ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានអំពាវនាវឲ្យនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាន នៅប្រទេសវៀតណាម មានការប្រុងប្រយ័ត្ន ចំពោះការឡើងខ្ពស់ នៃសន្ទស្សន៍កាំរស្មី វិទ្យុសកម្មយូវី ដែលនឹងឡើងដល់កម្រិត ហានិភ័យខ្ពស់ ហេតុដូច្នេះ ត្រូវការពារ ដោយត្រូវស្លៀកសម្លៀកបំពាក់ ការពារកំដៅ បាំងមុខ ក ត្រចៀក និងពាក់វ៉ែនតា ការពារពន្លឺព្រះ អាទិត្យ លាបឡេការពារស្បែក នៅពេលចេញក្រៅ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
ស្ថានឯកអគ្គរាជទូតកម្ពុជា បានឲ្យដឹងថាៈ យោងកាសែត Vietnam News ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម សូមជម្រាបជូន និស្សិត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាន ក្នុងប្រទេសវៀតណាម ពិសេសនៅទីក្រុង ហូជីមិញ និងខេត្តភាគខាងត្បូងមួយចំនួន មេត្តាជ្រាបថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃសុក្រ ចុងសប្តាហ៍ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី នឹងឡើងដល់កម្រិត ហានិភ័យខ្ពស់ គឺពី ១០ ឡើងទៅ នៅទីក្រុងហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau ។ នៅខេត្ត Thua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះ នឹងឡើងដល់កម្រិត ហានិភ័យខ្ពស់ គឺ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើន មាននៅចន្លោះ ម៉ោង ១១ ព្រឹក ដល់ ១ រសៀល។
ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថាៈ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ពី ៨ ទៅ ១០ មានន័យថា ជាកំរិតកាំរស្មីយូវីខ្លាំង អាចឆ្លងកាត់ពពក វ៉ែនតា និងធ្វើឱ្យរលាក ក្នុងរយៈពេល ២៥ នាទី។ សន្ទស្សន៍ចាប់ពី ១១ ឡើងទៅ ជាកាំរិតកាំរស្មីយូវី ខ្លាំងណាស់ អាចបង្កឱ្យខូចខាតស្បែក និងភ្នែក ក្នុងរយៈពេល ១៥ នាទី បើប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ។
ស្ថានឯកអគ្គរាជទូតកម្ពុជា សូមឲ្យនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជា កំពុងមានវត្តមាន នៅប្រទេសវៀតណាម ពិសេសនៅតាមខេត្ត និងក្រុង ដូចមានរាយឈ្មោះ ខាងលើ សូមមានការប្រុងប្រយ័ត្ន ការពារ ដោយត្រូវស្លៀក សម្លៀកបំពាក់ ការពារកំដៅ, បាំងមុខ, ក, ត្រចៀក និងពាក់វ៉ែនតា ការពារពន្លឺព្រះ អាទិត្យ លាបឡេការពារស្បែក នៅពេលចេញក្រៅ ទោះបីពេលមានពពក និងត្រូវទទួលទានទឹក ឲ្យបានច្រើន និងមានវីតាមីន C បំប៉នបន្ថែមឲ្យគ្រប់គ្រាន់ និងមេត្តាបន្តយកចិត្តទុកដាក់ ការពារសុខភាព ឲ្យបានហ្មត់ចត់ ជៀសវាងការឆ្លងកូវីដ – ១៩។ ក្នុងករណីបន្ទាន់ សូមទំនាក់ទំនង ផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២ ៕/V