Home ព័ត៌មានសំខាន់ៗ អ្នកស្រុក​ជើង...

អ្នកស្រុក​ជើងព្រៃ លើកគ្នា​ទៅ​តវ៉ា ដល់​ខេត្ត​រឿង​អ្នកស្រុក​បាធាយ បិទផ្លូវ​ទឹក​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ករណី​ពលរដ្ឋ​ស្រុក​ជើងព្រៃ និង​ស្រុក​កងមាស លើកគ្នា​ដល់​សាលាខេត្ត​កំពង់ចាម ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ឱ្យ​អ្នកស្រុក​បាធាយ បើកទឹក កាលពី​ព្រឹក​មិញ លោក​អភិបាលខេត្ត​កំពង់ចាម បញ្ជាក់ថា បាន​ចាត់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរជំនាញ ចុះ​ធ្វើការ​ដោះស្រាយ​ហើយ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​ថា ករណី​ពលរដ្ឋ មកសុំ​អន្តរាគមន៍ ឱ្យជួយ​បើក បង្ហូរទឹក​ចេញពី​ស្ទឹង​ឆ្វេង ដើម្បី​ធ្វើ​ស្រូវប្រដេញទឹក នៅក្នុង​ស្រុក​ជើងព្រៃ​នោះ ខេត្ត​បាន​ចាត់​ឱ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ស្រុក​ពាក់ព័ន្ធ និង​មន្ទីរជំនាញ​ធនធានទឹក ចុះ​ធ្វើការ​ដោះស្រាយ​ហើយ ដោយ​សម្រេច​ឱ្យ​សម្រក​ទឹក​ចុះ កម្រិត ០,៨០ ម៉ែត្រ ដើម្បីឱ្យ​អ្នកមាន​ដីស្រែ ក្នុង​តំបន់​ទំនាប​ផ្នែក​ខាងលើ បាន​ធ្វើស្រែ​ប្រដេញទឹក និង ក៏​មិនឱ្យ​អ្នក​នៅ​ផ្នែក​ខាងក្រោម អស់​ទឹក​ប្រើ​ដែរ​។​

​លោក ផេ​ន សុផល អភិបាលស្រុក​បាធាយ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ក្នុងពេល​កំពុងធ្វើដំណើ​រ ចុះទៅ​កាន់​ឃុំ​ច្បារអំពៅ ដែលជា​កន្លែង មានការ​តវ៉ា​នេះ​ថាៈ បញ្ហា​ប្រជាពលរដ្ឋ នៅ​ស្រុក​ជើងព្រៃ និង​ស្រុក​កងមាស ធ្វើការ​តវ៉ា​ទៅដល់​សាលាខេត្ត នៅថ្ងៃនេះ ( ១៧ កុម្ភៈ ) បានធ្វើការ​ដោះស្រាយ បន្តបន្ទាប់ តាំង​ពីថ្ងៃ​ម្សិលមិញ ធ្វើឱ្យ​ទឹក​ស្រក បាន​មួយ​តឹក ហើយ​និង​ថ្ងៃនេះ ដោះស្រាយ​បន្តទៀត​។​

​លោក​អភិបាលស្រុក បាន​និយាយ​ឱ្យដឹងទៀតថាៈ ទំនប់​កាត់​ស្ទឹង​ឆ្វេង​នេះ មាន​បញ្ហា​កើតឡើង​រាល់​ឆ្នាំ ដោយសារ​ប្រជាពលរដ្ឋ នៅ​ឃុំ​ច្បារអំពៅ បាន​ទប់ទឹក​ទុក ប្រើប្រាស់ និង​ធ្វើ​ស្រូវប្រាំង ធ្វើឱ្យ​ទឹក ក្នុង​ស្ទឹង​ពាក់ព័ន្ធ ជាមួយនឹង​បឹង​ខាងលើ ក្នុងស្រុក​ជើងព្រៃ ស្រក​ចុះ​យឺត មិនទាន់​អាច​សាបព្រោះ​បាន​។ ទឹក​ស្រក​យឺត ដោយសារ​ឆ្នាំនេះ មាន​ភ្លៀង​ចុងរដូវ​ច្រើន និង​មាន​ភ្លៀង​កក់ខែ ច្រើន​ថែម​មកទៀត និង​លូ បញ្ចេញ​ទឹក ទំហំ ០,៨០ ម៉ែត្រ ស្ទះ​ផង​។​

​លោក ផេ​ន សុផល បាន​និយាយ​ឱ្យដឹងទៀតថាៈ ពលរដ្ឋ​ឃុំ​ច្បារអំពៅ ធ្វើ​ស្រូវប្រាំង ពឹង​លើ​ប្រភពទឹក​ស្ទឹង​ឆ្វេង មិនមាន​អាង​ស្តុក​ទឹក សម្រាប់​ផ្គត់ផ្គង់ ដូច​អ្នកស្រុក ជើងព្រៃ​នោះទេ​។ ប្រជាពលរដ្ឋ​ចំនួន ៤ ឃុំ នៅក្នុង​ស្រុក​ជើងព្រៃ មាន​ដីស្រែ នៅក្នុង​តំបន់​ទំនាប ចង់ឱ្យ​មានការ​បើកទឹក ឱ្យអស់ ពី​ក្នុង​ស្ទឹង តែ​អ្នក​ឃុំ​ច្បារអំពៅ ស្រុក​បាធាយ មិន​ចង់​ដូច្នេះ​ទេ គឺ​ចង់​រក្សា​ទឹក​ទុក ឱ្យបាន​ច្រើន សម្រាប់​ផ្គត់ផ្គង់​ដំណាំ​ស្រូវប្រាំង ព្រោះ​គ្មាន​អាងទឹក ក្នុង​តំបន់​ដូច អ្នកស្រុក​ជើងព្រៃ​។ ទោះជា​យ៉ាងណា បញ្ហា​កំពុង​ត្រូវបាន​ដោះស្រាយ បន្ត​ទៀតហើយ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ ប្រមាណ​ជា ២០០ នាក់ មកពី​ឃុំ​ផ្តៅ​ជុំ , សូ​ទិ​ប​, ព្រៃ​ចា​, រាយប៉ាយ ក្នុងស្រុក​ជើងព្រៃ និង កងមាស បាន​លើកគ្នា ឡើងមក​តវ៉ា នៅខាងមុខ​សាលាខេត្ត​កំពង់ចាម រឿង​ទឹក​លិច​ខ្លាំង មិនអាច​ធ្វើស្រែ​ប្រាំង​បាន សូមឱ្យ​អាជ្ញាធរខេត្ត ជួយ​រក​ដំណោះស្រាយ ចំពោះ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ច្បារអំពៅ បិទ​ទឹក​ខាងក្រោម ធ្វើឱ្យ​ទឹក​ពួកគាត់ ខាងលើ លិចលង់​មិនអាច ធ្វើស្រែ​ប្រាំង​បាន​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular