ដោយៈ ជា សីហៈ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំ បច្ចេកទេស ស្តីពីការគ្រប់គ្រងព័ត៌មាន វិស័យសកម្មភាពមីន ដោយមានការចូលរួម ពីគ្រប់ប្រតិបត្តិករ បោសសម្អាតមីនជាតិ និងអន្តរជាតិ។
នាឱកាសនោះ លោក ព្រំ សុភមង្គល បានមានប្រសាសន៍ថាៈ កិច្ចប្រជុំនេះ គឺជាផ្នែកមួយ នៃដំណើការ នៃការខិតខំ ដើម្បីសម្រេចបាន នូវគោលដៅ កម្ពុជាមួយ ដែលគ្មានមីន ឆ្នាំ២០២៥។ លោកក៏បានស្នើសុំអោយកិច្ចប្រជុំ ចូលរួមរិះរកដំណោះស្រាយ ដោយឈរលើគោលការណ៍រួមគ្នា ដើម្បីឈានទៅសម្រេចបាន តាមផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥។
កិច្ចប្រជុំ មានគោលបំណង បំពេញបន្ថែមទិន្នន័យ ដែលខ្វះខាត ក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ តាមរយៈការផ្ទៀងផ្ទាត់ទិន្នន័យ និងពិភាក្សាការងារ បច្ចេកទេសផ្សេងៗ ជាមួយប្រតិបត្តិករ , ពិភាក្សាទិន្នន័យ BLS ដែលនៅសេសសល់ ក្នុងស្រុកទាំង ៧៣ ដែលមិនទាន់ដាក់ចូល ក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ , តាមដាន និងពិនិត្យលើបញ្ហា ដែលបានព្រមព្រៀងគ្នា កន្លងមក លើផ្នែកបច្ចេកទេស , និង ការធ្វើបច្ចុប្បន្នភាព លើការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងទិន្នន័យ ដូចជា IMSMA core, survey123, Arc collector ៕/V