អលង្ករណ៍ , អលង្កត , អលង្ការ , អាភរណៈ , អលង្ក្រឹត​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​អលង្ករណ៍​

(​អៈ​លុង់​-​ក​)

នាមសព្ទ​

( បា​. អលង្ករណ​; សំ​. អ​លំ​— ) គ្រឿង​ប្រដាប់​សម្រាប់​តាក់តែងខ្លួន ( មាន​ចិញ្ចៀន​, កង​, ខ្សែដៃ​, ខ្សែ​ខ្លួន ជាដើម )
​ព្រះមហា​ក្សត្រិយ៍​ទ្រង់​តែង​ព្រះអង្គ​ដោយ​អលង្ករណ៍​ដ៏​បវរ​អន័គ្ឃ . . . ( ប្រើពាក្យ អលង្ការ ក៏បាន ) ។​

​អលង្កត​

(​អៈ​លុង់​-​កត់​)

គុណសព្ទ​

( បា​.; សំ​. អ​លំ​ក្ឫ​ត ) ដែល​ធ្វើ​ឲ្យ​សមរម្យ គឺ​ដែល​ប្រដាប់​តាក់តែង​ហើយ​, ដែល​ប្រដាប់​ឲ្យ​ល្អ​, ឲ្យ​សមរម្យ​
​ពួក​ស្ត្រី​ទេពអប្សរ​បវរកញ្ញា​សឹង​ដ៏​មាន​អាត្មា​អលង្កត​វិភូសិត​ស្អិតស្អាង​ដោយ​អលង្ការ​ប្លែកៗ​ពីគ្នា . . . ។ គ្រឿង​អលង្កត គ្រឿង​តែងខ្លួន ។​
​ខ្មែរ​ប្រើ​ជា ន​. ក៏មាន “​គ្រឿង​ប្រដាប់​សម្រាប់​តាក់តែងខ្លួន​” ( ប្រើ​ជា​ជំនួស អលង្ករណ៍​, អលង្ការ​; ព​. កា​. ប្រើ​ជា អលង្ក្រឹត ក៏បាន ) ។​

​អលង្ការ​

(​អៈ​លុង់​-​កា​)

​នាមសព្ទ​

( បា​.; សំ​. អ​លំ​— ) ដូចគ្នា​នឹង អលង្ករណ៍ ដែរ ។ វចនាលង្ការ ( មើល​ក្នុង​ពាក្យ វចន ឬ វចនៈ ) ។​

​អាភរណៈ​

(—​ភៈ​រៈណៈ​)

នាមសព្ទ​

(​សំ​. បា​. អាភរណ​) គ្រឿង​ប្រដាប់​កាយ​, អលង្ករណ៍​, អលង្ការ​
​ស្អិតស្អាង​រាងកាយ​ដោយ​អាភរណៈ​ដ៏​រុងរឿង ។​
​ខ្មែរ​ប្រើ​តាម​សម័យនិយម​ហៅ​គ្រឿង​ឥស្សរិយយស​ឬ​គ្រឿង​តម្កើង​កិត្តិយស (​មេដាយ​) ថា អាភរណៈ ដែរ​
​អាភរណៈអស្សឫទ្ធិ​, អាភរណៈសេនា​; មុនី​សារា​ភរ​ណៈ ឬ មុនី​សារា​ភរ​ណ៍ ។ (​ព​. កា​. )
​អម្ពរ​ស្អាតស្អំ មាន​អាភរណ៍​ផ្សំ ថែម​ផង​រូប​ប្រាណ សម​នឹង​យសស័ក្តិ អន័គ្ឃ​ថ្កើ​ន​ថ្កាន អ្នកផង​រាប់អាន បាន​ពេញ​មុខមាត់

​អលង្ក្រឹត​

(​អៈ​លុង់​-​ក្រិត​)

ពាក្យ​ប្រើ​ក្លាយ​មកពី សំ​. អ​លំ​ក្ឫ​ត​; ំ > ង​, ឫ > រឹ = អលង្ក្រឹត ( ដូចគ្នា​នឹង អលង្កត ដែរ ); ព​. កា​. ថា​
​ពួក​ទេពនិករ​អមរ​មេឃ​រែង​ត្រេក​សប្បាយ​កាយ​វិចិត្រ រូបរាង​ឆើតឆាយ​អលង្ក្រឹត ឥតមាន​ធ្វើស្រែ​ចម្ការ​ឡើយ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular