ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ បន្ទាប់ពីមានបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចបានចាប់ខ្លួននាយករងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានប្រើហិង្សាលើស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង។
លោកហាក់ លី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានវ៉ៃស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១។ ការប្រើអំពើហិង្សានេះ បានកើតឡើងដោយសារតែខឹងស្ត្រីបម្រើការនៅក្នុងហាងមិនព្រមទៅដេកជាមួយខ្លួន។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសាន សុខសីហា បានប្រាប់រស្មីកម្ពុជាថា បន្ទាប់ពីមានបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចបាននាំខ្លួនលោកហាក់ លី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកសាកសួរពាក់ព័ន្ធករណីនេះ ហើយកំពុងតែស្ថិតនៅក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីងាយស្រួលក្នុងការអនុវត្តបន្ត។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ និងចាត់ការតាមផ្លូវច្បាប់ចំពោះករណីនាយករងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះថា ” អត់មានការសម្របសម្រួលអីទេ គឺយកច្បាប់កាត់តែម្តង អត់មានរត់ការកើតទេ។ អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព៍ន្ធសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្រាវជ្រាវករណីនេះបន្ទាន់ ធ្វើតាមច្បាប់កុំឲ្យទុកយូរ។
ចំណែកកូនស្ត្រីរងគ្រោះបានសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយរកយុត្តិធម៌រឿងមន្ត្រីនគរបាលប្រើហិង្សាលើម្តាយខ្លួន និងគំរាមបាញ់សម្លាប់ថែមទៀតផង។ មូលហេតុដោយសារខឹងស្រីៗនៅក្នុងហាង ជំនោរមករា មិនព្រមទៅដេកជាមួយ៕