ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចាប់បញ្ជូនមេខ្យល់ម្នាក់ទៀត ទៅតុលាការខេត្ត ។ ឯពលករឆ្លងដែនខុលច្បាប់ ៧ នាក់ បានត្រូវបញ្ជូន ទៅមណ្ឌលចត្តាឡីស័ក កម្រិត ២ វិទ្យាល័យសម្តេចឳ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ យោងបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ បានចុះបង្ក្រាបមេខ្យល់ បានម្នាក់ទៀត ខណៈជនសង្ស័យរូបនោះ បានលួចជូនពលករឆ្លងដែន យកទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ នៅត្រង់ចំណុចភូមិល្បើកស្វាយ ដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ពោលគឺ នគរបាលស្រុកស្វាយចេក បានចុះស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់ ឈ្មោះ ប៉ា សាមិត្រ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែកពលករ ចំនួន ២ នាក់ ដែលជនសង្ស័យ បានបំរុងជូនឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់នោះ គឺៈ ១.ឈ្មោះ នុត សាវណ្ណ អាយុ២៥ឆ្នាំ និង២.ឈ្មោះ វ៉ាន់ថា ស្រីមុំ អាយុ ២៥ ឆ្នាំ ជាប្តីប្រពន្ធនឹងគ្នា។
លោកស្រី ឧត្តមសេនីយ៍ ឌី សុជាតិ បានបន្តថាៈ រីឯកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានជួបប្រទះពលរខ្មែរ ចំនួន ៥ នាក់ទៀត មកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូល បឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក។ នៅពេលសួរនាំ ពួកគេ បានប្រាប់ថា ទៅថៃ ហើយសមត្ថកិច្ច ក៏បានឃាត់ខ្លួនតែម្តង។
មេខ្យល់ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ, រីឯពលករទាំង ៧ នាក់ ត្រូវបានបញ្ជូនទៅ មណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណ៕/V