Home ព័ត៌មានសំខាន់ៗ ប្រមុខ​សហប្រជ...

ប្រមុខ​សហប្រជាជាតិ អំពាវនាវ​អោយ​មាន​ផែនការ​សកល​ដើម្បី​ការទទួល​បាន​វ៉ាក់សាំង​ដោយ​យុត្តិធម៌​

​ប្រែ​សម្រួលៈ​វាសនា​/​សហប្រជាជាតិ​៖​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស កាលពី​ថ្ងៃ​ពុធ​បាន​រិះគន់​ការ​ចែកចាយ​វ៉ាក់សាំង​កូវី​ដ​១៩«​មិន​ស្មើគ្នា​និង​មិន​យុត្តិធម៌​ជា​ទូទៅ​» ដោយ​លោក​​ថា​ប្រទេស​តែ​១០​បាន​ចាក់​វ៉ាក់សាំង​៧៥​ភាគរយ​នៃ​វ៉ាក់សាំង​ទាំងអស់ដែលចាក់កន្លងមក​និង​ទាមទារ​អោយមាន​កិច្ចខិតខំ​សកល​មួយ​ដើម្បី​ប្រជាជន​ទាំងអស់​នៅ​គ្រប់​ប្រទេស​អាច​ចាក់​វ៉ាក់សាំង​ក្នុងពេល​ឆាប់ៗ​តាម​ដែល​​អាចធ្វើ​បាន​។​

​លោក​បាន​ប្រាប់​កិច្ចប្រជុំ​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រទេស​១៣០​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូស​នៅឡើយ និង​ប្រកាស​ថា «​នៅ​ពេល​ដ៏​សំខាន់​នេះ សមភាព​វ៉ាក់សាំង​គឺ​​ជា​ការ​ធ្វើតេស្តិ៍​សីលធម៌​ធំ​បំផុត​នៅ​ចំពោះមុខ​សហគមន៍​សកលលោក​»​។​

​លោក​ហ្គូ​ទែ​រ៉េស បាន​អំពាវនាវ​អោយ​បង្កើត​ផែនការ​វ៉ាក់សាំង​សកល​បន្ទាន់​មួយ ដើម្បី​នាំ​អ្នកមានអំណាច​មក​រួម​គ្នា​ក្នុង​បំណង​ធានា​ការបែងចែក​វ៉ាក់សាំង​ដោយ​យុត្តិធម៌ នាំ​អ្នក​អ្នកវិទ្យាសាស្ត្រ អ្នក​ផលិត​​វ៉ាក់សាំង​និង​អ្នក​ដែល​អាច​ផ្តល់​មូលនិធិ​ដល់​ការងារ​នេះ​។​

​លោក​បាន​អំពាវនាវ​អោយ​មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ក្នុង​លោក​នៅក្នុង​ក្រុម​ប្រទេស​G20​បង្កើត​ក្រុមការងារ​គ្រាអាសន្ន​មួយ​ដើម្បី​បង្កើត​ផែនការ​និង​សម្របសម្រួល​ការអនុវត្ត​វា ហើយ​នឹង​ការផ្តល់​ហិរញ្ញ​ប្ប​​ទាន​។​លោក​ថា ក្រុមការងារ​ដូច្នេះ​គួរ​មាន​សមត្ថភាព​«​ប្រមែប្រមូល​បណ្តា​ក្រុមហ៊ុន​ឳ​សថ​និង​អ្នកដើរតួ​ឧស្សាហកម្ម​និង​ឡូ​ជី​ស្ទិក​សំខាន់ៗ​»​។​

​លោក​អគ្គលេខា បាន​បន្ថែមថា កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស​G20​នៅ​ថ្ងៃ​សុក្រ​ទី​១៩​កុម្ភៈ «​អាចបង្កើត​កម្លាំងចលក​រ​មួយ​សំរាប់​កេណ្ឌ​ប្រមូល​ប្រភព​ហិរញ្ញវត្ថុ​ចាំបាច់​»​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ដែល​ប្រទេស​របស់​លោក​កាន់កាប់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ខែ​នេះ បាន​ទទូច​អោយ​អង្គការ​មាន​ឥទ្ធិពល​បំផុត​របស់​សហប្រជាជាតិ​មួយ​នេះ​អនុម័ត​​សេចក្តីសំរេច​ចិត្ត​មួយ​ដែល​អំពាវនាវ​អោយ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់​មាន​ជម្លោះ​ដើម្បី​អនុញ្ញាត​អោយ​មាន​ការដឹក​ជញ្ជូន​វ៉ាក់សាំង​កូវី​ដ​១៩​ចូល​។​

