Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច ចេ...

សមត្ថកិច្ច ចេញ​រៀបចំ​សណ្តាប់ធ្នាប់ ទ្រង់ទ្រាយ​ធំ នៅ​ផ្សារ​កូនដំរី​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ដែនដី បានចេញ​រៀបចំ​សណ្តាប់ធ្នាប់​ឡើងវិញ ក្នុង​ទ្រង់ទ្រាយ​ធំ មួយលើកទៀត នៅ​ផ្សារ​កូនដំរី ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥៩ ប្រសព្វ​នឹង​ផ្លូវជាតិ​លេខ​៥ នា​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ សៅ សារឿន អធិការនគរបាល ក្រុង​ប៉ោយប៉ែត បានអោយដឹង កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​ថាៈ លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង នៃ​អធិការដ្ឋាន​នគរបាល ក្រុង​ប៉ោយប៉ែត បាន​ត្រូវ​ចាត់តាំង ឱ្យ​ដឹកនាំ​កម្លាំង ចុះ​សហការ​រៀបចំ​សណ្ដាប់ធ្នាប់ ដែល​រញ៉េរញ៉ៃ នៅ​ផ្សារ​កូនដំរី នា​ចំណែក​គន្លង​ផ្លូវ​ទាំ​សងខាង នៃ​ផ្លូវជាតិ​លេខ​៥៩ ប្រសព្វ​នឹង​ផ្លូវជាតិ​លេខ​៥ នា​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដែល​បង្កឡើង​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ក្រៅពីនេះ លោក ឈឿន ប៊ុន​ថា ក៏បានផ្តល់​លេខ​ទូរស័ព្ទ ទំនាក់ទំនង សម្រាប់​តាមដាន​ត្រួតពិនិត្យ ប្រសិទ្ធភាព នៃ​លទ្ធផល​អនុវត្ត​រៀបចំ ដែល​បាន​ប្រសើរឡើង​នេះ ដោយ​សូមឱ្យ​បងប្អូន ចូលរួម​ទាំងអស់គ្នា 0977 780 164 ពោលគឺ បើ​ពលរដ្ឋ ឬ​អាជីវក​រណា នៅ​ផ្គើន ឬ​ប្រព្រឹត្ត​តាំង​លក់ ឬ​បង្ក​បាតុភាព​អនាធិបតេយ្យ នៅ​ទិ​នោះ​ទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់ការ​តាមច្បាប់ ក្នុងនោះ រួមទាំង​បិទ​មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម ឬ​លក់ដូរ​តែម្តង​។​

​សូម​រំលឹកថា ការតាំង​លក់ដូរ លើផ្លូវ​ជាតិ នៅ​ផ្សារ​កូនដំរី​នេះ កើតមាន​ពេញបន្ទុក ចាប់តាំងពី​ផ្លូវជាតិ​លេខ​៥៩ (​កូន​ដំ​រឺ ខេត្តបន្ទាយមានជ័យ -​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​) បាន​ស្ថាបនា​រួច និង​ដាក់ឱ្យ​ប្រើប្រាស់ តាំងពី​ឆ្នាំ​២០១៤ មក​។ ក្នុងនោះ លោក ហ៊ុល សំ​អូន ចៅសង្កាត់​និមិត្ត បច្ចុប្បន្ន ធ្លាប់​អួតអាង​ថាៈ ពេល​លោក ក្លាយជា​ចៅសង្កាត់ ជំនួស​លោក ប៉ាល់ សេដ្ឋា ចៅសង្កាត់​ចាស់ ដែល​កាន់តំណែង ស្ទើរ​ពេញ​មួយជីវិត​នោះ លោក​នឹង​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ផ្សារ​កូនដំរី និង​ទប់ស្កាត់​ការ​បោះចោល​សំរាម ពាសវាល ពាសកាល នៅ​សងខាង​ផ្លូវជាតិ​លេខ​៥៩ ឱ្យ​ស្អាត ។ ប៉ុន្តែ​ជាក់ស្តែង អ្វីៗ កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ពោលគឺ លោក​បាន​ចុះ​ផ្សព្វផ្សាយ ណែនាំ និង​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​ដែរ ប៉ុន្តែ​បានតែ​មួយ​ភ្លែត ក៏​វិល​ទៅ​ដូចដើម​វិញ ដូច​វែក​ចក​។​

​ជាងនេះទៅទៀត ផ្សារ​មេឃ ដែល​ពលរដ្ឋ ពី​ជិត​ឆ្ងាយ ទៅ​តាំង​លក់ទំនិញ ពិសេស​ម្ហូបអាហារ បែប​ធម្មជាតិ ស្រុកស្រែ​ចម្ការ​មួយ​នេះ ជារឿយៗ មាន​លួច​លក់ សត្វព្រៃ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទៀតផង ដ្បិត​សំអាង​លើ​ភ្ញៀវ ជា​អ្នកទិញ ជឿថា ជា​ម្ហូបអាហារ ឬ​ទំនិញ​ធម្មជាតិ គ្មាន​ជាតិគីមី ជាដើម ។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រតិភូ ក្នុង​ដំណើរ​សាកសួរ​សុខទុក្ខ​ពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស បាន​ឆ្លងកាត់​ផ្សារ​កូនដំរី​នោះ ២ លើក ក្នុងពេល ២ ថ្ងៃ​។ ក្នុងនោះ សម្តេច និង​ប្រតិភូ ទាំង​ព្រលឹម​អុរ បាន​ពិសា​គុយទាវ នៅ​ហាង​តូច​មួយ នៅ​ផ្សារ​កូនដំរី​នោះ​ផង ខណៈ​សម្តេច វិលត្រឡប់​ពី​ខេត្ត​ប៉ៃលិន មក​ខេត្តបន្ទាយមានជ័យ​វិញ ដើម្បី​ជួប​សិស្សានុសិស្ស ហើយ​ផ្តល់​អគារសិក្សា និង​សមិទ្ធផល​នានា នៅតាម​សាលារៀន ជាច្រើន​ទៀត​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular