ដោយ: ពៅនិមល/ភ្នំពេញ: យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងរយះពេលមួយឆ្នាំពេញ២០២០ សម្រេចបានក្នុងតម្លៃសរុបជិត ១.៧ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ ១៦ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៩ តម្លៃប្រមាណជាង ២ពាន់លានដុល្លារ។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ឆ្នាំ២០២០ ការនាំចេញរបស់ទៅកាន់ទីផ្សារជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ ខណៈការនាំចូលវិញ ក្នុងទំហំទឹកប្រាក់ជាង ៦៣៧លានដុល្លារ។ ប្រភពដដែលបន្តថា ដោយឡែក នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ២ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនប្រមាណ ១.២ពាន់លានដុល្លារ ហើយការនាំចូលពីជប៉ុនមានប្រមាណជាង ៨០០លានដុល្លារ។ សម្រាប់ទំនិញ ដែលត្រូវបាននាំពីកម្ពុជាទៅជប៉ុនរួមមាន៖ វាយណ្ឌភាព, ស្បែកជើង, ស្បៀងអាហារ និងគ្រឿងអេឡិចត្រូនិកជាដើម។ ចំណែកនាំចូលពីជប៉ុនវិញ មានដូចជា៖រថយន្ត, គ្រឿងសម្អាង, ទំនិញឧស្សហកម្ម, ផលិតផលពេទ្យ, គ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិក។
ពាក់ព័ន្ធទំហំពាណិជ្ជកម្មនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមដំណាច់ ខែមករា ឆ្នាំ២០២១ កម្ពុជាទទួលគម្រោងវិនិយោគថ្មីរបស់ជប៉ុនសរុបចំនួន ១៤៤គម្រោង ដែលមានតម្លៃសរុបប្រមាណ ២.៧៩ពាន់លានដុល្លារ។ ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៦៦គម្រោង បានបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគចំនួន ប្រមាណ ៣៤០លានដុល្លារ៕