ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ បាត់ដំបង បានស្នើសុំសារព័ត៌មាន មុនចុះផ្សាយអត្ថបទរបស់ខ្លួន បាក់ព័ន្ធនឹងប្ដី ត្រូវចេះគិត និងថ្លឹងថ្លែងពីការប៉ះទង្គិច ដល់ភាគីប្រពន្ធ និងកូនផង ដើម្បីជៀសវាងការប៉ះពាល់ ខូចខាត កាន់តែធ្ងន់ធ្ងរ។ លោក នួន សាន អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ បាត់ដំបង បានស្នើសុំបែបនេះ នៅក្នុងសិក្ខាសាលា អង្គភាពអនុវត្តច្បាប់ ស្តីពីរបបសារព័ត៌មាន រវាងអ្នកសារព័ត៌មាន និងមន្ត្រីជាច្រើននាក់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅក្រុងបាត់ដំបង។
អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ បាត់ដំបង រូបនេះ បានលើកឡើងថាៈ អ្នកសារព័ត៌មាន គឺកញ្ចក់ឆ្លុះបញ្ចាំង នាំសារពីប្រជាពលរដ្ឋ ទៅកាន់ថ្នាក់ដឹកនាំ និងនាំសារពីថ្នាក់ដឹកនាំ មកប្រាប់ដល់ប្រជាពលរដ្ឋ នៅឯមូលដ្ឋាន ដូចនេះ អ្នកសារព័ត៌មានទាំងអស់ មានតួនាទីសំខាន់ ដែលគប្បីត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ ត្រឹមត្រូវ ពិសេសត្រូវមានអង្គសំខាន់ ចំនួន ៣ គឺៈ សច្ចៈភាព យុត្តិធម៌ និងមិនលំអៀង ។ ប្រសិនបើធ្វើបានតាមចំណុចទាំង៣នេះ តួនាទីអ្នកសារព័ត៌មាន នឹងកាន់តែមានការគាំទ្រច្រើន មិនសាបសូន្យ មានកិត្តិយស ផ្តល់ពីសំណាក់មហាជន គ្រប់មជ្ឈដ្ឋាននានា។
លោកបានបញ្ជាក់ថាៈ ការធ្វើព័ត៌មានផ្សាយ មិនមែនធ្វើឲ្យតែបាននោះទេ ពិសេសយុគសម័យទំនើប ឡាយអនឡាញ ត្រូវចេះថ្លឹងថ្លែងឲ្យល្អិតល្អន់ជាមុន និងគិតពីឧត្តមប្រយោជន៍ ឬការប៉ះពាល់ ខូចខាត និងបាត់បង់ ដល់កម្រិតណា លើសិទ្ធិបុគ្គល មុននឹងចុះផ្សាយ ទៅលើបុរសជាប្តី គួរគិតដល់បន្ទុកភាគី របស់ប្រពន្ធ និងកូនផងដែរ។
ចំណែកទីប្រឹក្សាក្រសួងព័ត៌មាន លោក សួស សុភ័ក្រ បានបង្ហាញពីទស្សនៈឲ្យដឹងថាៈ អ្នកសារព័ត៌មាន ក៏គួរយោគយល់នូវ ការសុំចិត្តរបស់អ្នកច្បាប់ ឬសមត្ថកិច្ច ចំពោះសំណុំរឿង ឬករណីដែលក្រុមជំនាញ កំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ ដែលពេលខ្លះ ផ្នែកជំនាញមិនអាចផ្តល់ការបំភ្លឺ ពិស្តារបាន ប៉ុន្តែអ្នកសារព័ត៌មាន ក៏អាចផ្សាយបានត្រឹមព័ត៌មាន ដែលខ្លួនប្រមូល និងទទួលបាន ក៏ជាការប្រសើរ ជៀសវាងមានការភ្ញាក់ផ្អើល សុះសាយជាសាធារណៈ ប៉ះពាល់ ឬនាំដល់ការមិនសម្រេច នូវភាពជោគជ័យ ដល់ការអនុវត្តច្បាប់ តាមនីតិវិធី៕.mara