​អង់គ្លេស​ថា​មនុស្ស​ជាង​១៦០​លាន​នាក់​កំពុង​ប្រឈម​ការ​ផាត់​ចេញ​ពី​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ដោយសារ​ពួកគេ​រស់នៅ​ក្នុង​ប្រទេស​ដែល​ចោមរោម​ដោយ​សង្គ្រាម​ឬ​ជម្លោះ​និង​អស្ថិរភាព ដូច​ជា​យេ​ម៉ែន​ សូ​ម៉ាលី ស៊ី​រី ស៊ូដង់​ខាងត្បូង និង​អេត្យូ​ពី​។​

​រដ្ឋមន្ត្រី​G20១៣​រូប​រួម​មាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ត្រូវ​ជួ​ប្រជុំ​ដើម្បី​ដោះស្រាយ​រឿង​ការធ្វើអោយ​ប្រសើរ​ការទទួលបាន​វ៉ាក់សាំង​កូវី​ដ​១៩​។​

​សូមបញ្ជាក់​ថា កូវី​ដ​១៩​បាន​ចម្លង​មនុស្ស​ជាង​១០៩​លាន​នាក់​និង​សម្លាប់​មនុស្ស​យ៉ាងតិច​២,៤​លាន​នាក់​នៅលើ​ពិភពលោក​។​តែ​ប្រទេស​ជាច្រើន​នៅ​មិនទាន់​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​នៅឡើយ​ទេ​​នៅ​ពេល​ប្រទេស​អ្នក​មាន​ក៏​កំពុង​ជួប​កង្វះ​វ៉ាក់សាំង​ដោយសារ​ផលិត​អត់​ទាន់​។​

​កម្មវិធី​COVAX​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ទិញ​និង​ចែកចាយ​វា​ទៅ​កាន់​ប្រទេស​ក្រីក្រ​ក្នុង​លោក​ក៏​មិន​បាន​បំពេញ​តាម​ផែនការ​របស់​ខ្លួន​គឺ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ក្រីក្រ​​ចំ​ពេល​ប្រទេស​អ្នក​មាន​ចាក់​វ៉ាក់សាំង​អោយ​ប្រជាជន​របស់​គេ​ផងដែរ​៕

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស និយាយ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ស្តី​ពី​វ៉ាក់សាំង​កូវី​ដ​១៩​កាលពី​ថ្ងៃ​១៧​កុម្ភៈ​។​លោក​​ថា «​នៅ​ពេល​ដ៏​សំខាន់​នេះ សមភាព​វ៉ាក់សាំង​គឺជា​ការ​ធ្វើតេស្តិ៍​សីលធម៌​ធំ​បំផុត​នៅ​ចំពោះមុខ​សហគមន៍​សកលលោក​»

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous article​ម៉ិក​ស៊ិច​កាលពី​ថ្ងៃ​ពុធ បានធ្វើការ​សុំ​អង្វរ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​អោយ​ប្រទេស​អ្នក​មាន​ឈប់​ប្រមូល​ទុក​វ៉ាក់សាំង​កូវី​ដ​១៩​នៅពេល​​ប្រទេស​ក្រីក្រ​ជាង​ស្ថិតនៅ​ពីក្រោយ​ក្នុង​ការ​ប្រណាំងប្រជែង​គ្នា​មួយ​ដើម្បី​ទទួលបាន​វ៉ាក់សាំង​សំរាប់​ពលរដ្ឋ​របស់​គេ​។​
Next article​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស កាលពី​ថ្ងៃ​ពុធ​បាន​រិះគន់​ការ​ចែកចាយ​វ៉ាក់សាំង​កូវី​ដ​១៩«​មិន​ស្មើគ្នា​និង​មិន​យុត្តិធម៌​ជា​ទូទៅ​» ដោយ​លោក​​ថា​ប្រទេស​តែ​១០​បាន​ចាក់​វ៉ាក់សាំង​៧៥​ភាគរយ​នៃ​វ៉ាក់សាំង​ចាក់ទាំងអស់កន្លងមក​និង​ទាមទារ​អោយមាន​កិច្ចខិតខំ​សកល​មួយ​ដើម្បី​ប្រជាជន​ទាំងអស់​នៅ​គ្រប់​ប្រទេស​អាច​ចាក់​វ៉ាក់សាំង​ក្នុងពេល​ឆាប់ៗ​តាម​ដែល​​អាចធ្វើ​បាន​។​
- Advertisment -

Most Popular