ទាំង​ដាយ​ណូ​ស័រ​ផងដែរ​។​

​តារាវិទូ​ពីរ​នាក់​នៅ​សាកលវិទ្យាល័យ​ហា​វើដ​និយាយថា ឥឡូវ​នេះ​ពួកគេ​បាន​ដោះស្រាយ​អាថ៌កំបាំង​ជា​យូរ​មក​ហើយ​ជុំវិញ​លក្ខណៈ​និង​ដើម​កំណើត​របស់ “​ក្រហូង​ឈីក​ស៊ូ​លូប​” នៅ​ប្រទេស​ម៉ិក​ស៊ិក​។​

​ការវិភាគ​របស់​ពួកគេ​បាន​បង្ហាញថា ក្រហូង​នោះ​គឺ​បង្កឡើង​ដោយ​ផ្កាយដុះកន្ទុយ​មួយ ដែល​មាន​ដើមកំណើត​នៅ​តំបន់​កម្ទេចកម្ទី​ទឹកកក​នៅ​គែម​នៃ​ប្រព័ន្ធ​សុរិយ​គតិ ដែល​ភព​ព្រហស្បតិ៍​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​រុញ​ផ្កាយដុះកន្ទុយ​មក​បុក​ចូល​ភពផែនដី​របស់​យើង ហើយ​យើង​អាច​រំពឹង​មាន​ផលប៉ះពាល់​ស្រដៀង​គ្នា​នេះ​រៀងរាល់ ២៥០ លាន​ទៅ ៧៥០ លាន​ឆ្នាំ​ម្តង​។​

​ឯកសារ​របស់​អ្នក​ទាំង​ពីរ ដែល​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Scientific Reports នៅ​សប្តាហ៍​នេះ បាន​ទាត់ចោល​ទ្រឹស្តី​ចាស់​មួយ​ដែល​អះអាង​ថា វត្ថុ​អវកាស​នោះ​គឺជា​បំណែក​នៃ​អាចម៍ផ្កាយ​មួយ​ដែល​មក​ពី​ក្រវាត់​មេ​នៃ​ប្រព័ន្ធ​សុរិយគតិ​។​

​អ្នកនិពន្ធ​ឈានមុខ​លោក អា​មៀរ ស៊ីរ៉ា​ច បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ភព​ព្រហស្បតិ៍​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​ជា​ភព​ដែល​ធំជាងគេ​បំផុត​នៅក្នុង​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​”​។​

​ភព​ព្រហស្បតិ៍​ទីបំផុត​ដើរតួ​ជា “​ម៉ាស៊ីន​បាញ់​គ្រាប់​បាល់​” ដែល​បញ្ជូន​ផ្កាយដុះកន្ទុយ​ចាស់វស្សា​ទៅកាន់​គន្លង​គោចរ​កៀក​ព្រះអាទិត្យ​។​

​អ្វី​ដែល​គេ​ហៅថា “​ផ្កាយដុះកន្ទុយ​ចាស់វស្សា​” នោះ គឺ​ចេញ​មកពី​ពពក​អូត (Oort) ដែល​គេ​គិតថា​ជា​សំបក​រាង​ស្វ៊ែរ​ដ៏​ធំ​នៅ​ព័ទ្ធជុំវិញ​ប្រព័ន្ធ​សុរិយគតិ​ប្រៀប​បី​ដូចជា​ពពុះ​ដែល​បង្កើត​ចេញ​ពី​បំណែក​ទឹកកក​ប៉ុន​ភ្នំ​ឬ​ធំ​ជាង​នេះ​។​

​ផ្កាយដុះកន្ទុយ​នេះ​ត្រូវ​ចំណាយពេល ២០០ ឆ្នាំ​ធ្វើ​គោចរ​មកដល់​ព្រះអាទិត្យ និង​ត្រូវបាន​ហៅថា “​ផ្ទាំង​ទឹកកក​ព្រះអាទិត្យ​” ផងដែរ ដោយសារតែ​ការធ្វើដំណើរ​របស់​វា​ឆ្លងកាត់​កៀក​ព្រះអាទិត្យ​។

​ដោយសារ​ពួក​វា​ចេញមក​ពី​ផ្ទាំង​ទឹក​ក​យ៉ាង​ជ្រៅ​នៃ​ប្រព័ន្ធ​សុរិយគតិ​ខាងក្រៅ ផ្កាយដុះកន្ទុយ​គឺ​មាន​ទឹកកក​ច្រើន​ជាង​អាចម៍ផ្កាយ ហើយ​ល្បី​សម្បូរ​ទៅដោយ​ឧស្ម័ន​និង​ធូលី ដែល​ពួក​វា​បាន​បង្កើត នៅពេល​វា​រលាយ​។​

​ប៉ុន្តែ​លោក​ស៊ីរ៉ា​ច​និយាយថា ផល​ប៉ះពាល់​នៃ​កម្តៅ​ព្រះអាទិត្យ​ទៅលើ “​ផ្ទាំង​ទឹកកក​ព្រះអាទិត្យ​” គឺ​គ្មានអ្វី​អាច​ប្រៀបធៀប​ផ្ទឹម​បាន​ទៅ​នឹង​កម្លាំង​ជំនោរ​ដែល​ពួក​វា​បញ្ចេញ​នោះឡើយ នៅពេល​ផ្នែក​ម្ខាង​របស់​វា​ប្រឈម​នឹង​ព្រះអាទិត្យ​របស់​យើង​។​

​លោក​និយាយថា “​ជា​លទ្ធផល ផ្កាយដុះកន្ទុយ​ទាំងនេះ​បញ្ចេញ​នូវ​កម្លាំង​ជំនោរ​ដ៏​ធំ​បំផុត​មួយ ដែល​បំណែក​ខ្លួន​ធំ​បំផុត​របស់​វា​នឹង​បែក​ជា​បំណែកៗ​រាប់ពាន់​ដុំ ដែល​ធំ​ល្មម​ដើម្បី​បង្កើត​ក្រហូង​ឈីក​ស៊ូលូ​បឬព្រឹត្តិ​ការណ៍សម្លាប់​ដាយ​ណូ​ស័រ​នៅ​លើ​ផែនដី​”៕

ផ្កាយដុះកន្ទុយ​មក​ពី​ចុង​ប្រព័ន្ធ​សុរិយគតិ​ទេ ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការសម្លាប់​ផ្តាច់​ពូជ​ដាយ​ណូ​ស័រ ?​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular