ដោយៈសុផល/ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសាធារណការនិងដឹកជញ្ជូន ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ បានថ្លែងថា៖ក្នុងឆ្នាំ២០២០នេះ គណៈកម្មការអន្តរក្រសួង បានចុះបញ្ជីលេខពិសេសសម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាល សរុបចំនួន ៤២.៧២៧ ផ្លាក បានទទួល ចំណូលប្រមាណជាង ៣៤ ពាន់លានរៀល ស្មើនឹង ៨,៥៨ លានដុល្លារអាមេរិក (កើនឡើង ៤៥% ធៀបនឹងឆ្នាំ២០១៩)។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងទៀតថាទៀតថា៖ដោយឡែកបន្ទាប់ពីបានដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន គិតចាប់ពីថ្ងៃទី០៧ ខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២០ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន ៣.៧១៩ ផ្លាក និងប្រមូលចំណូលបានចំនួន ៨ លានដុល្លារអាមេរិក។
និយាយរួម សរុបចំណូលពីការលក់លេខពិសេសសម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាលនិងផ្លាកលេខពិសេសផ្ទាល់ខ្លួន ប្រមាណ ១៦ លានដុល្លារអាមេរិក៕