ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈអង្គការភ្លែនអន្តរជាតិកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងនិងដៃគូអភិវឌ្ឍន៍បានប្រកាសទទួលស្គាល់ ក្រុងមួយ និងស្រុកចំនួនប្រាំរបស់ខេត្តព្រៃវែងជាក្រុងនិងស្រុកដែលសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិកម្ពុជានៅថ្ងៃនេះ។
ក្រុងមួយនិងស្រុកចំនួនប្រាំនៃខេត្តព្រៃវែងត្រូវបានប្រកាសទទួលស្គាល់ថា”បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល”(រូបថតអង្គការភ្លែនអន្តរជាតិ)
ប្រភពដដែលបញ្ជាក់ថា ពិធីប្រកាសទទួលស្គាល់នេះប្រារព្ធឡើងនៅថ្ងៃទី១៧ ខែកុម្ភៈនេះនៅសាលប្រជុំសាលាខេត្តព្រៃវែង។ក្រុងដែលត្រូវបានទទួលស្គាល់ថាជាក្រុងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលគឺក្រុងព្រៃវែង។ចំណែកស្រុកទាំងប្រាំមានដូចជាស្រុកស្វាយអន្ទរ ស្រុកកំចាយមារ ស្រុកមេសាង ស្រុកបាភ្នំ និងស្រុកកំពង់ត្របែក។
ប្រភពដដែលបង្ហាញថា ក្រុងព្រៃវែងមានចំនួនសរុប ៦.០៨៣ គ្រួសារនិងផ្ទះចំនួន ៥.២១៩ ហើយមានបង្គន់សរុបចំនួន ៥.០៥៦ និងមានបង្គន់រួមចំនួន១៦៣។នេះបានបង្ហាញថាទីក្រុងព្រៃវែងគឺជាទីក្រុងដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល១០០ភាគរយ។
ក្រុងមួយនិងស្រុកចំនួនប្រាំនៃខេត្តព្រៃវែងត្រូវបានប្រកាសទទួលស្គាល់ថា”បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល”(រូបថតអង្គការភ្លែនអន្តរជាតិ)
សេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះបានស្រង់ប្រសាសន៍លោកស្រី គ្វីននេត វ៉ងនាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិ កម្ពុជាមកបញ្ជាក់ថា”ខេត្តព្រៃវែងគឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅផ្សេងទៀតដែលមានចក្ខុវិស័យក្លាយជាខេត្តដែលបញ្ឈប់បន្ទោបង់ ពាលវាលពាសកាល (ODF) នៅឆ្នាំ ២០២៣ ស្របតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣។ កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះត្រូវបានធ្វើឡើងពីអ្នកពាក់ព័ន្ធជាច្រើន រួមមានម្ចាស់ជំនួយ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍។ ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងភាពជាអ្នកដឹកនាំ និងសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក និងឃុំ យើងសង្កេតឃើញមានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងខេត្តព្រៃវែង។ ប្រជាជន១៩.២៥១ នាក់បានប្រើប្រាស់បង្គន់អនាម័យ ៥៨២ភូមិ ៦៣ឃុំ និង៥ស្រុក ក្នុងចំណោម ១៣ស្រុក បានប្រកាសពីការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល”។
ក្នុងឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានក្លាយជាអ្នកទទួលជំនួយឥតសំណងរយៈពេលប្រាំឆ្នាំ ពីមូលនិធិអនាម័យសកល (GSF) ក្នុងគោលបំណងបង្កើនការទទួលបានអនាម័យកាន់តែប្រសើរឡើងនិងលើកកម្ពស់ការអនុវត្ត អនាម័យត្រឹមត្រូវនៅតាមជនបទនៅកម្ពុជា។ អង្គការភ្លែនអន្តរជាតិកម្ពុជាត្រូវបានជ្រើសរើសជាភ្នាក់ងារប្រតិបត្តិ (EA)សម្រាប់ កម្មវិធីនេះ ហើយសកម្មភាពនៃកម្មវិធីត្រូវបានអនុវត្តដោយអង្គការដៃគូអនុវត្តក្នុងស្រុក និងអន្តរជាតិនិងមន្ទីរអភិវឌ្ឍន៍ជនបទនានា របស់រាជរដ្ឋាភិបាល។
ក្រុងមួយនិងស្រុកចំនួនប្រាំនៃខេត្តព្រៃវែងត្រូវបានប្រកាសទទួលស្គាល់ថា”បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល”(រូបថតអង្គការភ្លែនអន្តរជាតិ)
លោកស្រី គ្វីននេត បានបន្តថាបន្ទាប់ពីជិត ៩ឆ្នាំ កម្មវិធីលើកកម្ពស់អនាម័យជនបទ បានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់អង្គការភ្លែនអន្តរជាតិកម្ពុជា ទោះបីជាកម្មវិធីលើកកម្ពស់អនាម័យជនបទ បានបញ្ចប់ក៏ដោយក៏យើងនឹងបន្តគាំទ្រដល់ រដ្ឋាភិបាលដើម្បីលើកកម្ពស់បន្ថែមទៀតនូវស្ថានភាពទឹកស្អាត និងអនាម័យដល់សហគមន៍ជនបទនៅកម្ពុជា។
លោកស្រី គ្វីននេត បានបន្ថែមថា”សសរស្តម្ភមួយនៃយុទ្ធសាស្ត្រប្រទេស ៥ឆ្នាំថ្មីរបស់យើងដែលនឹងចាប់ផ្តើមនៅ ខែកក្កដា ឆ្នាំ២០២១ គឺកម្មវិធី ”ការចាប់ផ្តើមជាមួយសុខភាពល្អ” ដែលកម្មវិធីនេះរួមបញ្ចូលនៃកម្មវិធីទឹកស្អាតនិងអនាម័យ កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធីគាំពារនិងអភិវឌ្ឍកុមារតូច។ជាមួយនឹងធនធានដែលយើងមានយើងនឹងគាំទ្រដល់រដ្ឋាភិបាលដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការប្រើប្រាស់ជាសកលនូវទឹកស្អាត និងអនាម័យនៅឆ្នាំ២០៣០”។
ក្រុងមួយនិងស្រុកចំនួនប្រាំនៃខេត្តព្រៃវែងត្រូវបានប្រកាសទទួលស្គាល់ថា”បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល”(រូបថតអង្គការភ្លែនអន្តរជាតិ)
គួររំលឹកថាអង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។សកម្មភាពរបស់អង្គការគឺខិតខំដើម្បី ពិភពលោកដ៏យុត្តិធម៌មួយ ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងដៃគូរបស់យើង។ ដោយមានបទពិសោធជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យរៀន ដឹកនាំ សម្រេចចិត្ត និងលូតលាស់។ អង្គការភ្លែនអន្តរជាតិកម្ពុជាបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២៕សរន
ក្រុងមួយនិងស្រុកចំនួនប្រាំនៃខេត្តព្រៃវែងត្រូវបានប្រកាសទទួលស្គាល់ថា”បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល”(រូបថតអង្គការភ្លែនអន្តរជាតិ)