ដោយៈ គ្រញូង / បាត់ដំបងៈ បុរសម្នាក់ បានដើរទាក់នឹងខ្សែរលួស មានចរន្តអគ្គិសនី ដែលគេរាយ សម្រាប់ឆក់សត្វកណ្តុរ បណ្ដាលឲ្យឆក់ស្លាប់ នៅវេលា រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅវាលស្រែ ស្ថិតក្នុងភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាល ស្រុកបវេល បានអោយដឹងថាៈ ករណីនេះ បង្កឡើងដោយជនសង្ស័យ ចំនួន២នាក់ ១. ឈ្មោះ គុណ ឃួន អាយុ ៥៨ ឆ្នាំ (ត្រូវជាឪពុក) និង២. ឈ្មោះ ឃួន ចំណាប់ អាយុ ២៩ ឆ្នាំ (ត្រូវជាកូនប្រុស) ។ ចំណែក បុរសរងគ្រោះ ឈ្មោះ ឡើយ លួយ អាយុ ៣៣ ឆ្នាំ។ ទាំងជនរងគ្រោះ និងជនសង្ស័យ មានលំនៅ នៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ បានសារភាពថាៈ ពួកខ្លួនពិតជាបានរាយខ្សែលួស ដែលមានភ្ជាប់ចរន្តអគ្គិសនី ដើម្បីឆក់សត្វកណ្តុរ នៅចំណុចកើតហេតុ ខាងលើ ពិតប្រាកដមែន តែបែរជាត្រូវជនរងគ្រោះ ដើរឆ្លងកាត់ បណ្តាលអោយឆក់ស្លាប់ទៅវិញ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ចូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្ត តាមនីតិវិធី។ ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕/V.mara