ដោយ: សរិទ្ធ / ភ្នំពេញ: បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងរោងប្រក់ស័ង្កសី ក្នុងបរិវេណដីឡូត៍នៅតាមបណ្ដោយផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពបុរសឈ្មោះ នៅ សារ៉ន អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិ៣សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជួយលក់បបរម្តាយ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីម៉ោងប្រហែល១០យប់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ គេបានឃើញ ម៉ូតូមួយគ្រឿង បានជិះចូលក្នុងបរិវេណទីតាំងកន្លែងកើតហេតុ ដោយមិនបានចាប់អារម្មណ៍នោះទេ រហូតដល់ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈនេះទើបប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះឃើញសពបុរសម្នាក់ចង.ក សម្លាប់ខ្លួននៅនឹងរោងស្លាប់បាត់ទៅ ហើយដោយបន្សល់ទុកនូវម៉ូតូស៊េរីសង់ឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HR-7036 នៅកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យជាក់ស្ដែង។
សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះមានប្រពន្ធនិងកូន ហើយទើបតែលែងលះគ្នាជាមួយនឹងប្រពន្ធ។ ក្រោយមកជនរងគ្រោះតែងតែផឹកស្រាជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ថ្ងៃមកជួយលក់បបរម្ដាយជាប្រចាំ ហើយជនរងគ្រោះតែងតែនិយាយប្រាប់ម្ដាយថាកូននិងលាម្ដាយជារៀងរហូត តែម្ដាយមិនបានចាប់អារម្មណ៍នឹងពាក្យសំដីរបស់កូនមួយទេ។
រហូតមកដល់ព្រឹកថ្ងៃកើតហេតុទើបមានគេប្រទះឃើញកូនរបស់គាត់ចង .កសម្លាប់ខ្លួននៅខ្ទមក្នុងដីឡូត៍មួយកន្លែងស្លាប់បាត់ហើយដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុតែប៉ុន្នោះ។
ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុ ហើយបានប្រគល់សពជូនសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