Home ព័ត៌មានជាតិ សន្តិសុខ ដោយសារ​ចាញ់ល្...

ដោយសារ​ចាញ់ល្បែង ហើយ​ប្តី​មិន​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ នារី​ម្នាក់​សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន​

​ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ នារី​វ័យក្មេង​ម្នាក់ សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ ក្នុង​យប់​តែមួយ រហូតដល់​ទៅ​២​ដង ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច ជួយសង្គ្រោះ​ទាន់ពេល គឺ​ដោយសារតែ​ចាញ់ល្បែង អស់​ប្រមាណ​២​ម៉ឺ​ដុល្លារ ហើយ​ប្តី​ក៏​មិន​ទទួលស្គាល់​កូន​ទៀត​។ ហេតុការណ៍​នេះ កើតឡើង កាលពី​ម៉ោងជាង​១២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ស្ពាន​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា នារី​រូបនេះ ឈ្មោះ ចែត រិទ្ធី អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​ស៊ីឡឹប សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​ជិត​២​ខែ​មកហើយ​។​

​សមត្ថកិច្ច​បន្តថា នារី​រូបនេះ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន ដោយសារ​ជ្រុល​លេងល្បែង​ចាញ់​ប្រាក់​អស់ ២​ម៉ឺន​ដុល្លារ រួច​បាន​ទៅ​សារភាព​ប្រាប់​ប្តី ហើយ​បាន​បង្ក​ជា​ជម្លោះ ឈ្លោះប្រកែក​គ្នា​ពេញ​ផ្ទះ​។ ក្រោយមក នារី​រូបនេះ ត្រូវបាន​ប្តី និង​គ្រួសារ​ខាង​ប្ដី​បោះបង់ចោល មិន​ទទួលស្គាល់​កូន​ក្នុង​ផ្ទៃ ហើយ​នាង​មិន​ហ៊ាន​ត្រឡប់​ទៅរក​សាច់ញាតិ​ខ្លួន ដោយសារ​គ្មាន​ទីពឹង គិត​អ្វី​មិន​ចេញ ក៏​សម្រេចចិត្ត​ចង់​បញ្ចប់ជីវិត​ខ្លួនឯង​បែបនេះ​តែម្ដង​។​

​សមត្ថកិច្ច​បាន​នាំទៅ​កាន់​ប៉ុស្តិ៍នគរបាល​ជ័យជម្នះ ហើយ​ទាក់ទង​ហៅ​ក្រុមគ្រួសារ​នារី​រងគ្រោះ ឲ្យ​មក​ទទួលយក​ទៅផ្ទះ​វិញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular