ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អ.ស.បនៅមីយ៉ាន់ម៉ាបានព្រមានពីអនាគតនៃអំពើហិង្សាដ៏ធំខណៈក្រុមបាតុករប្រមូលផ្តុំគ្នាម្តងទៀតកាលពីថ្ងៃពុធដើម្បីតវ៉ានឹងការដណ្តើមអំណាចរបស់យោធា។
អ្នករាយការណ៍ពិសេសរបស់អ.ស.បលោក ថម អាន់ឌ្រូ និយាយថា លោកបានទទួលរបាយការណ៍ស្តីពីទាហានត្រូវបានដឹកទៅកាន់ទីក្រុងយ៉ាងហ្គោនពីតំបន់ដាច់ស្រយាល។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យរបស់លោកនៅទីក្រុងហ្សឺណែវថា “កាលពីមុន ការចល័តកងទ័ពបែបនេះកើតឡើងនៅមុនការសម្លាប់ ការបាត់ខ្លួន និង ការឃុំខ្លួនទ្រង់ទ្រាយធំ។ ខ្ញុំមានការភិតភ័យជាខ្លាំងចំពោះការវិវត្តប្រសព្វគ្នាទាំងពីរគឺការធ្វើបាតុកម្មទ្រង់ទ្រាយធំនិងកាបញ្ជូនកងទ័ព។យើងអាចស្រមៃឃើញយោធាប្រព្រឹត្តបទឧក្រិដ្ឋកាន់តែធំប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ា”។
ការតវ៉ាជាច្រើនទៀតត្រូវបានធ្វើឡើងនៅថ្ងៃពុធនេះនៅពាសពេញប្រទេស ទោះបីអាចមានអំពើហិង្សាពីកងទ័ពនិងប៉ូលិសក៏ដោយ។
លោកគី ថូ អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី បានសរសេរនៅលើទំព័រ Facebook របស់គាត់កាលពីល្ងាចថ្ងៃអង្គារទី១៦កុម្ភៈថា “សូមធ្វើមហាបាតុកម្ម។ សូមបង្ហាញកម្លាំងរបស់យើងប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋប្រហារ ដែលបានបំផ្លាញអនាគតយុវជននិងប្រទេសរបស់យើង”។
កាលពីថ្ងៃចន្ទនៅទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតទី ២ របស់ប្រទេសនេះ កម្លាំងសន្តិសុខបានតម្រង់កាំភ្លើងទៅលើក្រុមបាតុករ ១.០០០ នាក់និងវាយប្រហារពួកគេដោយចម្ពាមនិងដំបង។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ដែរថាប៉ូលិសបាញ់គ្រាប់កាំភ្លើងជ័រទៅលើហ្វូងមនុស្ស ហើយមនុស្សមួយចំនួនបានរងរបួស៕
ការតវ៉ានៅថ្ងៃពុធនេះនៅពាសពេញប្រទេសជាការតវ៉ាប្រឆាំងធំបំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារ