ប្រែសម្រួលៈវាសនា/ម៉ិកស៊ីកូ ស៊ីធី៖ ប្រទេសម៉ិកស៊ិចកាលពីថ្ងៃពុធ បានធ្វើការសុំអង្វរនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអោយប្រទេសអ្នកមានឈប់ប្រមូលទុកវ៉ាក់សាំងកូវីដ១៩នៅពេលប្រទេសក្រីក្រជាងស្ថិតនៅពីក្រោយក្នុងការប្រណាំងប្រជែងគ្នាមួយដើម្បីទទួលបានវ៉ាក់សាំងសំរាប់ពលរដ្ឋរបស់គេ។
បើតាមរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិចលោក ម៉ាសេឡូ អេប្រាត ៣ភាគ៤នៃការចាក់វ៉ាក់សាំងដំបូងៗមានតែនៅក្នុងប្រទេសចំនួន១០ដែលមានផលិតផលសរុបក្នុងស្រុកសកល(GDP)៦០ភាគរយ នៅពេលប្រទេសជាង១០០ទៀតមិនទាន់ចាក់វ៉ាក់សាំងមួយម្ជុលសោះ។
លោក ម៉ាសេឡូ អេប្រាត បាននិយាយនៅចំពោះមុខអង្គប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា«យើងទទូចអោយប្រទេសអ្នកមានឈប់គរទុកវ៉ាក់សាំងនិងបង្កើនល្បឿនការប្រគល់វ៉ាក់សាំងក្នុងកម្មវិធីCOVAX នៅដំណាក់កាលដំបូង ដើម្បីផ្តល់អាទិភាពដល់ប្រទេសមានទ្រព្យធនតិចជាង»។
លោក អេប្រាត បាននិយាយថា តាំងពីមុនមកមិនមានវ៉ាក់សាំងត្រូវបានចែកចាយនៅក្រោមគំរោងផែនការនេះនៅឡើយទេ។សរុបប្រទេស១៩០ចូលរួមក្នុងគំរោងCOVAXដើម្បីទទួលបានវ៉ាក់សាំងស្មើភាព ដូច្នេះ«វាចាំបាច់ត្រូវធ្វើសកម្មភាព ទប់ស្កាត់ភាពអយុត្តិធម៌នេះ ពីព្រោះសន្តិសុខរបស់មនុស្សលោកទាំងអស់អាស្រ័យលើវា»។
តាមពិតម៉ិកស៊ិចបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឳសថអន្តរជាតិជាច្រើន ដើម្បីទិញវ៉ាក់សាំងរាប់លានដូសសំរាប់ប្រជាជន១២៦លាននាក់របស់ខ្លួន ចំពេលពិភពលោកជួបការពន្យារពេលប្រគល់និងកង្វះវ៉ាក់សាំង៕
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិចលោក ម៉ាសេឡូ អេប្រាត ក្នុងពេលទទួលវ៉ាក់សាំងកូវីដ១៩មកពីក្រុមហ៊ុនមួយកាលពីថ្ងៃ១៤កុម្ភៈ