ដោយៈសុផល/ភ្នំពេញៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ដ្រី និងកុមារ បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់។ការអំពាវនាវនេះតាមរយៈសារលិខិតអបអរសាទរទិវាសុខភាពមាតា ទារក និងកុមារថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។
សារលិខិតដដែល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ សូមជួយនិងបន្ដជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា កុមារ និងទារក នៅកម្ពុជា។សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងបង្កើនលទ្ធភាពថ្មីៗបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសា្ថនភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ក្នុងទិវាសុខភាពមាតា ទារក និងកុមារថ្ងៃទី២១ ខែកុម្ភៈនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់អនុសាសន៍ក្នុងការថែទាំសុខភាពម្ដាយ និងកូន ក្នុងបរិបទ”រស់នៅធម្មតា”បែបគន្លងថ្មី៕
សូមអានលិខិត