Home ព័ត៌មានអន្តរជាតិ នាវាចម្បាំង​អ...

នាវាចម្បាំង​អាម៉េរិក​បើក​ជិត​កោះ​អះអាង​ដោយ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​នាវាចម្បាំង​អាម៉េរិក​មួយ​កាលពី​ថ្ងៃ​ពុធ​បាន​បើក​ជិត​បណ្តា​កោះ​អះអាង​ជា​កម្មសិទ្ធិ​ដោយ​ចិន​ប៉េកាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​អ្វីដែល​អាម៉េរិក​អះអាងថា​«​សេរី​​ភាព​នៃ​ប្រតិបត្តិកា​រនា​វា​ចរណ៍ »​។​

នាវា​ពិឃាត​USS Russell​

​វា​ជា​ចំណាត់ការ​ចុងក្រោយ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រជែង​នឹង​ការអះអាង​កម្មសិទ្ធិ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​ដែនទឹក​ប្រជែង​គ្នា​នេះ​។​

​កង​នា​វាទី​៧​របស់​អាម៉េរិក​បាន​និយាយថា នាវា​ពិឃាត​USS Russell​បាន​«​អះអាង​សិទ្ធិ​និង​សេរីភាព​ធ្វើ​នាវាចរណ៍​នៅ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី ស្របតាម​ច្បាប់​អន្តរជាតិ​»​។​

​ចិន​ប៉េកាំង​បាន​អះអាង​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​នេះ​ទាំងមូល តែ​ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់ និង​វៀតណាម ក៏​ធ្វើ​ការអះអាង​កម្មសិទ្ធិ​ត្រួត​ជាមួយ​ចិន​នៅ​ផ្នែក​ខ្លះ​ឬ​ទាំងមូល​ផង​​ដែរ​។​

​ការអះអាង​របស់​ចិន​នៅ​ដែនទឹក​សំបូរ​ប្រភពធនធាន​នេះ បាន​ក្លាយជា​បញ្ហា​ក្តៅគគុក​មួយ​នៃ​ទំនាក់ទំនង​ចិន​-​អាម៉េរិក ។​ប្រទេស​ទាំង​ពីរ​ក៏​មាន​ជម្លោះ​នឹង​គ្នា​អំពី​ពាណិជ្ជកម្ម ប្រភព​ជំងឺ​កូវី​ដ​១៩ បញ្ហា​​ហុងកុង កោះ​តៃវ៉ាន់ និង​ការចោទប្រកាន់​ថា​ចិន​រំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់​មាន​ជនជាតិ​អ៊ីស្លាម​រស់នៅ​ភាគច្រើន ស៊ីន​ជាំ​ង​។​

​ការបើក​កាត់​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​នេះ​កើតឡើង ក្រោយ​ក្រុម​នាវា​ដឹក​យន្តហោះ​អាម៉េរិក​២​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការបើក​កាត់​របស់​នាវា​អាម៉េរិក​មួយទៀត​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​​សែ​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កាន់កាប់​ដោយ​ចិន​នៅក្នុង​ខែ​នេះ​ផងដែរ​។​

​ទង្វើ​ទាំងនេះ​បង្ហាញថា រដ្ឋាភិបាល​របស់​ប្រធានាធិបតី ចូ បៃ​ដិន ទំនងជា​នឹង​មិន​បន្ធូរដៃ​ឡើយ ចំពោះ​អ្វី​ដែល​អាម៉េរិក​អះអាងថា​«​សេរីភាព​នៃ​ប្រតិបត្តិកា​រ​នាវាចរណ៍ »​ដោយ​ប្រជែង​នឹង​ការអះអាង​របស់​​ចិន​បន្ទាប់ពី​ការបង្កើន​សកម្មភាព​នាវាចរណ៍​នៅក្នុង​តំបន់​នេះ​ក្នុង​រដ្ឋការ​ត្រាំ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular